អានតួអត្ថបទ

ថៃ៖គណបក្សកាវក្លៃបានបង្ខំចិត្តប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សប្រាឆាឆាត

នៅ​ក្នុង​ប្រទេស​ថៃ គណបក្ស​កាវក្លៃ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់​ដែល​បាន​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​ឧសភា​បាន​បង្ខំ​ចិត្ត​ដក​បេក្ខភាព​ប្រធាន​សភា​ដោយ​បាន​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​ប្រធាន​គណបក្ស​ប្រាឆាឆាត​លោក​វ៉ាន់ មូហាម៉ាត់ ណរម៉ៈថា។ សម្បទាន​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ចរចា​រវាង​គណបក្ស​កាវក្លៃ និង​គណបក្ស​ភឿថៃ​ដែល​បាន​ឈ្នះ​ឆ្នោត​លំដាប់​ទី២។ មួយ​វិញ​ទៀត ការ​សម្រេច​របស់​គណបក្ស​កាវក្លៃ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​សភា​ថ្មី​បើក​សម័យប្រជុំ​លើក​ទី១ ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដា​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​មហា វជិរ៉ាឡុងកន។

សភា​ថ្មី​របស់​ថៃ​បាន​បើក​សម័យប្រជុំ​លើក​ទី១ ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដា​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​មហា វជិរ៉ាឡុងកន។
សភា​ថ្មី​របស់​ថៃ​បាន​បើក​សម័យប្រជុំ​លើក​ទី១ ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដា​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​មហា វជិរ៉ាឡុងកន។ via REUTERS - THAI PARLIAMENT
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ការ​បើក​សម័យប្រជុំ​សភា​ថ្មី​លើកទី១ ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ សមាជិក​សភា​ថ្មី​បាន​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​លើក​ទី១ នា​ព្រឹក​ថ្ងៃ​អង្គារ ទី៤ កក្កដា។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី១៤ ឧសភា គណបក្ស​កាវក្លៃ​ដែល​ជា​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​ភិថា លីមចៈរើនរ៉ាត់​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​ទទួល​បាន​សំឡេង​នាំ​មុខ និង​បន្ត​ដោយ​គណបក្ស​ភឿថៃ​ដែល​ជា​គណបក្ស​ប្រឆាំង​មួយ​ទៀត​ដឹក​នាំ​ដោយ​អ្នកស្រី​ភែថងថាន ស៊ីណាវ៉ាត់។ គណបក្ស​កាវក្លៃ និង​គណបក្ស​ភឿថៃ​បាន​ចាប់​ដៃ​ជាមួយ​គណបក្ស​ចំនួន ៦ ទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

តែ​មុន​នឹង​ឈាន​ដល់​គោលដៅ​មួយ​នេះ គណបក្ស​ឈ្នះឆ្នោត​នាំ​មុខ​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ច្រើន​ដង​ដើម្បី​និយាយ​ពី​សមាសភាព​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ក៏​ដូច​ជា​តំណែង​ប្រធាន​សភា។ រហូត​ដល់​នាទី​ចុង​ក្រោយ គណបក្ស​ភឿថៃ​បាន​បដិសេធ​មិន​គាំទ្រ​បេក្ខភាព​ប្រធាន​សភា​របស់​គណបក្ស​កាវក្លៃ​ទេ។ តែ​ស្រាប់​នៅ​យប់​ថ្ងៃ​ចន្ទ ទី៣ កក្កដា កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​ដោយ​គណបក្ស​កាវក្លៃ​សុខចិត្ត​ដក​បេក្ខភាព​ប្រធាន​សភា និង​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​ប្រធាន​គណបក្ស​ប្រាឆាឆាត​លោក​វ៉ាន់ មូហាម៉ាត់ ណរម៉ៈថា។ « ខ្ញុំ​នឹង​ធ្វើ​ការ​ដោយ​អព្យាក្រឹត »នេះ​ជា​ការ​ធានា​របស់​ប្រធាន​សភា​ថ្មី​លោក​វ៉ាន់ មូហាម៉ាត់ ណរម៉ៈថា​នៅ​ចំពោះ​មុខ​សមាជិក​សភា​ថ្មី។

ចាប់​ពី​ពេល​នេះ​ទៅ ប្រធាន​សភា​ថ្មី​មាន​ក្នុង​ដៃ​នូវ​សៀវភៅ​កត់កិច្ចការ​ប្រចាំ​ថ្ងៃ និង​កាលវិភាគ​សម្រាប់​ការងារ​សភា ពិសេស​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី​នា​ពេល​ខាង​មុខ។ ប្រធាន​គណបក្ស​កាវក្លៃ​លោក​ភិថា លីមចៈរើនរ៉ាត់​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​នាយករដ្ឋមន្រ្តី​ថ្មី។ តែ​ដើម្បី​អាច​ទទួល​បាន​តំណែង​នេះ​បាន លោក​ភិថា​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​បូករួម​គ្នា​ពី​សមាជិក​សភា​ចំនួន ៥០០នាក់ និង​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០នាក់​ដែល​តែងតាំង​ដោយ​កងទ័ព។ ដូច្នេះ​ចំនួន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដែល​លោក​ភិថា​ត្រូវ​រក​ដើម្បី​អាច​ក្លាយ​ជា​នាយករដ្ឋមន្រ្តី គឺ ៣៧៦សំឡេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ