អានតួអត្ថបទ

ប្អូ​នស្រី​ប្រធានាធិបតី​​កូរ៉េខាងជើង ​​គំរាមថា​នឹង​​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ

​នាថ្ងៃ​សុក្រ​ ​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក បា​ន​លើកឡើង​ពីការ​ពួត​ដៃ​ការពារ​សន្តិសុខ​សុវត្ថិភាព​រួម​គ្នា​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត កូរ៉េ​ខាង​ត្បូង និងជប៉ុន ដើម្បីទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពីសំណាក់​​រដ្ឋបាល​ក្រុង​ព្យុងយ៉ាង។ រដ្ឋបាល​ក្រុង​ព្យុងយ៉ាង​ ដែលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ធ្វើតេស្ត​សាកល្បង​ជាថ្មី​ទៀត នូវ​គ្រាប់​មីស៊ីល​អន្តរទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ និងថា​អា​ច​មា​នសមត្ថភាព​បាញ់​ដល់​ទឹក​ដី​អាមេរិក។​ ហើយចំណែក​​ ប្អូ​នស្រី​ប្រធានាធិបតី​​កូរ៉េខាងជើង អ្នក​ស្រី គីម យូជុង ​ក៏​បាន​គំរាមថា​នឹង​​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ ប្រសិន​បើ​អាមេរិក​នៅតែ​ចង់​កម្ទេច​របបដឹកនាំកូរ៉េខាងជើង​។​​

អ្នកស្រី គីម យូជុង ប្អូនស្រីប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន​ ​។
អ្នកស្រី គីម យូជុង ប្អូនស្រីប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន​ ​។ AP - Jorge Silva
ផ្សាយពាណិជ្ជកម្ម

បើតាម​ដំណឹង​ពី​កាសែត​រដ្ឋ​កូរ៉េខាងជើង KCNA  អ្នកស្រី គីម យូជុង ប្អូនស្រីប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន​ ​បានគំរាមប្រកាស​ថា នឹងប្រើប្រាស់​អាវុធ​​នុយក្លេអ៊ែរ ដែល​វា​នឹង​«ផ្ទុះ​ធំ​សម្បើម»«បំបែក​ផែន​ដី​» ប្រសិនណាបើជា សហរដ្ឋ​អាមេរិក នៅតែបន្តប្រកាន់​នយោបាយ​​ញុះញ៉ុង​ និង​​ចិញ្ចឹម​ចេតនា​ចង់ផ្តួល​រំលំ​កម្ទេចរបបដឹកនាំក្រុង​ព្យុង​យ៉ាង​។ ព្យុងយ៉ាង​ ថា​នឹង​បាញ់​គ្រាប់​នុយ​ក្លេអ៊ែរ​ ជាមុន ចាត់ទុក​ការការពារខ្លួន​។​

ការ​​​ញុះញ៉ុង​ដែល​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើងចោទអាមេរិកនោះ ក៏ពីព្រោះតែ​ ​ក្នុងសប្តាហ៍​នេះ ​​យន្តហោះ​អាមេរិក​ជាច្រើន​គ្រឿង បាន​ហោះហើរ​លើដែន​អាកាស​របស់ខ្លួន និងដែល​​ត្រូវ កូរ៉េខាងជើង​ ចោទប្រកាន់អាមេរិក​​ថា​កំពុង​ស៊ើប​យកការណ៍ ហើយ​ព្យុងយ៉ាងក៏​​គំរាម​បាញ់​កម្ទេច​យន្តហោះ​ទាំងនោះ​។​

ហេតុ​ដូច្នេះ​ហើយ ទើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋបាល​ក្រុង​ព្យុងយ៉ាង​ក៏​​បាន​ធ្វើតេស្តសាកល្បងជាថ្មីទៀត នូវគ្រាប់មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ។ ​ការ​បាញ់​មីស៊ីលមីស៊ីលនេះ ក្រោម​ការ​ត្រួត​ពិនិត្យ​បញ្ជា​ផ្ទាល់​ពី​លោកប្រធានា​ធិបតី គីម ជុង​អ៊ុន។​ គ្រាប់មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ដែល​បាញ់ចេញ​ថ្មី​នេះ ប្រភេទ​ឈ្មោះហ័សុង ១៨ (Hwasong 18 ) ហោះ​បាន​ចម្ងាយ​ ១ ០០១ គីឡូម៉ែត្រ។ ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើង ​អះអាងថា​​ អាវុធ​របស់ ខ្លួន បាន​សាក​ល្បង​ដោយ​ជោគជ័យ និងអាច​មា​នសមត្ថភាព​បាញ់​ដល់​ទឹក​ដី​អាមេរិក​​។

អ្នក​ជំនាញ​ ក៏​យល់ឃើញ និង​ជឿជាក់​ថា​ដូច្នេះមែន ដ្បិតថា គ្រាន់តែមីស៊ីល​​ហ័សុង១៥ ដែល​បាញ់​កាលពី​កុម្ភៈ វា​អាច​ហោះ​បាន​ ៩៨៩ គីឡូម៉ែត្រ​ទៅហើយ។ ពោល​គឺ អាវុធ​របស់​កូរ៉េ​ខាង​ជើងចេះតែ​អាច​បាញ់​ហោះ​បានកាន់តែ​​ឆ្ងាយ​ទៅៗ។​

ភ្លាមៗ​នៅ​​ថ្ងៃ​ព្រហស្បតិ៍ នៅក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​​អង្គការ​សហប្រជាជាតិ ក៏បាន​បើក​កិច្ចប្រជុំ​ពី​បញ្ហា​កូរ៉េ​ខាងជើង​នេះ​ដែរ ហើយ ​កូរ៉េ​ខាង​ត្បូង ជា​សមាជិក​ម្នាក់​នៃកិច្ចប្រជុំ​ផង កត់​សម្គាល់​ថា គ្រាន់តែឆ្នាំ​២០២៣នេះ ក្រុង​ព្យុងយ៉ាង​បាញ់​​សាកល្បង​ដល់ទៅ​២០លើក។

អ្នក​តំណាង​ក្រុង​ស៊េអូល​ បាន​ទទូច​ថា​ មិន​ត្រូវ​ឲ្យ​រដ្ឋបាល​ក្រុង​ព្យុងយ៉ាង​ចេះតែ​គំរាម​កំហែង​មិន​ឈប់​មិន​ឈរ​ដូច្នេះ​ ត្រូវ​រួច​ខ្លួន​ គ្មាន​ត្រូវ​ពិន័យ​នោះឡើយ។​​ ថ្ងៃ​​ព្រហស្បតិ៍ ​ដដែល​នេះ នៅទីក្រុង​ហ្សាការតា​ ប្រមុខ​ទូត​អាមេរិក បាន​ប្រជុំ​ជាមួយ​ សមភាគីកូរ៉េ​ខាងត្បូង និង ​ជប៉ុន អំពី​បញ្ហា​កូរ៉េ​ខាង​ជើង ដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក​​ប្តេជ្ញា​ការពារ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន ឲ្យ​រួច​ចេញពី​ការ​គំរាម​របស់​របបក្រុង​ព្យុងយ៉ាង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ