អានតួអត្ថបទ

យោធាថៃ ប្តេជ្ញាថានឹងមិនធ្វើរដ្ឋប្រហារនៅក្រោយការបោះឆ្នោត

នៅប្រទេស​ថៃ ​ថ្ងៃសុក្រ ​ឧត្តមសេនីយ៍យោធាថៃ ​ប្រកាស​ប្តេជ្ញាថា​នឹងមិនធ្វើរដ្ឋប្រហារនៅក្រោយការបោះឆ្នោត​។ លោក​ឧត្តមសេនីយ៍ ​ណរង្គផាន់ ជីតកេវថេ ​មានប្រសាសន៍ «មិនគួរ​មាន​រដ្ឋប្រហារ​ទៀត​ទេ។ ចំពោះ​ខ្ញុំ ពាក្យ​នេះ គួរតែត្រូវលុបចោល​ពី​វចនានុក្រម។»​​។ ដំណឹង​នេះ ​ប្រកាសឡើង​​តែ ​២ ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ជាតិ។​​ ពោល​គឺ​នៅថ្ងៃអាទិត្យ​ ទី​១៤ឧសភា ដែល​ ប្រជា​ពលរដ្ឋ​ថៃ ប្រមាណ​ ​៥២លាន​នាក់ ​ត្រូវចេញ​​ទៅបោះឆ្នោត។

ឧត្តមសេនីយ៍  ណរង្គផាន់ ជីតកេវថេ មាន​ប្រសាសន៍ថា «មិនគួរមានរដ្ឋប្រហារទៀតទេ ចំពោះខ្ញុំ ពាក្យនេះ គួរតែត្រូវលុបចោលពីវចនានុក្រម។»
ឧត្តមសេនីយ៍ ណរង្គផាន់ ជីតកេវថេ មាន​ប្រសាសន៍ថា «មិនគួរមានរដ្ឋប្រហារទៀតទេ ចំពោះខ្ញុំ ពាក្យនេះ គួរតែត្រូវលុបចោលពីវចនានុក្រម។» AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​ថ្នាក់ដឹកនាំ​យោធាបែបនេះ បន្ទាប់ពី​​មាន​ក្តីបារម្ភ ​និង​ ក្តីមន្ទិស​សង្ស័យ​ជាទូទៅ ថា ​​ពួក​យោធា​ថៃ ទំនង​ជាអាច​​នឹង​ធ្វើ​រដ្ឋប្រហារទៀត​ ប្រសិន​បើ​ ​គណបក្ស​កាន់អំណាច​ ចាញ់​ឆ្នោតមែននោះ​។ នៅស្រុក​ថៃ ក្តីបារម្ភ​ពីរដ្ឋ​ប្រហារ​យោធា គឺ​ពុំ​មាន​ជារឿង​ចម្លែក​ពេក​ទេ​ ដ្បិត​ថា រយៈ​ពេល​ ៩០ ឆ្នាំ ចុងក្រោ​យនេះ ប្រទេស​ថៃ​បាន​ជួប​រដ្ឋប្រហារ​ ជាញឹកញយ ពោលគឺ​ រដ្ឋប្រហារ​ បាន​សម្រេច ​១២ដង ហើយ ​ចេតនា​បម្រុង​ធ្វើ​រដ្ឋប្រហារ​ ជិត​២០ដង។ រដ្ឋប្រហារ «បានសម្រេច» ​ចុងក្រោយ​បំផុត​ គឺនៅ​ឆ្នាំ ២០១៤ ទម្លាក់​អ្នកស្រី​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ពី​សំណាក់លោក ប្រាយុទ្ធ ចាន់អូចា​​ អតីត​ឧត្តមសេនីយយោធា និង​ជានាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​។

ផលវិបាក​ប៉ះពាល់​ពី​រដ្ឋប្រហារ​ចុងក្រោយ​នេះ គឺធ្វើឲ្យ​បណ្តា​អ្នក​នយោបាយ​ស្និទ្ធ​នឹង​ពួក​យោធា បាន​ដឹង​ខ្លួន​ច្បាស់​ថា ជះឥទ្ធិពល​អវិជ្ជមាន​ច្រើន​សម្បើមណាស់។ ជាក់​ស្តែង ការ​សន្ទង់​មតិ​ចុងក្រោយ ក៏​សឲ្យ​ឃើញដែរ​ថា គណបក្សកាន់អំណាច​ គឺ​គណបក្សផាឡាំងប្រាឆារ៉ាត់ ធ្លាក់​សំឡេង​គាំទ្រ​ ហើយនិង​គណបក្សរួបរួមជាតិថៃ ​របស់​លោក ប្រាយុទ្ធ ចាន់អូចា ក៏​​មិន​សូវ​ជា​មាន​សំឡេង​គាំទ្រ​ច្រើនដែរ​។ ផ្ទុយ​ទៅវិញ ក្រុម​គណបក្ស​ប្រឆាំង ​កំពុងតែ​មាន​សំឡេង​នាំមុខ។​ បក្សប្រឆាំង​ ២ ដែល​ កំពុង​តែ​មាន​សំឡេង​គាំទ្រ​ច្រើន តាម​ការ​សន្ទង់​មតិ នោះគឺ គណបក្ស​ភឿថៃ​ ​ហើយ​បក្ស​ប្រឆាំង​ដ៏លេចធ្លោ​មួយ​ទៀត គឺ «បក្សបោះពួយទៅមុខ» របស់​លោក ពិថា លិមចៈរើនរ៉័ត (ពិធា លីមចម្រើនរតន៍) ដែល​មាន​ប្រជាប្រិយប្រិយភាព​ខ្លាំង​នៅក្នុង​ចំណោម​យុវជន​ថៃ។

គណបក្សភឿថៃ ដឹកនាំ​ដោយ​អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ ​ ជា​កូន​ស្រី​របស់​ អតីត​នាយករដ្ឋមន្ត្រី​​ ថាក់​ស៊ីន ស៊ីណាវ៉ាត់។​ ការ​បោះឆ្នោត​លើកនេះ​ ​បក្សភឿថៃ បញ្ចេញ​គោល​ការណ៍​ទាក់​ចិត្ត​ពលរដ្ឋ​ថៃ​ ជា​ខ្លាំង​។ នោះគឺ​ការ​សន្យា​ដំឡើ​ង​ប្រាក់ខែ​អប្បបរិមា ផ្តល់​សេវាធានា​រ៉ាប់រ៉ង់​សុខភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប កាត់បន្ថយ​តម្លៃ​ធ្វើ​ដំណើរដឹកជញ្ចូន​​ ហើយ​ជំរុញ​កំណើន​ជីវភាព​ប្រជាជនក្រីក្រ​។ ទន្ទឹ​ម​នឹង​នឹង​គ្នានេះ​ ការ​ប្រកាស​វិល​ចូល​ស្រុក​វិញនៅខែកក្កដា ក្រោយ​និរទេសខ្លួន​១៧ឆ្នាំ​ របស់​លោក ថាក់ស៊ីន ក៏​ទំនងជា​កាន់តែ​ជំរុញ​ ឲ្យ​អ្នក​គាំទ្របក្ស​​ភឿថៃ សប្បាយ​ចិត្តកាន់តែខ្លាំង​ ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ