អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋ​អាមេរិក

ព្យុងយ៉ាង​គំរាម​កម្ទេច​យាន​​ស៊ើបការណ៍​អាមេរិកដែល​ហោះ​ចូល​ដែន​អាកាស​កូរ៉េខាង​ជើង

នៅ​ថ្ងៃ​ចន្ទ​នេះ កូរ៉េខាង​ជើង​បាន​ព្រមាន​កម្ទេច​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ណា​ដែល​រំលោភ​ដែន​អាកាស​របស់​ខ្លួន​។ ជាង​នេះ​ទៀត របប​ព្យុងយ៉ាង បាន​ប្រកាស​ថ្កោលទោស​គម្រោង​ពង្រាយ​នាវា​មុជ​ទឹកនុយក្លេអ៊ែរ​​របស់​អាមេរិក​ នៅ​​​ឧបទ្វីប​កូរ៉េ​។

ព្យុងយ៉ាង​គំរាម​កម្ទេច​យាន​​ស៊ើបការណ៍​អាមេរិកដែល​ហោះ​ចូល​ដែន​អាកាស​កូរ៉េខាង​ជើង
ព្យុងយ៉ាង​គំរាម​កម្ទេច​យាន​​ស៊ើបការណ៍​អាមេរិកដែល​ហោះ​ចូល​ដែន​អាកាស​កូរ៉េខាង​ជើង AFP - JUNG YEON-JE
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការពារ​ជាតិ​កូរ៉េខាង​ជើង​ សហរដ្ឋ​អាមេរិក​បាន​បង្កើន​សកម្មភាព​ចារកិច្ច​ហួស​កំរិត​សង្គ្រាម​ទៅ​ទៀត។ តាំងពី​ចូល​ខែ​កក្កដា​មក អាមេរិក​បាន​បញ្ជូន​យន្តហោះមក​​ឈ្លប​ការណ៍ ក្នុង​ដែនអាកាស​កូរ៉េខាង​ជើង លើ​ផ្ទៃ​នៃ​សមុទ្ទ​ជប៉ុន​ ដល់​ទៅ​៨​ថ្ងៃ​ជាប់ៗ​គ្នា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​ដែល​បាន​ព្រមាន​ថាទង្វើ​បែប​បង្កហេតុ​នេះ នឹងជំរុញ​ឱ្យ​មានហា​​និភ័យ​ធ្លាក់​​​យន្តហោះ​ឈ្លប​ការណ៍​ក្នុង​សមុទ្ទ​ជប៉ុន​នាថ្ងៃ​ណា​មួយ។ អ្នក​នាំពាក្យ​កូរ៉េខាង​ជើង​​បាន​លើក​ឡើង​អំពី​គ្រោះ​ថ្នាក់ ដែល​ធ្លាប់​កើត​ឡើង​នៅ​លើក​មុនៗ គឺ​​កាលណោះ​ ​ព្យុងយ៉ាង​​បាន​បាញ់​ទម្លាក់​យន្តហោះឈ្លបការណ៍​អាមេរិក។ ដូច្នេះ​សកម្មភាព​ចារកិច្ច​លើក​នេះ ក៏​នឹង​ប្រាកដ​ជា​ត្រូវ​ទទួល​រង​ផលវិបាក​ដោយ​ជាក់​ជា​ពុំ​ខាន។

ក្រៅ​អំពី​សេចក្តី​ថ្លែងការណ៍ព្រមាន កូរ៉េខាង​ជើង​​ក៏​បានឆ្លៀត​​ថ្កោល​ទោស​គម្រោង​ពង្រាយ​ធនធានសព្វាវុធ​​យុទ្ធសាស្ត្រ​របស់​​សហរដ្ឋ​អាមេរិក ​នៅ​កូរ៉េខាង​ត្បូង ថា​ជាសកម្មភាពនុយក្លេអ៊ែរបែប​លាក់​លៀម​ ដើម្បី​គាប​​កូរ៉េខាង​ជើង​ ដែល​ជា​ការ​នេះ នឹង​គំរាមកំហែងដល់​​សន្តិសុខ​តំបន់​និង​ពិភពលោក​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា ស្រប​តាមការ​ព្រមព្រៀង​​ ចុះ​ហត្ថលេខា​កាលពី​ខែ​មេសារវាង​អាមេរិក​និង​កូរ៉េខាង​ត្បូង វ៉ាស៊ីនតោន​ប្រកាស​​បញ្ជូន​នាវា​មុជទឹក​នុយក្លេអ៊ែរ​ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីលបាលីស្ទិក​ នៅ​ប្រចាំ​ការ ជា​លើក​ទីមួយ ​នៅ​កំពង់ផែ​ប៊ូសាន ប្រទេស​កូរ៉េខាង​ត្បូង។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​បេសកកម្ម​នេះ​ទេ។ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ទំនាក់ទំនង​កូរ៉េទាំងពីរបាន​ធ្លាក់​ចុះ​ដុនដាប​ស្ទើរ​ដល់​បាត។ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីមជុងអ៊ុន បាន​ប្រកាស​អភិវឌ្ឍ​សព្វាវុធ និង​នុយក្លេអ៊ែរ​តាកទិក ដោយ​មិន​កែប្រែលក្ខន្តិកៈ​កូរ៉េខាង​ជើង​ជា​ប្រទេស​នុយក្លេអ៊ែរឡើយ។ ជា​ចម្លើយ​តប សេអ៊ូល​និង​វ៉ាស៊ីនតោន ក៏​បាន​សន្យាប្រើ​នុយក្លេអ៊ែរ​សងវិញ និង​បញ្ចប់​ជីវិត​រដ្ឋាភិបាល​បច្ចុប្បន្ន​ បើ​​ព្យុងយ៉ាង​ហ៊ាន​ប្រើ​អាវុធ​បរមាណូមែន។ នៅក្នុង​ឆ្នាំ​នេះ កូរ៉េខាង​ជើង​បានបាញ់​​សាកល្បងមីស៊ីល មួយ​ខ្សែ មាន​ទាំង​មីស៊ីល​​អន្តរទ្វីប​ ដ៏​មាន​មហិទ្ធិរិទ្ធផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ