អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

ហ្វ៊ូគូស្ហ៊ីម៉ា៖ នាយកAIEA អះអាងថាផែនការបង្ហូរទឹកកាកសំណល់ចូលសមុទ្រ បាន​​​គោរព​ស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរ

លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នាយកទីភ្នាក់ងារថាមពលនុយក្លែអ៊ែរអន្តរជាតិ (AIEA) កំពុងតែមានវត្តមាននៅប្រទេសជប៉ុន ដើម្បី​ពន្យល់ និងធានាអះអាងប្រាប់សាធារណៈមតិជប៉ុនថា គម្រោងនេះ ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដោយគោរពទៅតាម​ស្តង់ដារសុវត្ថិភាព​អន្តរជាតិ។ លោកអះអាងថា នឹងមិនមានផលប៉ះពាល់អ្វីទាំងអស់ ព្រោះទឹកទាំងនោះ នឹងត្រូវយកទៅបន្សុត បំបែកយកសារធាតុវិទ្យុសកម្មមួយផ្នែកធំ​ ដែលអាចបង្កគ្រោះថ្នាក់​ មុននឹងបង្ហូរចូលបន្តិចម្តងៗទៅក្នុងសមុទ្រ ក្នុងរយៈពេល​​រាប់សិបឆ្នាំឯណោះ។

លោក Rafael Mariano Grossi (ស្តាំ) អគ្គនាយកទីភ្នាក់ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ឈរស្តាប់​លោក​ Tomoaki Kobayakawa ប្រធាន Tokyo Electric Power Co. ពន្យល់អំពីគម្រោងបង្ហូរទឹកកាកសំណល់ចេញពីស្ថានីយ៍​នុយក្លេអ៊ែរ ចោលទៅក្នុងសមុទ្រ​។ ហ្វ៊ូគូស្ហីម៉ា ថ្ងៃទី ៥ កក្កដា ២០២៣
លោក Rafael Mariano Grossi (ស្តាំ) អគ្គនាយកទីភ្នាក់ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ឈរស្តាប់​លោក​ Tomoaki Kobayakawa ប្រធាន Tokyo Electric Power Co. ពន្យល់អំពីគម្រោងបង្ហូរទឹកកាកសំណល់ចេញពីស្ថានីយ៍​នុយក្លេអ៊ែរ ចោលទៅក្នុងសមុទ្រ​។ ហ្វ៊ូគូស្ហីម៉ា ថ្ងៃទី ៥ កក្កដា ២០២៣ AP - Hiro Komae
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ បានយល់ព្រមបើកភ្លើងខៀវលើគម្រោងស្នើឡើងដោយរដ្ឋាភិបាលជប៉ុន ដែលចង់បង្ហូរទឹកកាកសំណល់ ចេញពី​មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅក្នុងសមុទ្រ។ តាមការគ្រោងទុក ទឹកកាកសំណល់យក​ចេញពីរ៉េអាក់ទ័រនុយក្លេអ៊ែរ​ ដែលមានចំនួន​ ជាង​១លាន៣សែនតោននេះ នឹងត្រូវចាប់ផ្តើមបង្ហូរចូលសមុទ្រ នាប៉ុន្មានសប្តាហ៍​នេះ បន្ទាប់ពីត្រូវបាន​បន្សុតសំអាតរួចរាល់។

01:22

សម្រង់សំដីលោក Rafael Grossi នាយក​AIEA ថ្លែងនៅរោងចក្រនុយក្លេអ៊ែរ Fukushima ថ្ងៃទី​៦ កក្កដា ២០២៣

ស្តង់ដារអន្តរជាតិ ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ ត្រូវបាន​កំណត់តាក់តែងឡើង​ ដោយ​ចំពោះ គឺ​ដើម្បី​បញ្ចៀសការប៉ះពាល់​ទាំងអស់ ទៅលើទឹក ទៅលើស្រទាប់ដីក្រោមទឹក​ និង​សត្វត្រី នេះឯង​។​ គម្រោងផែនការ​ដែលយើងបាន​រៀបចំនេះ​ ប្រសិនបើអាចអនុវត្តជាក់ស្តែង ដូចដែលយើងបាន​គិតគូរ គឺមានន័យថា គេនឹងមិនអាចទៅរកឃើញ នូវផលប៉ះពាល់តិចតួចណាមួយនោះទេ​។

ប្រសិនបើ​ផលប៉ះពាល់ណាមួយ ត្រូវបានគេប្រទះឃើញ ក្នុងករណីនេះគឺវាពិតជាការប៉ះពាល់ដ៏តិចតួចបំផុត​ ដែលយើងអាចមិនខ្វល់បាន។ មានន័យថា គឺវា​មិនស្ថិតនៅក្នុង​លក្ខខណ្ឌស្តង់ដារ ដែលសហគមន៍អន្តរជាតិបានកំណត់ទេ ពោលគឺវាប្រៀបបីដូចជា ផលប៉ះពាល់តិចតួចនោះ​ វាគ្មានសោះតែម្តង។

ខ្ញុំមិនមានដំណោះស្រាយ​ដ៏អស្ចារ្យណាផ្សេងទៀត ដើម្បីឆ្លើយតប​ទៅនឹងការសង្ស័យ ឬការ​ព្រួយបារម្ភទាំងឡាយ ដែលត្រូវបានលើកឡើងនោះឡើយ។ តែអ្វីដែលយើងមាន សម្រាប់​​ជូនអ្នកទាំងអស់គ្នា គឺវត្តមានរបស់យើង។ យើងនឹងនៅទីនេះ សហការ ធ្វើការជាមួយអ្នក ​ក្នុងរយៈពេល​​ច្រើនទសវត្សទៅមុខទៀត រហូតទាល់តែដំណក់​ទឹកចុងក្រោយដែលស្ថិតនៅ​ជុំវិញ​រ៉េអាក់ទ័រ  ត្រូវបាន​បង្ហូរចោលអស់ ប្រកបសុវត្ថិភាព។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ