អានតួអត្ថបទ
ថៃ

បោះឆ្នោតថៃ៖គណបក្សប្រឆាំងទទួលបានសំឡេងនាំមុខ និងកំពុងត្រៀមខ្លួនឆ្ពោះទៅបង្កើតរដ្ឋាភិបាលស៊ីវិលចម្រុះ?

នៅ​ក្នុង​ប្រទេស​ថៃ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​អាទិត្យ ទី១៤ ឧសភា​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​សំខាន់​ចំនួន​ពីរ គឺ Move Forward ឬ​ហៅ​ជា​ភាសា​ថៃ កាវក្លៃ និង​ភឿថៃ​ទទួល​បាន​សំឡេង​នាំ​មុខ​គេ​ក្នុង​លំដាប់​ទី១ និង​ទី២។ ចំណែក​គណបក្ស​រួមថៃសាងឆាត​របស់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ធ្លាក់​ដល់​លំដាប់ទី៥។ នៅ​ក្នុង​សន្និសីទកាសែត ប្រធាន​គណបក្ស​កាវក្លៃ លោក​ភិថា លីមចៈរើនរ៉ាត់​បាន​បោះ​ដៃ​រក​គណបក្ស​ភឿថៃ​របស់​អ្នកស្រី​ភែថងថាន ស៊ីណាវ៉ាត់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ចម្រុះ​ដែល​មាន ៦គណបក្ស។

លោក​ភិថា លីមចៈរើនរ៉ាត់​ ប្រធានគណបក្ស Move Forward ឬហៅជាភាសាថៃ កាវក្លៃ។
លោក​ភិថា លីមចៈរើនរ៉ាត់​ ប្រធានគណបក្ស Move Forward ឬហៅជាភាសាថៃ កាវក្លៃ។ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​ចុង​ក្រោយ គណបក្ស Move Forward ឬ​ហៅ​ជា​ភាសា​ថៃ​គណបក្ស​កាវក្លៃ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់​ជា​គណបក្ស​ដែល​ទទួល​បាន​អសនៈ​ច្រើន​ជាង​គេ​រហូត​ដល់ ១៥១អសនៈ​នៅ​ក្នុង​សភា​ដែល​មាន​អសនៈ​សរុប​ចំនួន ៥០០អសនៈ។ គណបក្ស​ដែល​ទទួល​បាន​អសនៈ​ច្រើន​លំដាប់​ទី២ គឺ​គណបក្ស​ភឿថៃ​របស់​អ្នកស្រី​ភែថងថាន ស៊ីណាវ៉ាត់​ដោយ​ទទួល​បាន ១៤១អសនៈ។ ចំណែក​គណបក្សរួមថៃសាងឆាត​របស់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ធ្លាក់​ដល់​លំដាប់ទី៥ ដោយ​ទទួល​បាន​តែ ៣៦អសនៈ។

ដោយ​មិន​បង្អង់​យូរ លោក​ភិថា លីមចៈរើនរ៉ាត់​បាន​បោះ​ដៃ​រក​គណបក្ស​ភឿថៃ​របស់​អ្នកស្រី​ភែថងថាន ស៊ីណាវ៉ាត់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ចម្រុះ​ដែល​មាន ៦គណបក្ស។ ដោយ​មិន​បង្អង់​យូរ អ្នកស្រី​ភែថងថាន ស៊ីណាវ៉ាត់​ដែល​ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាន់ស៊ីន ស៊ីណាវ៉ាត់​បាន​ទទួល​យក​ការ​បោះ​ដៃ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់។ បើ​គេ​បូក​សរុប​ចំនួន​អសនៈ​របស់​គណបក្ស​កាវក្លៃ និង​គណបក្ស​ភឿថៃ គឺ​មាន​ចំនួន ២៩២អសនៈ។ តែ​ដើម្បី​អាច​ទទួល​បាន​កៅអី​នាយករដ្ឋមន្រ្តី​បាន ក្រុម​គណបក្សប្រឆាំង​ត្រូវ​ការ​អសនៈ​សរុប​ចំនួន ៣៧៦អសនៈ​នៅ​ក្នុង​សភា​ដែល​មាន ៥០០អសនៈ។

ហេតុផល​នោះ​គឺ​ថា រូប​នាយករដ្ឋមន្ត្រី​មិនមែន​ត្រូវ​បាន​តែងតាំង​ត្រឹម​សំឡេង​ភាគ​ច្រើន​ពី​សមាជិកសភា​ទាំង ៥០០នាក់​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បូក​បន្ថែម​សំឡេង​ពី​សមាជិកព្រឹទ្ធសភា​ចំនួន ២៥០រូប​ដែល​ជ្រើសតាំង​ដោយ​កងទ័ព​ទៀត។ ដូច្នេះ សំឡេង​ភាគច្រើន​ដែល​ក្រុម​ប្រឆាំង​ត្រូវ​មាន គឺ ៣៧៦សំឡេង ពោល​មិន​មែន ២៥៦សំឡេង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​គណបក្ស​កាវក្លៃ​លោក​ភិថា លីមចៈរើនរ៉ាត់​ហាក់​មិន​ញញើត​ថ្លែង​ថា លោក​ជា​អនាគត​នាយករដ្ឋមន្រ្តី និង​បញ្ជាក់​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ថ្មី​ដែល​លោក​សង្ឃឹម​នាំ​ពន្លឺ និង​ក្តីសង្ឃឹម​ឲ្យ​ប្រជារាស្រ្ត​ដែល​រងទុក្ខលំបាក​យូរ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ