អានតួអត្ថបទ

ប៉ូលិស​ហ្វីលីពីន ដោះលែងពួកជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែត ជាង ១ ០០០នាក់

នៅប្រទេស​ហ្វីលីពីន ថ្ងៃសៅរ៍​ នគរបាល​​បាន​សម្រេច​ដោះលែង​ពួក​ជនឆបោកតាម​ប្រព័ន្ធ​អ៊ិនធ័រនែត ជាង​ ១ ០០០ នាក់។ ពួក​គេ​ទាំង​នេះ ក៏ជា​ជន​រងគ្រោះ​ដែរ ដែល​ត្រូវ​ឆបោក​កេង​ប្រវញ្ច​ពី​ពួក​ក្រុម​មេគំនិត និងមេខ្សែបណ្តាញ​ជួញដូរ​បោកប្រាស់ ​ប្រមាណជាង​ ១០នាក់ ​​ភាគច្រើន​ជា​ជនជាតិ ​ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី​។ អ្នក​ច្បាប់​ហ្វីលីពីន​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពង្រឹង​វិធាន​ការ​ឲ្យម៉ឺងម៉ាត់​ទប់​ស្កាត់អំពើ​​ជួញ​ដូរ​មនុស្ស​ និង​ការ​​បោកបញ្ឆោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​  ​

នគរបាល​ហ្វីលីពីន ចាប់ឃាត់​ខ្លួន​មនុស្ស នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើ​ស​ជួញ​ដូរ​មនុស្ស​​ដ៏ធំ ពីថ្ងៃព្រហស្បតិ៍​ នៅ ​Mabalacat ចម្ងាយប្រមាណ​​ ៩០ គីឡូម៉ែត្រ​ ប៉ែក​ខាងជើង​ពី​រដ្ឋធានី​ម៉ានីល
នគរបាល​ហ្វីលីពីន ចាប់ឃាត់​ខ្លួន​មនុស្ស នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើ​ស​ជួញ​ដូរ​មនុស្ស​​ដ៏ធំ ពីថ្ងៃព្រហស្បតិ៍​ នៅ ​Mabalacat ចម្ងាយប្រមាណ​​ ៩០ គីឡូម៉ែត្រ​ ប៉ែក​ខាងជើង​ពី​រដ្ឋធានី​ម៉ានីល AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ជន​ឆបោក​តាម​ប្រព័ន្ធ​អ៊ិនធ័រនែត ​ចំនួន​ ១ ០៩០ នាក់ ​ ត្រូវ​នគរបាល​ហ្វីលីពីន ចាប់ឃាត់​ខ្លួន​នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើ​ស​ជួញ​ដូរ​មនុស្ស​​ដ៏ធំ ពីថ្ងៃព្រហស្បតិ៍​ នៅ ​Mabalacat ចម្ងាយប្រមាណ​​ ៩០ គីឡូម៉ែត្រ​ ប៉ែក​ខាងជើង​ពី​រដ្ឋធានី​ម៉ានីល និងត្រូវដោះលែង​វិញ នៅថ្ងៃ​សៅរ៍។​  នេះបើ​តាម​អ្ន​កនាំពាក្យ​នគរបាល​ជាតិ​ហ្វីលីពីន Michelle Sabino និងដែល​ឲ្យ​ដឹង​ទៀត​ថា ភាគច្រើន​នៃ​ពួក​គេទាំង​នោះ គឺជា​ជនជាតិ​ ចិន វៀតណាម និង​ឥណ្ឌូនេស៊ី​។

បើតាម​ប៉ូលិស​ ពួក​ជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែតទាំងនោះ​ ក៏​ជា​ជន​រងគ្រោះ​ដែរ ព្រោះតែត្រូវ​ពួក​មេ​គំនិត​​ បោក​បញ្ឆោត​ឲ្យ​ចូល​ទៅ​ប្រទេស​ហ្វីលីពីន ហើយ​ក៏ត្រូវ​ចាប់បង្ខាំង និង​ត្រូវ​ដកហូត​លិខិត​ឆ្លង​ដែនទុក​ ហើយ​ត្រូវគេ​​បង្ខំ​ឲ្យ​ធ្វើការ​ជាទម្ងន់ រហូត​ដល់​១៨ម៉ោងក្នុង​១ថ្ងៃ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​​ បន្តៗគ្នា​។​ មធ្យោបាយ​សម្រាប់​ឆបោក​បន្តៗគ្នា​នេះ គឺ​ទាក់ទង​តាម​អ៊ិនធ័រនែត និងដោយការ​​សន្យា​ផ្តល់​ការងារធ្វើ មាន​ប្រាក់​ខែ​ច្រើន ឬ​​ សន្យា​រៀបការ​ បង្កើត​គ្រួសារ​ ទិញផ្ទះ​សម្បែង​កសាង​អនាគត​រួម​គ្នា​ ឬក៏ សន្យា​បង្កើតមុខរបរ​រកស៊ី​រួម​គ្នា នៅ​ពេល​មក​ដល់ប្រទេស ​ហ្វីលីពីន​ ជាដើម។

ហើយ​ដើម្បី​សម្រេច​ដំណើរ​ការ​នីមួយៗដូច​ការ​សន្យា ពួក​គេ​ទាំងនោះបាន​លួងលោម​​ល្បួង​​ចិត្ត ឲ្យ​ផ្ញើ​ផ្ទេរ​​លុយ​​​ឲ្យ​ពួក​គេ។ ជន​រងគ្រោះ​ មួយ​ចំនួន​ ឆោត ត្រចៀកស លង់​ជឿ មិនត្រឹម​តែ​ផ្ញើ​លុយកាក់​ទេ តែថែម​ទាំង​រហូត​ដល់​ធ្វើ​ដំណើរ​ទៅ ​ហ្វីលីពីន ហើយ​ត្រូវ​ជាប់​ទន្ទាក់​កាន់តែ​ធ្ងន់ គឺ​ ត្រូវ​ពួក​នេះ បោក​ប្រើ​សព្វគ្រប់ ធ្វើបាបរាងកាយ​ និង​ឃុំខ្លួន​ដូច​អ្នក​ទោស ក្នុង​បន្ទប់​តូចៗ​។

បើតាម​ប៉ូលិសហ្វីពីនដដែល អ្នក​ចាញ់​បោកគេទាំង​​នោះ ក៏មាន​ជនជាតិ​ហ្វីលីពីន​ខ្លួន​ឯង ហើយ​និងមាន ​ជនជាតិ​ ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង​ ភូមា និង​ នេប៉ាល់ ជាដើម។​​ ​ក្រុម​មនុស្ស​គោល​ដៅ​ដែ​លពួក​​គេ​ចង់​​ឆបោកដ៏​សំខាន់​ដែរ គឺ​អ្នក​រស់​នៅ​ ​កាណាដា អាមេរិក និង​ អឺរ៉ុប ។​

ស្នង​ការ​នគរបាលអន្តោប្រវេសន៍​​ហ្វីលីពីន ក៏​បាន​ពញ្ញាក់​ស្មារតី​ចំពោះ​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ នៅក្រៅប្រទេស ដែល​ ក្រុម​ជនខិលខូច​​ឆបោក អាច​​ឆ្លៀត​ឱកាសឆបោក​​បាន ដ្បិត​ថា ​ករណី​ជាក់ស្តែងមាន បេក្ខបុរស​ បេក្ខនារី ត្រូវគេ​​អញ្ជើញទៅ​ប្រកួត​ប្រជែង​សម្រស់​នៅ​ឆាក​អន្តរជាតិ ក៏ប៉ុន្តែ​​បែរ​ជា​ទីបំផុត ត្រូវ​ប៉ូលិស​រកឃើញ​នៅក្នុង​សំណាញ់​របស់​ពួក​ជនល្មើស​ឆបោក​ទៅវិញ។

ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ននេះ​ដែរ​  នគបាល​​​ហ្វីលីពីន បាន​ផ្តាំ​ឲ្យ ក្រុម​កីឡាករហ្វីលីពីន​​ ដែលទៅ​​ចូលរួម​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍​ (​ស៊ីហ្គេម)​​ នៅកម្ពុជា​  ឲ្យ​ចេះ​​ប្រយ័ត្នប្រយែងខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ