អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​ឃាត់​ខ្លួន​ជនជាតិ​ចិនម្នាក់​ពី​បទ​សង្ស័យ​លួច​ផ្ទេរ​បច្ចេកវិទ្យា​​រសើបៗ

គេ​ធ្លាប់​និយាយ​ច្រើន​អំពី​ការ​ចាប់ខ្លួន​បរទេស​ (អាមេរិក កាណាដា ជប៉ុន) នៅក្នុង​ប្រទេស​ចិន​ក្រោម​លេស​ចារកិច្ច។ តែនៅថ្ងៃព្រហស្បតិ៍​ទី ១៥​មិថុនា ២០២៣ ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​បច្ចេកវិទ្យា​នៅលើ​ពិភពលោក ​ ជប៉ុន​បាន​​ចាប់​ខ្លួន​អ្នក​ស្រាវជ្រាវជាតិ​ចិន​ម្នាក់ ពីបទ​ជាប់​សង្ស័យ​លួ​ច​ផ្ទេរ​បច្ចេកវិទ្យា​រសើបៗ​ទៅ​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យាចិន។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ប៉ូលិស​ជប៉ុន។

ជប៉ុន​ឃាត់​ខ្លួន​ជនជាតិ​ចិនម្នាក់​ពី​បទ​សង្ស័យ​លួច​ផ្ទេរ​បច្ចេកវិទ្យា​​រសើបៗ
ជប៉ុន​ឃាត់​ខ្លួន​ជនជាតិ​ចិនម្នាក់​ពី​បទ​សង្ស័យ​លួច​ផ្ទេរ​បច្ចេកវិទ្យា​​រសើបៗ REUTERS - Kim Kyung Hoon
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៥៩​ឆ្នាំ ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជប៉ុន បុរស​ជនជាតិ​ចិន​ទំនង​ជា​​បាន​រំលោភ​ច្បាប់ ប្រឆាំង​នឹង​​ការ​​ប្រកួត​ប្រជែង​ដោយ​ខុស​ច្បាប់។ ​អ្នក​នាំពាក្យ​ប៉ូលិស​ជប៉ុន​​បាន​អះអាង​ទៀត​ថា នៅ​ឆ្នាំ​២០១៨ ជនសង្ស័យ​ចិន​នេះ ទំនង​ជាបាន​ផ្ទេរ​ព័ត៌មាន​បច្ចេកវិទ្យា​ ទាក់ទង​នឹងការ​ធ្វើ​សំយោគ​ភ្លុយអ័រFluor ទៅ​ឱ្យ​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​មួយ​នៅក្នុង​ប្រទេស​ចិន តាម​រយៈ​​​អ៊ីមែល​អាជីព នៅ​វិទ្យាស្ថានជាតិ​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាទំនើប​។ ប៉ុន្តែ​ប៉ូលិស​ជប៉ុន​មិន​បង្ហាញ​អត្តសញ្ញាណ​ជន​ជាប់សង្ស័យ​រូប​នេះ​ទេ។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ មាន​ជា​អាទិ៍​ជប៉ុន ប្រុងប្រយ័ត្ន​និង​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ទាក់​ទង​នឹង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​​ទៅ​ប្រទេស​ចិន ដែល​ល្បី​ខាង​ចាំ​លួច​ចម្លង។ នៅឆ្នាំ​២០២២ វ៉ាស៊ីនតោន បាន​ថែម​ទាំង​ដាក់​បម្រាម​​មិនឱ្យ​ចិន​អាច​រក​ទិញ​បន្ទះ​ឈីប​​មាន​គុណភាព​ខ្ពស់​​និង​សម្ភារៈ​បរិក្ខារ​សម្រាប់​ផលិត​សឺមីកុងឌុចទ័រ ក្រោម​ហេតុ​ផល​ថា​ខ្លាច​នាំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​ឡើង​ថា​ខ្លួន​មិន​ចង់​ឃើញ​កងកម្លាំង​យោធា​ចិន​និង​ភ្នាក់ងារ​ចារកិច្ច​ចិន អាច​មាន​បច្ចេកវិទ្យា​សម្រាប់​អភិវឌ្ឍន៍​សព្វាវុធ​ទំនើបៗ​ទេ។

សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ដោយ​ផ្ទាល់​ខ្លួន​ឯងហើយ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ជា​សម្ព័ន្ធធ្វើតាម​ដែរ។ រហូត​មក​ទល់​ពេល​នេះ ដោយ​មិន​បញ្ជាក់​ដោយ​ចំៗ​ ការ​ហាម​លក់​ទៅ​ឱ្យ​ចិនប្រទេស​ហូឡង់ និង​ជប៉ុន បាន​ប្រកាស​កំរិត​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈីប ដែរ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​មិន​សប្បាយ​ចិត្ត​ទេ។

ចិន ​ដែល​កំពុង​ចំណាយទុន​​រាប់​ពាន់​លាន​ដុល្លារ ​នា​​រយៈ​ពេល​១០ឆ្នាំ​ចុងក្រោយ​នេះ ​ដើម្បី​អភិវឌ្ឍផលិតកម្ម​​សឺមីកុងឌុចទ័រខ្លួន​ឯង បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប្រឆាំ​ងនឹង​វិធានការ​របស់​អាមេរិក។ នៅ​ឆ្នាំ​២០២១ ចិន​បាន​នាំ​ចូល​សឺមីកុងឌុចទ័រ​ ក្នុង​តម្លៃ​​ច្រើន​ជាង​ការ​ចំណាយ​ទិញ​ប្រេង​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ