អានតួអត្ថបទ

អាមេរិក-បារាំង៖តៃវ៉ាន់ និងសង្រ្គាមអ៊ុយក្រែនជាប្រធានបទសំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកបៃដិន និងលោកម៉ាក្រុង

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជួប​ជជែក​គ្នា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មេសា។ ក្រៅ​ពី​ប្រធានបទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​អាមេរិក និង​បារាំង លោក​បៃដិន និង​លោក​ម៉ាក្រុង​បាន​និយាយ​ពី​សង្រ្គាម​អ៊ុយក្រែន និង​រឿង​តៃវ៉ាន់។ រឿង​តៃវ៉ាន់​នេះ​ហាក់​កំពុង​ក្លាយ​ជា​រឿង​ដែល​មាន​ភាព​ខ្វែង​គំនិត​គ្នា​បន្តិច​រវាង​បារាំង និង​អាមេរិក​នៅ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​នៅ​ចិន។ គួរ​បញ្ជាក់​ថា លោក​បៃដិន និង​លោក​ម៉ាក្រុង​ធ្លាប់​បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​ម្តង​នៅ​មុន​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​នៅ​ចិន។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន (រូបស្តាំ) និង​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន (រូបស្តាំ) និង​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​បៃដិន និង​លោក​ម៉ាក្រុង សេតវិមាន និង​វិមាន​អេលីហ្សេ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រៀង​ខ្លួន។ សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន​បាន​លើក​ឡើង​ដោយ​ខ្លី​ថា មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ពី​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​របស់​លោក​ម៉ាក្រុង​នៅ​ចិន និង​ពី​កិច្ចប្រឹងប្រែង​ក្នុង​ការ​បន្ត​លើក​កម្ពស់​វិបុលភាព សន្តិសុខ តម្លៃរួម និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយផ្អែក​លើ​នីតិរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ រឿង​សង្រ្គាម​អ៊ុយក្រែន​ត្រូវ​បាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន​បញ្ជាក់​ថា លោក​បៃដិន និង​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្រ​អ៊ុយក្រែន​ដោយ​គ្មាន​ដក​ដៃ​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិមាន​អេលីហ្សេ​ដែល​មាន​ភាព​លំអិត និង​វែង​ជាង​បាន​បញ្ជាក់​ថា លោក​បៃដិន និង​លោក​ម៉ាក្រុង​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​ការ​បន្ត​ដាក់​បញ្ចូល​ចិន​ឲ្យ​ចូលរួម​ស្វែង​រក​ដំណោះស្រាយ​បិទ​បញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែន។ បារាំង​យល់​ថា ចិន​មាន​តួនាទី​ដែល​ត្រូវ​បំពេញ​ដោយសារ​តែ​ចិន​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។ ទាក់ទង​នឹង​រឿង​តៃវ៉ាន់​ត្រូវ​បាន​វិមាន​អេលីហ្សេ​អះអាង​ថា លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ជាមួយ​លោក​បៃដិន​ពី​ឆន្ទៈ​ដែល​ចង់​ឃើញ​អឺរ៉ុបបន្ត​ពង្រឹង​ខ្លួន​ឯង​ដើម្បី​ធានា​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​ចែក​រំលែក​សន្តិសុខអាត្លង់ទិក។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​របស់​លោក​ម៉ាក្រុង​នៅ​ចិន លោក​ម៉ាក្រុង​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​មិន​យល់​ចំពោះ​អាមេរិក និង​ចិន​ដោយ​បាន​លើក​ឡើង​ថា អឺរ៉ុប​មិន​គួរ​មាន​ជំហរ និង​ដើរ​តាម​ផ្លូវ​របស់​អាមេរិក និង​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ទេ។ អ្វី​ដែល​លោក​ម៉ាក្រុង​ចង់​មាន​ន័យ​នេះ​គឺ​ថា អឺរ៉ុប​ត្រូវ​មាន​ជំហរ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​វិបត្តិ​ក្នុង​លោក និយាយ​ជា​រួម និង​បញ្ហា​តៃវ៉ាន់ និយាយ​ដោយឡែក។ បញ្ហា​តៃវ៉ាន់​ដែល​ប្រមុខ​ការទូត​ចិន​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី២១ មេសា​ថា ចិន​នឹង​មិន​ធ្វើ​សមទាន​ណា​មួយ​ដាច់​ខាត និង​បាន​ចាត់​ទុក​ការ​រិះគន់ លូកដៃ​របស់​បស្ចិមលោក​ថា​ជា​រឿង​មិន​ទំនង​ដែល​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ