អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងត្រៀមប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េជាមួយការបាញ់មីស៊ីលបាលីស្ទិក២គ្រាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​កំពុង​ត្រៀមខ្លួន​ប្រារព្ធខួប​៧០ឆ្នាំ​នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃ​ព្រហស្បតិ៍​ខានស្អែក។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន និង​រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​ពិធី​បុណ្យ​ជាតិ​ដែល​របបព្យុងយ៉ាង យក​ចិត្តទុកដាក់​រៀបចំ យ៉ាង​សម្រិតសម្រាំង។ ដើម្បី​ត្រៀម​ប្រារព្ធ​ខួបថ្ងៃ​ជ័យជំនះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​២ដើមថែមទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ បន្ទាប់ពី​បាញ់​មីស៊ីលបាលីស្ទិក​អន្តរទ្វីប និង​មីស៊ីលបណ្តែត ជាបន្ត​បន្ទាប់គ្នា នៅសប្តាហ៍មុន។ កូរ៉េខាងជើង​បាន​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។

ផែនទីឧបទ្វីបកូរ៉េ
ផែនទីឧបទ្វីបកូរ៉េ © Studio graphique FMM
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង​សំញែង​សមត្ថភាព​យោធា​របស់ខ្លួនកាន់តែខ្លាំង ដោយ​បាន​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ២គ្រាប់ទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ។ ក្នុងរយៈពេល ១០​ថ្ងៃ កូរ៉េខាងជើង​បាញ់​មីស៊ីល​បាលីស្ទិក​ដល់​ទៅ​៣លើក នោះបើទោះបីជា​ដឹងថា ការបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក ត្រូវ​ហាមដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្តី។

កូរ៉េខាងជើងគ្មានគោរព​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែលបាន​ហាម​កូរ៉េខាងជើង​មិន​ឲ្យសាកល្បង​មីស៊ីល​បាលីស្ទិក។ ដោយគ្មាន​ខ្លាចញញើតនឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង ក្រោមការកាច់ចង្កូត​របស់មេដឹកនាំវ័យក្មេង លោក​គីម ជុងអ៊ុន​បានបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ក្នុងចំនួនដ៏ច្រើន បំបែកកំណត់ត្រា កាលពី​ឆ្នាំ ២០២២ នៅពេល​ព្យុងយ៉ាង​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ដល់ទៅ ៧៥​គ្រាប់ ដែលនៅក្នុងនោះមានមួយភាគ ជាមីស៊ីល​បាលីស្ទិក​អន្តរទ្វីប។

នៅឆ្នាំនេះ គិតត្រឹម​ថ្ងៃ​ទី​១៤ កក្កដា ថ្ងៃ​ដែល​សមាជិក​ចំនួន​១០​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាស​រួមស្តីពីបញ្ហា​មីស៊ីល​របស់​កូរ៉េខាងជើង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ដល់​ទៅ ២០ គ្រាប់។ នេះ​គេនៅមិនទាន់រាប់​គ្រាប់មីស៊ីលបាលីស្ទិក​អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង នៅថ្ងៃ​អង្គារ​សប្តាហ៍មុន និងនៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញផង។

ជាញយដង កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីល​បាលីស្ទិក មីស៊ីលបណ្តែត នៅក្នុង​ពេលដែល ភាពតានតឹង​ជាមួយ​កូរ៉េខាងត្បូង ហើយនិងអាមេរិកឡើងដល់​កម្រិតកំពូល។

ជាក់ស្តែង កូរ៉េខាងជើង​បាញ់សាកល្បង មីស៊ីល​បាលីស្ទិក ទំនើបថ្មី​ចុងក្រោយ ដើម្បី​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក​ដែល​បាន​បញ្ជូន​នាវាមុជទឹក​ដែល​មានដឹក​គ្រាប់មីស៊ីល ភ្ជាប់ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ ទៅ​ចូលចត​នៅ​កំពង់ផែប៊ូសាន​របស់​កូរ៉េខាងត្បូង។

ការញុះញង់ដាក់គ្នា​រវាង​ភាគីជម្លោះ​មិន​ចេះចប់។ ឆ្លើយតប​នឹង​ការបាញ់មីស៊ីល​របស់​កូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង​បាន​ប្រកាស​ពង្រឹងសហប្រតិបត្តិការយោធា និង​ព្រមាន​ព្យុងយ៉ាងខ្លាំងៗ​ថា នឹងអាចប្រឈម​នឹង​គ្រាប់នុយក្លេអ៊ែរ បើសិន​ព្យុងយ៉ាង​បាញ់អាវុធនុយក្លេអ៊ែរសំដៅ​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

តាមសេចក្តីប្រកាស​រួម​របស់​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ដែលមាន​អាមេរិក អង់គ្លេស កូរ៉េខាងត្បូង  ការបាញ់​មីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើង រំលោភ​យ៉ាងកម្រោល​សេចក្តីសម្រេច​ជាច្រើន​លើក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជាប់ទណ្ឌកម្មអន្តរជាតិ តាំង​ពី​ឆ្នាំ ២០០៦ កូរ៉េខាងជើង​ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ចេញសេចក្តីសម្រេច ៣លើកផ្ទួនៗគ្នា ដាក់​ទណ្ឌកម្ម​បន្ថែម ដោយសារ​តែរឿងបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក។

ប៉ុន្តែ កូរ៉េខាងជើង​វិញ នៅតែ​ឡើងចាង សម្រុក​អភិវឌ្ឍ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សម័យដឹកនាំ​របស់​លោកគីម ជុងអ៊ុន បន្ទាប់ពី ចិន និង​រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០១៧ លើកដៃ​វេតូ​រហូត ប្រឆាំងមិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​កូរ៉េខាងជើង។

កូរ៉េខាងជើង​ចង់បង្ហាញសមិទ្ធផល​មីស៊ីល​ដែលបាន​មកពី​ជំនួយ ការអនុគ្រោះ​ពីចិន និងរុស្ស៊ី

ចិន និង​រុស្ស៊ី​ដែលបន្ត​ទំនាក់ទំនងជិតស្និទ្ធិជាមួយ​របបព្យុងយ៉ាង​នឹង​បញ្ជូន​មន្រ្តីជាន់ខ្ពស់របស់ខ្លួន​ទៅ​ចូលរួម​ក្នុងពិធីបុណ្យជាតិ រំលឹកខួប​៧០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែល​ព្យុងយ៉ាងត្រូវ​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខានស្អែក ទៅតាម​ការអញ្ជើញ​របស់​មេដឹកនាំ​កូរ៉េខាងជើង។ វត្តមានរបស់​មន្រ្តីចិន និង​រុស្ស៊ី​នៅព្យុងយ៉ាងធ្វើឡើង នៅបន្ទាប់ពី​កូរ៉េខាងជើង​ ​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។

តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ព្យុងយ៉ាងគ្រោងរៀបចំ​យ៉ាងអធិកអធមបំផុត ពិធីបុណ្យខួប​៧០ឆ្នាំ​នៃ​ការបិទបញ្ចប់​សង្រ្គាមកូរ៉េ។ គួររំលឹកថា ភាគីជម្លោះកូរ៉េ​បាន​ចុះហត្ថលេខា​លើ​បទឈប់បាញ់ ឈានទៅបិទបញ្ចប់សង្រ្គាម នៅ​ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៥៣។

បទឈប់បាញ់​ ត្រូវ​បាន​គេ​កំណត់​ថា ជា​ឯកសារ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជា​ស្ថាពរ ដែល​គេ​នឹង​រៀបចំ​ធ្វើ​នៅ​ពេលក្រោយ។ ក៏ប៉ុន្តែ ៧០ឆ្នាំ ក្រោយ សន្ធិសញ្ញា​សន្តិភាព​នេះ​នៅតែ​មិន​ទាន់ត្រូវ​បាន​​ភាគីជម្លោះ​ចុះហត្ថលេខា។ តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េ​គឺ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម រហូត​មក​បច្ចុប្បន្ន។

សម្រាប់​កូរ៉េខាងជើង ថ្ងៃ​ចុះ​ហត្ថលេខា​បិទបញ្ចប់​សង្រ្គាម កូរ៉េ គឺជាថ្ងៃ​ជ័យជំនះ​របស់​កូរ៉េខាងជើង ហើយកូរ៉េខាងជើង​ចង់ប្រារព្ធខួបថ្ងៃជ័យជំនះ​នេះជាមួយមហាមិត្ត​ចិន ព្រោះថា ទាហាន​ចិនជិត ២សែននាក់​បាន​ពលីជីវិតជួយ​កូរ៉េខាងជើងនៅក្នុង​សង្រ្គាមកូរ៉េកាលពី​៧០ឆ្នាំមុន។

មួយវិញទៀត ដោយ​អញ្ជើញ មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន និង​រដ្ឋមន្រ្តីការពារ​ជាតិរុស្ស៊ី ឲ្យ​ចូលរួមជាពិសេស ​នៅក្នុងពិធីបុណ្យលើកនេះ កូរ៉េខាងជើង មានក្តីទន្ទឹងពីរ។ ទី១ កូរ៉េខាងជើង​ចង់​បើកប្រទេសឡើងវិញ ទទួល​បរទេស នៅក្រោយបិទទ្វារជាង​៣ឆ្នាំ​ដោយសារ​កូវីដ។

ទី២ ដោយ​អញ្ជើញ​មន្រ្តីជាន់ខ្ពស់ចិន ឲ្យ​ចូលរួម​ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា នៅថ្ងៃ​ព្រហស្បតិ៍ ដែល​មានការ​បង្ហាញសព្វាវុធ ​គ្រាប់មីស៊ីល ព្យុងយ៉ាង​ចង់បង្ហាញ​ដល់​សម្ព័ន្ធមិត្ត​ចិន ពីលទ្ធផល​សម្រេច នៃជំនួយ ​ការអនុគ្រោះ យោគយល់ របស់​ចិន ដែលបាន​បើកដៃ​ឲ្យ​កូរ៉េខាងជើង​អាច​ឈាន​ទៅក្លាយជា​មហាអំណាចនុយក្លេអ៊ែរ និង​ផលិតមីស៊ីល​មាន​សមត្ថភាព​វាយដល់​ទឹកដីអាមេរិក ដែលជា​គូភាគីជម្លោះ​របស់​ចិន សព្វថ្ងៃ។

ចិនឆ្លើយតបថា ខ្លួនបានអនុវត្ត​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ម៉ត់ចត់បំផុត

ប៉េកាំង តាមរយៈ អ្នកតំណាងរបស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ ទើបតែ​ឆ្លើយតប លិខិត​របស់​ក្រុមប្រទេស​G៧ នៅថ្ងៃ​អង្គារនេះ ពោលនៅថ្ងៃ​ដែល​ទីភ្នាក់ងារ​KCNA របស់កូរ៉េខាងជើងចុះផ្សាយ​ថា មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន​នឹង​មានវត្តមានចូលរួម​ក្នុង​ពិធីបុណ្យ រំលឹកខួប​៧០ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ នៅព្យុងយ៉ាង នៅថ្ងៃ​ព្រហស្បតិ៍។

នៅក្នុងលិខិត​ផ្ញើទៅកាន់ ឯកអគ្គរដ្ឋទូតចិន ប្រចាំ​អង្គការ​សហប្រជាជាតិ ក្រុមប្រទេស​ហ្សេ៧​បាន​ទាមទារ​ឲ្យ​ចិន​ចូលរួម​អនុវត្ត​ដោយតឹងរ៉ឹងបំផុត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង។ ការទាមទារ​របស់​ក្រុមប្រទេស​លោកខាងលិច ធ្វើឡើង បន្ទាប់ពី អ្នកជំនាញ​របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសង្កេតការអនុវត្តទណ្ឌកម្ម​លើ​កូរ៉េខាងជើង សង្កេត​ឃើញ មាននាវា​ដឹក​ប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង ចត និង​ប្រើប្រាស់​កំពង់ផែ Sansha របស់ចិន ដើម្បី​ចូលទៅ​ដឹកប្រេង នាំយក​ទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ ​បានសម្រេច​ទណ្ឌកម្មជាបន្តបន្ទាប់ លើកូរ៉េខាងជើង តាំងពីឆ្នាំ​២០០៦ ដើម្បី​បិទច្រកផ្លូវ រារាំង​កុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាព​ទិញ នាំចូល​ថាមពលប្រេង យកទៅប្រើ​ក្នុង​វិស័យ​កងទ័ពនិងសព្វាវុធ។ ប៉ុន្តែ ផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយ​សារមានជំនួយ ពី​ចិន។

ប៉ុន្តែ ឆ្លើយតបនឹង​ការចោទប្រកាន់​របស់​ក្រុម​ប្រទេស​លោកខាងលិច ប៉េកាំង​អះអាងថា ខ្លួន​បាន​គោរពយ៉ាងម៉ត់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​កាតព្វកិច្ច​របស់ខ្លួននៅចំពោះមុខ​ច្បាប់​អន្តរជាតិ។ ក្រៅពីឆ្លើយការពារខ្លួន ចិន នៅបាន​និយាយ​បក ទាមទារ​ឲ្យ​ភាគីដទៃទៀត ដែលនៅក្នុងនោះ មានអាមេរិក​និងកូរ៉េខាងត្បូង​គោរពសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពីការបង្កើតបរិយាកាស បង្កើន​នយោបាយការទូត សម្រួលដល់ឲ្យមានការបើកផ្លូវ​ការចរចា ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ