អានតួអត្ថបទ
ចិន-តៃវ៉ាន់

អ្នកបោះពុម្ព​សៀវភៅ​តៃវ៉ាន់ ជាប់​អង្កេត​ពី​បទ​បង្ក “គ្រោះថ្នាក់ដល់​សន្តិសុខ​ជាតិចិន”

ចាប់​​ខ្លួនដោយ​សម្ងាត់​​​នៅក្រុង​សៀងហៃ អ្នក​បោះពុម្ព​សៀវភៅ​ជាតិ​តៃវ៉ាន់ លីយ៉ានហេ (Li Yanhe) ​ត្រូវ​​ជាប់​អង្កេត​ ​​ពី​បទសង្ស័យ​ “បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ចិន”។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ចិន នៅ​ព្រឹក​ថ្ងៃពុធ​ទី ២៦​មេសា​២០២៣។ ដំណឹង​នេះ​ធ្លាក់​មក តែមួយ​ថ្ងៃ​​ក្រោយ​ពីតុលាការ​​ចិន​ទើប​ធ្វើការ​​ចោទប្រកាន់​ជា​ផ្លូវការ​អ្នក​នយោបាយ​តៃវ៉ាន់​ម្នាក់​ពី​បទ​ផ្តាច់​ខ្លួន​និយម។

អ្នកបោះពុម្ព​សៀវភៅ​តៃវ៉ាន់ ជាប់​អង្កេត​ពី​បទ​បង្ក “គ្រោះថ្នាក់ដល់​សន្តិសុខ​ជាតិចិន”
អ្នកបោះពុម្ព​សៀវភៅ​តៃវ៉ាន់ ជាប់​អង្កេត​ពី​បទ​បង្ក “គ្រោះថ្នាក់ដល់​សន្តិសុខ​ជាតិចិន” AFP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​និង​អ្នក​សារព័ត៌មាន​តៃវ៉ាន់​បានស្រែក តាំងពីដើម​ខែថា ​​​លោក​ លី​ យ៉ានហេ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន យ៉ាង​សម្ងាត់ នៅពេល​លោក​ធ្វើ​ដំណើរទៅ​សួរ​សុខទុក្ខ​គ្រួសារ​នៅក្រុង​សៀងហៃ​។ ​កាលពី​សប្តាហ៍​មុន ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​ចិន​ដីគោក​ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​​របស់​តៃវ៉ាន់ បាន​ធានា​រ៉ាប់រង​និង​ប្រាប់​គ្រួសារ​ថា លោក លី មាន​សុវត្ថិភាព​ទេ​។

នៅថ្ងៃ​នេះ​ អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ប្រចាំក្រុង​ប៉េកាំង ​បាន​ចេញ​មុខ ប្រកាស​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន តែម្តង​ថា​ លោក លី យ៉ានហេ ដែល​ជា​ប្រធាន​រោងបោះពុម្ពGusa ស្ថិត​ក្រោម​ការ​​អង្កេត​របស់​ស្ថាប័ន​សន្តិសុខ​ជាតិ​ ពី​បទ​សង្ស័យ​ធ្វើ​សកម្មភាព​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ចិន។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​បាន​ទទួលការ​ការពារ​និង​សិទ្ធិជា​មូលដ្ឋាន ស្រប​តាម​ច្បាប់​របស់​ចិន។ ច្បាប់ចិន ស្តី​ពី​​សន្តិសុខ ចែង​ហាម​ឃាត់ ដោយ​ប្រើ​ពាក្យបែប​ទូទៅ​​ខ្លាំង​ណាស់ រាប់​​បញ្ចូល​ទាំង សកម្មភាព​ផ្តាច់​ខ្លួន និង​វិទ្ធង្សនា​ផង។

សូម​បញ្ជាក់​ថា រោងពុម្ព Gusa របស់​លោក​លី មាន​បោះផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​ និង​សៀវភៅ​រិះគន់​នយោបាយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ព្រមទាំង​សៀវភៅ​និយាយ​អំពី​ការ​គាប​សង្កត់​លើ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ នៅ​ស៊ីនជាំង ឬ អំពី​ការ​ឃោសនា​មនោគមវិជ្ជា​ចិន​នៅ​អន្តរជាតិ​ផង។

សេចក្តី​ប្រកាស​បើក​អង្កេត​ប្រឆាំង​នឹង​លោក​លី ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ការចោទ​ប្រកាន់​ជា​ផ្លូវការ​លើរូប​អ្នក​នយោបាយ​​​តៃវ៉ាន់ ​​លោក Yang Chig-yuan ដែល​ជាប់​ឃុំ​ឃាំង​ក្នុង​ប្រទេស​ចិន​តាំង​ពីឆ្នាំមុន ពី​បទ​ចង់​​ផ្តាច់​ខ្លួន។ ជា​អនុប្រធាន​គណបក្ស​តូចមួយ ដែលមាន​គោលការណ៍​នយោបាយការពារ​​ឯករាជ្យឱ្យ​​តៃវ៉ាន់ លោក យង ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួនពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Wenzhou ភាគ​ខាង​កើត​ប្រទេស​ចិន កាលពី​​ខែ​សីហាឆ្នាំ​២០២២។ សម្រាប់​ចិន លោក យង បាន​ញុះញង់​ឱ្យ​មាន​ភាព​តាន​តឹង​រវាង​តៃវ៉ាន់​និង​ប៉េកាំង ដោយ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ដើម្បី​ទាមទារ​ឯករាជ្យ​តៃវ៉ាន់។ លោក ក៏​ជា​សកម្មជន​គាំទ្រ​ឯករាជ្យ​ហុងកុង​ទៀត។

ចិន​បាន​ចាប់​ខ្លួនសកម្មជន​តៃវ៉ាន់​ជា​ច្រើននាក់។ ល្បី​ខ្លាំង​ជាង​គេ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​ការ​ចាប់​ខ្លួន​សកម្មជនប្រជាធិបតេយ្យ​ លី មីងឆេ Lee Ming-Che ដែល​ត្រូវ​តុលាការ​ចិន​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​បង្ក​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ទើប​ត្រូវ​បាន​ដោះលែង​កាល​ពី​ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១៥ បណ្ណាគារក្ស​ហុងកុង​៥​នាក់ បាន​បាត់​​ខ្លួន​ដែរ បន្ទាប់​ពី​ចេញ​លក់​សៀវភៅ​រិះគន់​ប៉េកាំង។ ទាំង​៥នាក់ ត្រូវ​ជាប់​ពន្ធនាគារ និងព្រម​​សារភាព​តាម​កញ្ចក់​ទូរទស្សន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ