អានតួអត្ថបទ
ចិន-អាមេរិក-អ៊ុយក្រែន

ចិនប្រកាស​ជំហរ​អព្យាក្រិត្យ ​​ក្នុងជំនួប​ស្តី​ពី​​អ៊ុយក្រែន នៅ​អារ៉ាប៊ីសាអូឌីត

ជំនួប​ស្តី​ពី​អ៊ុយក្រែន​នៅ​អារ៉ាប៊ីសាអូឌីតបាន​​បិទ​បញ្ចប់ ​ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ​អ៊ុយក្រែនរីករាយ​និង​ចាត់​ទុក​ជំនួប​ប្រជុំ​រៀប​ចំ​ដោយ​​​អារ៉ាប៊ីសាអូឌីតថា​ជា​ការ​វាយថ្បក​​លើ​រុស្ស៊ី។ នៅ​ល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ ​​ចិនបាន​ចេញ​ថ្លែងការណ៍​សរសើរ​កិច្ចប្រជុំ​ និង​បញ្ជាក់​ជំហរ​អព្យាក្រិត្យ​របស់ខ្លួន​​ក្នុង​វិបត្តិ​អ៊ុយក្រែន​។ ជំហរ​ដែល​អាមេរិក​បាន​អបអរ​ និង​ចាត់​ទុក​ជា​ជំហាន​ថ្មី​ដ៏​ល្អប្រសើរ។

​​ចិនបញ្ជាក់​ជំហរ​អព្យាក្រិត្យ ​​ក្នុងជំនួប​ប្រជុំ​ស្តី​ពី​​អ៊ុយក្រែន នៅ​អារ៉ាប៊ីសាអូឌីត
​​ចិនបញ្ជាក់​ជំហរ​អព្យាក្រិត្យ ​​ក្នុងជំនួប​ប្រជុំ​ស្តី​ពី​​អ៊ុយក្រែន នៅ​អារ៉ាប៊ីសាអូឌីត via REUTERS - SAUDI PRESS AGENCY
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជាង​៤០ មានជាអាទិ៍​សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា ព្រមទាំង​​អឺរ៉ុប​ បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​​អ៊ុយក្រែនដែល​រៀប​ចំ​ឡើង​ដោយ​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​កន្លង​ទៅ។ សម្រាប់​ក្រុង​កៀវ នេះ​ជា​ជំនួប​ដែល​ឈាន​ឆ្ពោះ​ទៅ​រក​ការ​សម្រុះសម្រួល​​អន្តរជាតិ​លើ​គោលការណ៍​គ្រឹះ​​នៃ​កិច្ចព្រមព្រៀងសន្តិភាព។ ចំណែក​រុស្ស៊ី​ដែល​គ្មានវត្តមាន​ក្នុង​ជំនួប​យល់​ថាជា​បរាជ័យសម្រាប់​អ៊ុយក្រែន​ក្នុង​ការប៉ុនប៉ង​​ប្រមូល​ផ្តុំ​ក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងឱ្យ​​មក​គាំទ្រ។

ក្រោយប្រតិកម្ម​របស់​ភាគី​ជម្លោះទាំងពីរ ចិន​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​បញ្ជាក់​ថា​ប៉េកាំង​មាន​ជំហរ​សមហេតុផល​​និង​ស្មើភាព​ជា​និច្ច​ក្នុង​រាល់​គ្រប់​កិច្ចពិភាក្សា​ពហុភាគី។ សេចក្តី​ថ្លែងការណ៍​ដដែល​បាន​អះអាង​ទៀត​ថា នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ទី ៧​សីហា លោក​ប្រមុខ​ការទូត​ចិន បាន​ប្រកាស​ប្រាប់​សមភាគី​រុស្ស៊ី លោក សែកហ្គៃ ឡាវ្រូស ថា​ចិន​រក្សា​ជំហរឯករាជ្យ​ និង​​អព្យាក្រិត្យ​ជា​និច្ច​ ក្នុង​វិបត្តិ​អ៊ុយក្រែន។

លោក​ វ៉ាង យី បាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៀត ដែល​ចេញ​ផ្សាយ​ដាច់​ដោយឡែក ថា​កិច្ចពិភាក្សា​នៅ​ក្រុង​ចេដះ ជា​ចំណែក​មួយ​នៃ​ការ​ពង្រឹង​ភាព​ស្រុះ​ស្រួល​អន្តរជាតិ។

សម្រាប់​អ្នក​វិភាគ​ វត្តមាន​របស់​ចិន​ក្នុង​ជំនួប​រៀប​ចំ​ដោយ​​អារ៉ាប៊ីសាអូឌីត អាច​ស​ឱ្យ​ឃើញ​​អំពី​ជំហរ​ប្រែប្រួល​របស់ប៉េកាំង​ក្នុង​វិបត្តិ​អ៊ុយក្រែន ប៉ុន្តែមិនមែន​ជា​ការ​ប្តូរផ្លាស់​ជំហរបត់​​ងាក​ចេញ​ពី​រុស្ស៊ី​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​សហរដ្ឋ​អាមេរិក​​​ស្វាគមន៍​ជា​និច្ច និង​យល់​ថា​វត្តមានចិន​ក្នុង​ជំនួប​ចេដះ​មាន​លក្ខណៈ​ស្ថាបនា​ខ្លាំងណាស់។ អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Matthew Miller បាន​បន្ថែម​ទៀត​ថា អាមេរិក​គិត​តាំងពី​យូរ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុងការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ ប្រសិន​បើ​ចិន​ព្រម​ទទួល​យក​ភារៈ​នេះ​ដោយ​គោរព​បូរណភាព​និង​អធិបតេយ្យភាព​អ៊ុយក្រែន​ទាំង​ស្រុង។

នៅ​អារ៉ាប៊ីសាអូឌីត អ្នក​ទទួល​ខុស​ត្រូវជាន់​ខ្ពស់​អាមេរិក គឺ​លោក​ទីប្រឹក្សា​សន្តិសុខ​​សេតវិមាន​ Jake Sullivan និង​អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ស្តីទី​ Victoria  Nuland បាន​ឆ្លៀត​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ជាមួយ​នឹង​ប្រេសិត​ចិន​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​លោក លី ហ៊ុយ។ ចិន​គាំទ្រ​នយោបាយការទូត​រុស្ស៊ី និង​​មិន​ថ្កោល​ទោស​ទង្វើ​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែនទេ តែបាន​បង្កើន​កិច្ចខំប្រឹងប្រែងការទូត​ខ្លាំង​ជាមួយ​អ៊ុយក្រែន និង​​មាន​មហិច្ឆតា​ធ្វើ​អន្តរការី​រក​ដំណោះស្រាយវិបត្តិអ៊ុយក្រែន​តាម​ផ្លូវ​នយោបាយផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ