អានតួអត្ថបទ

ប្រមុខការទូតអឺរ៉ុប អំពាវនាវហៅកងទ័ពជើងទឹក​ ឲ្យចាប់ផ្តើមល្បាតនៅច្រកសមុទ្រតៃវ៉ាន់

នៅថ្ងៃអាទិត្យ​​ ប្រមុខការទូតសហភាព​អឺរ៉ុប លោក​ ​ហ្សូសេព បូរែល បាន​អំពាវនាវ​យ៉ាង​ចំហ​ ហៅកងទ័ពជើងទឹក នៃ ​ប្រទេស​សមាជិកសហភាពអឺរ៉ុប ឲ្យចាប់ផ្តើមអន្តរាគមន៍ ឃ្លាំមើល ល្បាត ការពារសន្តិសុខ នៅច្រកសមុទ្រតៃវ៉ាន់។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​នៅ​ក្នុងកាសែត​បារាំង​ចេញផ្សាយ​​ថ្ងៃអាទិត្យ និងស្រប​ពេល​ដែល​ សហភាពអឺរ៉ុប កំពុង​បើក​កិច្ចប្រជុំ​ស្តីពី​ប្រទេស​ចិ​ន​។​

ប្រមុខការទូត សហភាពអឺរ៉ុប ហ្សូសេព បូរែល (Josep Borrell )។
ប្រមុខការទូត សហភាពអឺរ៉ុប ហ្សូសេព បូរែល (Josep Borrell )។ AP - Boris Grdanoski
ផ្សាយពាណិជ្ជកម្ម

«អឺរ៉ុប ត្រូវតែ​មា​នវត្តមាន​នៅច្រកសមុទ្រតៃវ៉ាន់ ដែលជា​​​សំណុំ​រឿង​ដ៏​សំខាន់​​​ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធសាស្ត្រ​ខាងសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​»។ នេះគឺ​សម្តី​របស់​ប្រមុខការទូត សហភាពអឺរ៉ុប ហ្សូសេព បូរែល (Josep Borrell ) នៅក្នុង​កាសែត Le Journal du Dimanche ដោយ​បញ្ជាក់ទៀត​ថា អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ ទើប​រូប​លោក​ អំពាវនាវ​ឲ្យ​ កងទ័ពជើងទឹករដ្ឋសមាជិកសហភាពអឺរ៉ុប ល្បាត​ ឃ្លាំមើល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​នេះ គឺជា​សេរីភាព​នាវា​ចរណ៍​ស្រប​តាម​ច្បាប់​អន្តរជាតិ។

ម្តងហើយ​ម្តងទៀត ប្រមុខការទូតសហភាពអឺរ៉ុប បញ្ជាក់ថា តំបន់ច្រក​សមុទ្រតៃវ៉ាន់ គឺជាផ្នែក​មួយ​នៃ​ដែនយុទ្ធសាស្ត្រដ៏សំខាន់របស់សហភាពអឺរ៉ុប ដើម្បី​សន្តិភាព​ និង​ដើម្បីផលប្រយោជន៍​របស់​អឺរ៉ុប​។ ជាការ​កត់សម្គាល់ សម្តី​អំពាវនាវ​របស់​ប្រមុខការទូតសហភាពអឺរ៉ុប យ៉ាងដូច្នេះ គឺ​ធ្លាក់​មក​ ២ ​សប្តាហ៍​ក្រោយ​ ពី​ប្រសាសន៍​របស់​ប្រធានាធិបតី​បារាំង ដែល​ក្នុង​ពេល​បំពេញ​ទស្សនកិច្ចកិច្ច​នៅប៉េកាំង លោក​ ម៉ាក្រុង ថ្លែង​ថា ក្នុង​សំណុំ​រឿង​តៃវ៉ាន់ អឺរ៉ុប មិន​ត្រូវ​ដើរ​តាម​ចិន​ ឬតាម​អាមេរិក ទេ។​

ដោយ​ឡែក ចំពោះការ​ធ្វើ​នាវាចរណ៍​នៅ​ច្រ​ក​សមុទ្រ​តៃវ៉ាន់ គឺពីរថ្ងៃ​ក្រោយ​លោកម៉ាក្រុង​ទៅចិន នាវាចម្បាំងរបស់​បារាំង បាន​បើក​ពី​វៀតណាម ទៅ កូរ៉េ​ខាង​ត្បូង ដោយ​ឆ្លង​កាត់​ច្រកសមុទ្រតៃវ៉ាន់ ដែល​នេះ ត្រូវ​អគ្គមេបញ្ជាយោធាបារាំង បញ្ជាក់​ថា​ ដំណើរ​ឆ្លង​កាត់​ផ្លូវ​សមុទ្រ​នេះ បាន​ត្រៀម​ទុក​ជាយូរ​មកហើយ និងថា នេះ​ជា​ការ​ធម្មតា​សមស្របតាម​សិទ្ធិសេរីភាព​នាវាចរណ៍​ និង​ស្រប​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​។

ករណី​សំណុំ​រឿង​តៃវ៉ាន់​នេះ បង្កក្តី​បារម្ភ​ជាច្រើន ខណៈ​ពេល​ដែល​ សហរដ្ឋអាមេរិក បង្កើន​សកម្មភាពសមយុទ្ធ​​នៃ​ក្បែរ​កោះតៃវ៉ាន់ ពិសេស​​ការ​បង្កើត​មូលដ្ឋាន​យោធា​បន្ថែម​ទៀត នៅ​ហ្វីលីពីន។ ហ្វីលីពីន ដែល​នៅ​កៀកក្បែរ​កោះតៃវ៉ាន់​ជាង​គេ។ កាលពីថ្ងៃ សុក្រកន្លងទៅនេះ​ រដ្ឋមន្ត្រីការបរទេស​ចិន លោក ជី កង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ពិភាក្សា​ពីសំណុំ​រឿង​សន្តិសុខ​ក្នុង​តំបន់​និង​ពី​ផលប្រយោជន៍​រួម រវាង​ ហ្វីលីពីន និងចិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ