អានតួអត្ថបទ
កូរ៉េខាងជើង-រុស្ស៊ី

រុស្ស៊ី​ហៅ​កូរ៉េខាងជើងជា​រដ្ឋមិត្ត ដៃគូដ៏សំខាន់​របស់​រុស្ស៊ី

សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និងភាពតានតឹងអាមេរិក កូរ៉េខាងជើង​បាន​រុញច្រានសម្ព័ន្ធមិត្ត​ទាំងពីរ រុស្ស៊ី កូរ៉េខាងជើង​ឲ្យខិត​ចូល​កៀកកិត ជិតគ្នា​ជាង​ពេលណាៗ​ទាំងអស់។ នៅក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កាលពីថ្ងៃ ពុធ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យប្រារព្ធខួប​៧០​ឆ្នាំ​ការបិទបញ្ចប់សង្រ្គាម​កូរ៉េ ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក​ស៊ែរហ្គី ឆយហ្គូ​បានថ្លែងចាត់ទុក​កូរ៉េខាងជើង ជា​រដ្ឋមិត្ត និង​ដៃគូ​ដ៏​សំខាន់​របស់​រុស្ស៊ី។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក​ស៊ែរហ្គី ឆយហ្គូ បានទៅដល់ទីក្រុង​ព្យុងយ៉ាង​ថ្ងៃទី ២៦ កក្កដា ២០២៣
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក​ស៊ែរហ្គី ឆយហ្គូ បានទៅដល់ទីក្រុង​ព្យុងយ៉ាង​ថ្ងៃទី ២៦ កក្កដា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើងក្រាលកម្រាលព្រំក្រហមទទួលរដ្ឋមន្រ្តីការពារជាតិ​របស់​​រុស្ស៊ី ដែលត្រូវ​ចូលរួម​ជាភ្ញៀវកិត្តិយស នៅក្នុង​ពិធីបុណ្យប្រារព្ធខួប ៧០ឆ្នាំនៃ​ការបិទបញ្ចប់សង្រ្គាមកូរ៉េ ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៥៣ ដែលកូរ៉េខាងជើងចាត់ទុក​ជា​ថ្ងៃ​ជ័យជំនះ​លើ​សត្រូវ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ប្រមុខការពារជាតិ​រុស្ស៊ី​បាន​និយាយ​ប្រាប់​សមភាគី​កូរ៉េខាងជើង​ថា កូរ៉េខាងជើង​ជា​ដៃគូ​ដ៏​សំខាន់ ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី និង​មាន​ប្រវត្តិ​សហការគ្នា តាំងពីយូរលង់។ លោក​ស៊ែរហ្គី ឆយហ្គូ នៅបាន​ថ្លែងបន្ថែម​ថា រុស្ស៊ី​ចង់​ពង្រឹង​សហប្រតិបត្តិការ​យោធា រវាង​ប្រទេស​ទាំងពីរ។ រុស្ស៊ី​ស្ថិតក្នុងចំណោមប្រទេស​ដ៏កម្រដែលនៅបន្តរក្សា​ទំនាក់ទំនង និងបោះឆ្នោត​ប្រឆាំង​នៅ ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ការពារ​កូរ៉េខាងជើង ពី​ការដាក់ទណ្ឌកម្ម​ថ្មីបន្ថែម​របស់​សហគមន៍អន្តរជាតិ ក្នុងរឿងអភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរយោធា។

ជា​ការឆ្លើយតប កូរ៉េខាងជើង​បាន​បោះឆ្នោត​ប្រឆាំង នឹងសេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ តាមការចុះផ្សាយ​របស់ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA កូរ៉េខាងជើង​គាំទ្រ​ទាំងស្រុង​កងទ័ព និង​ប្រជាជនរុស្ស៊ី ក្នុងការតស៊ូប្រយុទ្ធ​ដើម្បីការពារ​ដែនអធិបតេយ្យភាព ការអភិវឌ្ឍ និងផលប្រយោជន៍របស់រុស្ស៊ី។

ជាមួយ​ស៊ីរី កាលពីខែកក្កដា ឆ្នាំមុន កូរ៉េខាងជើង​បាន​ប្រកាស​ទទួលស្គាល់​ការកាត់តំបន់ចំនួន​៤ នៅភាគខាងកើត​អ៊ុយក្រែន ដើម្បី​ដាក់បញ្ចូល​ក្នុង​ទឹកដីរុស្ស៊ី។ ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក​ធ្លាប់​អះអាងថា កូរ៉េខាងជើង​នៅបាននាំចេញ​អាវុធ​ទៅឲ្យរុស្ស៊ីធ្វើសង្រ្គាមនៅ​អ៊ុយក្រែន។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង​បាន​បដិសេធ និង​ចាត់ទុកព័ត៌មាន​របស់ចារកិច្ចអាមេរិកថា ធ្វើឡើងដើម្បី​បំផ្លាញ​រូបភាពកូរ៉េខាងជើង។

តាម​ចារកិច្ចអាមេរិក ដោយសារ​ទណ្ឌកម្ម និងការរឹតបន្តឹង​លើ​ការនាំចេញ ពីសំណាក់ប្រទេស​លោកខាងលិច រុស្ស៊ី​ដែលកាន់តែខើចសព្វាវុធ ដោយសារ​សង្រ្គាមអ៊ុយក្រែន បានបញ្ជាទិញ​អាវុធ​ពី​អ៊ីរ៉ង់ ជាពិសេស ដ្រូន។ ប៉ុន្តែ ដោយសារដ្រូនអ៊ីរ៉ង់ឧស្សាហ៍មានបញ្ហាបច្ចេកទេស រុស្ស៊ីបានងាកទៅរក​កូរ៉េខាងជើង ដែលអាច​ផ្គត់ផ្គង់អាវុធ​ធុនតូច កាំភ្លើងធំ និង​គ្រាប់បែកជាដើម។

អ្នកជំនាញជឿថា ភាពតានតឹង​រវាង​ចិន និងអាមេរិក ហើយ​និង​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​បើក​ឱកាស​ឲ្យ​កូរ៉េខាងជើង​អភិវឌ្ឍ ផលិត​សព្វាវុធ កាន់តែទំនើបៗ។ នៅសប្តាហ៍មុននេះ អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​ចេញរបាយការណ៍ដែលថា ចិន​ដែលជាសម្ព័ន្ធមិត្ត​របស់កូរ៉េខាងជើង​បាន​ជួយ​កូរ៉េខាងជើង​ឲ្យ​គេចរួចខ្លួន​ពី​ការដាក់​ទណ្ឌកម្មអន្តរជាតិ តាមរយៈ​អនុញ្ញាត​ឲ្យកប៉ាល់​កូរ៉េខាងជើង ចូល​ទៅ​ដឹកប្រេង​ចេញ​ពីកំពង់ផែ Sanshaរបស់ចិន។ តើនោះជា​ប្រេងដែលរុស្ស៊ីអាច​បញ្ជូនទៅ​ឲ្យ​ព្យុងយ៉ាង តាមរយៈចិន? ចង់ឬ​មិន​ចង់ កូរ៉េខាងជើង​ដែលជាប់ទណ្ឌកម្ម​អន្តរជាតិ ត្រូវការចាំបាច់ ថាមពលប្រេង​សម្រាប់​ផលិត​សព្វាវុធ។ សព្វាវុធ​ទំនើបៗ ដែល​មេដឹកនាំ​កូរ៉េខាងជើង​អាច​តាំងបង្ហាញ​នៅក្នុង​ក្បួនព្យុហយាត្រា នៅ​ថ្ងៃ​ប្រារព្ធខួប​៧០ឆ្នាំ​នៃ​ការបិទបញ្ចប់សង្រ្គាមកូរ៉េ នៅថ្ងៃ​ព្រហស្បតិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ