អានតួអត្ថបទ

ចិនបានផ្ទុះកំហឹងប្រឆាំងអាមេរិកដែលបានបញ្ជូននាវាចម្បាំង USS Milius ទៅកាន់ច្រកសមុទ្រតៃវ៉ាន់

នៅ​ថ្ងៃ​អាទិត្យ ទី១៦ មេសា កងទ័ព​អាមេរិក​បាន​បញ្ជាក់​ពី​ដំណើរ​ឆ្លង​កាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​ឈ្មោះ USS Milius។ ចំណែក​ចិន​ដែល​បាន​ចាត់​ទុក​ច្រកសមុទ្រ​តៃវ៉ាន់​ជា​ដែនទឹក​របស់​ខ្លួន​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ មេសា​ថា ខ្លួន​បាន​តាម​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​ពី​ដំណើរ​ឆ្លង​កាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​អាមេរិក​មួយ​នេះ។ នៅ​តៃវ៉ាន់​ឯណោះ​វិញ ក្រសួង​ការពារជាតិ​បាន​អះអាង​ពី​ស្ថានភាព​ធម្មតា​នៅ​លើ​អាកាស និង​នៅ​ក្នុង​សមុទ្រ​ជុំវិញ​តៃវ៉ាន់​នា​ពេល​ដំណើរ​ឆ្លងកាត់​របស់ USS Milius។

ចិនបានផ្ទុះកំហឹងប្រឆាំងអាមេរិកដែលបានបញ្ជូននាវាចម្បាំង USS Milius ទៅកាន់ច្រកសមុទ្រតៃវ៉ាន់។
ចិនបានផ្ទុះកំហឹងប្រឆាំងអាមេរិកដែលបានបញ្ជូននាវាចម្បាំង USS Milius ទៅកាន់ច្រកសមុទ្រតៃវ៉ាន់។ AP
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​កងទ័ព​អាមេរិក​បាន​ប្រាប់​ពី​ដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង USS Milius។ តែ​អ្វី​ដែល​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ចង់​សង្កត់​ធ្ងន់ ការ​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់ USS Milius ជា​ទម្លាប់​ដូច​សព្វ​មួយ​ដង និង​ថា កងទ័ព​អាមេរិក​មាន​សិទ្ធិ​ហោះហើរ​នៅ​លើ​អាកាស មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​សមុទ្រ និង​មាន​សិទ្ធិ​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់ទីកន្លែង​ទាំង​អស់​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ។ តែ​ចិន​ដែល​បាន​ទាមទារ និង​បាន​ចាត់​ទុក​ច្រកសមុទ្រតៃវ៉ាន់​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន​មិន​បាន​យល់​ឃើញ​ដូច​អាមេរិក​ឯ​ណា។

ក្រៅ​ពី​បាន​បញ្ជាក់​ពី​ការ​តាម​ឃ្លាំមើល​ដំណើរ​ឆ្លង​កាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​អាមេរិក USS Milius អ្នកនាំពាក្យ​កងទ័ព​ចិន​លោក​ឈី យី​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ មេសា​នេះ​ថា ទ័ព​ចិន​នៅ​ក្នុង​តំបន់​បន្ត​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់ និង​ប្តេជ្ញា​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព និង​សន្តិសុខជាតិ រួម​ទាំង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ប្រតិកម្ម​ក៏​មាន​ពី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​ដោយ​ធានា​ថា ស្ថានភាព​នៅ​លើ​អាកាស និង​នៅ​ក្នុង​សមុទ្រ​មាន​ភាព​ធម្មតា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នា​ពេល​ដំណើរ​ឆ្លង​កាត់​ច្រកសមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​អាមេរិក USS Milius

គួរ​បញ្ជាក់​ថា​កាល​ពី​សប្តាហ៍​កន្លង​ទៅ នាវាចម្បាំង​អាមេរិក USS Milius ដូច​គ្នា​នេះ​បាន​ធ្វើ​ដំណើរ​ចូល​ក្បែរ​ទីប្រជុំកោះ Spratleys ក្នុង​សមុទ្រ​ចិន​​ខាង​ត្បូង​ដែល​ចិន​បាន​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន។ កាល​ណោះ ក្រុង​ប៉េកាំង​បាន​ចេញ​មុខ​បរិហារ​អាមេរិក​ដោយ​ចាត់​ទុក​ជា​ទង្វើ​បំពាន​ខុស​ច្បាប់។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​នាវាចម្បាំងអាមេរិក USS Milius នៅ​ច្រកសមុទ្រ​តៃវ៉ាន់​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​កងទ័ព​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រយៈពេល ៣ថ្ងៃ​នៅ​ជុំ​វិញ​តៃវ៉ាន់។ មូលហេតុ​ដែល​បាន​ជំរុញ​ចិន​ឲ្យ​ធ្វើ​សមយុទ្ធ​នេះ គឺ​ក្រោយ​ពី​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ចូល​ជួប​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ