អានតួអត្ថបទ
ចិន-សាឡូម៉ុង

ចិននិងសាឡូម៉ុងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យនគរបាល

នៅថ្ងៃ​ចន្ទទី ១០ កក្កដា ២០២៣​នេះ ប្រទេស​ចិន​និ​ងកោះសូឡូម៉ុង បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី ក្នុង​វិស័យ​នគរបាល​។ នេះ​គឺ​ជា​ការ​ពង្រឹង​បន្ថែម​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ ដែល​ចាប់​ផ្តើម​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​បាន​បួន​ឆ្នាំ និង​ក្រោយ​ពី​កោះសាឡូម៉ុង​បាន​ផ្តាច់​ការ​ទាក់ទង​​នឹង​តៃវ៉ាន់មក។​

នាយករដ្ឋមន្ត្រី​សាឡូម៉ុង និង​សមភាគី​ចិន ទះដៃ​អបអរ​ការ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​វិស័យ​នគរបាល ថ្ងៃទី ១០ កក្កដា​២០២៣
នាយករដ្ឋមន្ត្រី​សាឡូម៉ុង និង​សមភាគី​ចិន ទះដៃ​អបអរ​ការ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​វិស័យ​នគរបាល ថ្ងៃទី ១០ កក្កដា​២០២៣ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

“ផែនការ​ដាក់ឱ្យ​ដំណើរការ” សម្រាប់​រយៈ​ពេល​ពី​ឆ្នាំ​២០២៣-២០២៥​ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោមសំណុំ​ឯកសារព្រមព្រៀង​ទាំង​៩​ដែលសម្រេច​​បាន​ ​ក្រោយ​ជំនួប​ពិភាក្សា​នៅទីក្រុង​ប៉េកាំងរវាង​លោក​ម៉ាណាសេស សូហ្កាវ៉ារ នាយករដ្ឋមន្ត្រី​កោះ​សាឡូម៉ុង និង​សមភាគី​ចិនលោក លី ឈាំង ​នា​ថ្ងៃ​១០​កក្កដា។ ប្រទេស​ទាំងពីរ ក៏​បាន​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ទៀត ស្តីពី​គម្រោង​ជំនួយ​បច្ចេកទេស​កីឡា ព្រោះ​កោះសាឡូម៉ុង នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​នេះ​ផង។ ហើយ​គឺ​ប៉េកាំង​នេះ​ឯងជា​អ្នក​ទទួល​បន្ទុក​​សាង​សង់​ពហុកីឡាដ្ឋាន​ ​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​។

នាឱកាសបំពេញ​ទស្សនកិច្ច​​នៅក្នុង​ប្រទេស​ចិន ដែល​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​សៅរ៍​ លោក​នាយករដ្ឋមន្ត្រីសូហ្កាវ៉ារ នឹង​អញ្ជើញ​ទៅ​​សម្ពោធបើក​​ជា​ផ្លូវការ​ស្ថានទូត​សាឡូម៉ុងប្រចាំ​ទីក្រុង​ប៉េកាំង​ រួច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​ខេត្តជា​ច្រើន​ផ្សេង​ទៀតដែល​ជា​កម្លាំង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ចិន​ មាន​ជាអាទិ៍​ខេត្ត​ក្វាងទុង​ ជៀនស៊ូ។

ទំនាក់ទំនង​ចិន-សាឡូម៉ុង​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​និង​ល្អូកល្អើន​ណាស់ នារយៈ​ពេល​បួន​ឆ្នាំ​មក​នេះ។ នេះ​ជា​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ចិន លី ឈាំង នា​ឱកាស​ទទួល​ជួប​សមភាគី​សាឡូម៉ុង​នៅ​វិមាន​ប្រជាជន ដែល​ឆ្លើយ​តប​វិញ​ថា សាឡូម៉ុង​បាន​ទទួល​បទ​ពិសោធន៍​ អភិវឌ្ឍ​ច្រើន​ពី​ចិន។

ជាប្រទេស​កូន​​កោះ​ដ៏​ក្រីក្រ​មួយ​នៅក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ខាង​ត្បូង សាឡូម៉ុងពី​មុន​ទទួល​ស្គាល់​តែ​កោះតៃវ៉ាន់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ កោះ​បាន​ក្រឡាស់​ចិត្តផ្តាច់ទូត​ពី​តៃប៉ិ​ ហើយ​ងាក​មក​ស្រវារាប់អាន​​ចិន។ ដោយ​មិននឹក​​ស្មានដល់​ កោះសាឡូម៉ុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​និង​ការ​ប្រកួត​ប្រជែង​ការ​ទូត​យ៉ាង​ខ្លាំង​រវាង​មហាអំណាច​ពីរ​គឺ​ចិន​និ​ងអាមេរិក ក្រោយ​ពី​សាឡូម៉ុង​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​ប៉េកាំង នៅ​ឆ្នាំ​២០២២។ កិច្ចព្រមព្រៀង​ដែល​មាន​ខ្លឹមសារ​ស្រពិចស្រពិល តែ​ចិន​ក៏​ដូច​សាឡូម៉ុង បានបដិសេធ​ដូច​គ្នា​ថា​គ្មាន​លាក់​កិច្ចព្រមព្រៀង​បង្កើ​តមូលដ្ឋាន​ទ័ព​ចិន​ជា​អចិន្ត្រៃយ៍​លើ​កោះ ដែល​មានទីតាំង​​ប្រកប​ដោយយុទ្ធសាស្ត្រ​ទេ។ កាលពី​ខែ​កុម្ភៈ អាមេរិក​ក៏​បាន​បើក​ស្ថានទូត​នៅ​ក្រុង​ហូនីញ៉ារ៉ា​ឡើង​វិញ​ដែរ​បន្ទាប់​ពី​បិទ​អស់​៣០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ