អានតួអត្ថបទ
ឥណ្ឌា-ប៉ាពូអាស៊ីនូវែលហ្គីណេ

លោកណារិន្ទ្រ ម៉ូឌី ទៅ​ប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីពង្រឹងឥទ្ធិពលប្រជែងនឹងចិន

ចប់ពីជំនួប​កំពូលជាមួយ​ក្រុមប្រទេស​ឧស្សាហកម្ម​នាំមុខ G7 លោក​ណារិន្ទ្រ ម៉ូឌី បាន​ធ្វើដំណើរទៅដល់​ប្រទេសប៉ាពូអាស៊ី នូវែល​ហ្គីណេ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ។ ជាមួយ​នឹង​ទស្សនកិច្ចជាលើក​ទី​១ ដែលមានរយៈពេល​២ថ្ងៃនេះ​ លោក​នាយករដ្ឋមន្ត្រីឥណ្ឌា មានបំណងស្វែងរកច្រកផ្លូវ ដើម្បី​ពង្រឹងឥទ្ធិពល​ឥណ្ឌា នៅតាមប្រទេសដែនកោះ​ប៉ាស៊ីហ្វិក ខណៈតំបន់នេះកំពុងស្ថិតនៅក្នុងរង្វង់ឥទ្ធិពល​របស់ចិន​ កាន់តែខ្លាំងឡើងៗ។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី កំពុងដើរត្រួតពល ពេលទៅដល់ព្រលានយន្តហោះ Port Moresby International Airport ថ្ងៃទី​២១ ឧសភា ២០២៣។ លោកនឹងចូលរួម​ក្នុង​ Pacific Islands Cooperation (FIPIC) Summit ថ្ងៃចន្ទ ទី​២២ ឧសភា ២០២៣។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី កំពុងដើរត្រួតពល ពេលទៅដល់ព្រលានយន្តហោះ Port Moresby International Airport ថ្ងៃទី​២១ ឧសភា ២០២៣។ លោកនឹងចូលរួម​ក្នុង​ Pacific Islands Cooperation (FIPIC) Summit ថ្ងៃចន្ទ ទី​២២ ឧសភា ២០២៣។ AFP - ANDREW KUTAN
ផ្សាយពាណិជ្ជកម្ម

តាមធម្មតា ដោយ​យោងតាម​ប្រពៃណី ប្រទេសប៉ាពូអាស៊ីនូវេលហ្គីណេ មិនមានទំលាប់ទទួលភ្ញៀវ​ដែលជាថ្នាក់ដឹកនាំបរទេស នៅក្រោយពេល​​ថ្ងៃលិចនោះឡើយ។ តើលើកនេះ ប៉ាពូអាស៊ីណូវែលហ្គីណេ បាន​ទទួលជាលក្ខណៈពិសេស ដោយលោក​ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានចុះជាន់ដីជាលើកទី១ នៅយប់ថ្ងៃអាទិត្យ​ទី ២១ឧសភា។

ទៅដល់ភ្លាម លោក ណារិន្ទ្រ ម៉ូឌី បានជួបជាមួយ​​លោក James Marape នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ី ។ ហើយនៅថ្ងៃចន្ទទី​២២ឧសភានេះ លោក​ណារិន្ទ្រ ម៉ូឌី នឹងចូលរួមបើកសម្ពោធវេទិកា​លើកទី​៣ ដើម្បីដែនកោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងមានប្រទេសក្នុងតំបន់នេះចូលរួម ចំនួន​១៤ប្រទេស​។

គួរបញ្ជាក់ថា ប៉ាពូអាស៊ីនូវែលហ្គីណេ គឺជាប្រទេសស្ថិតនៅក្នុងចំណោម​លំដាប់លេងរៀងចុងក្រោយ​ ស្តីអំពី​ការអភិវឌ្ឍន៍​ធនធានមនុស្ស ថ្វីបើប្រទេសនេះ គឺជាប្រទេសដ៏ធំជាងគេ ក្នុងចំណោម​ប្រទេសតំបន់ប៉ាស៊ីហ្វិក​។ សម្រាប់ឥណ្ឌា ទំនាក់ទំនង​ជាមួយ​ប្រទេសនេះ មានតម្លៃយុទ្ធសាស្រ្ត​ខ្ពស់ផ្នែកការទូត។

ផ្អែកតាម​លោក Harsh Pant អនុប្រធាន​វិទ្យាស្ថាន​ភូមិសាស្ត្រនយោបាយ ORF ប្រចាំនៅ​ក្រុងញូដេលី គឺបច្ចុប្បន្ននេះ​ ចិន​បាន​ប្រគល់​នូវ​ជំនួយ​ជាច្រើនទៅ​ឲ្យ​ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ ដោយរាប់​ទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកពន្យល់ថា ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ទំនងជាមិនចង់​យកខ្លួន​ទៅ​ពាក់ព័ន្ធជាមួយ​នឹងការ​ប្រជែងឥទ្ធិពលគ្នា រវាងចិននិងឥណ្ឌាពិតមែន ក៏ប៉ុន្តែ ឥណ្ឌាអាចធ្វើ​ខ្លួន​ឲ្យ​ក្លាយជាដៃគូ ដែល​គួរជាទីចាប់អារ្មណ៍របស់ប្រទេសនេះ​។ 

យោងតាមលោក ​Harsh Pant រដ្ឋាភិបាល​ឥណ្ឌា កាន់តែសកម្ម​ខ្លាំងឡើង នៅក្នុងតំបន់​ប៉ាស៊ីហ្វិកខាងត្បូង តាមរយៈការ​ផ្តួចផ្តើមគំនិត​បង្កើតវេទិកាប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅឆ្នាំ២០១៤។ ក្នុងឱកាសវេទិកានេះ ឥណ្ឌានឹងនឹងនិយាយ​អំពីគម្រោងវិនិយោគថ្មី​ៗ ជាពិសេសក្នុងវិស័យ​ថាមពល​បៃតង និងផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​។

ចេញពីប៉ាពូអាស៊ីនូវែលហ្គីណេ លោក​ណារិន្ទ្រ ម៉ូឌី នឹងបន្តដំណើរទៅកាន់​ប្រទេសអូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ