អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន៖ ហេតុ​អ្វី​អារ៉ាប៊ីសាអូឌីតប្រឹង​​ដើរតួជា​​អន្តរការី​​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះបី​ជា​ដឹង​ថា​លទ្ធផល​នឹង​ស្តួច​ស្តើង​ខ្លាំង​យ៉ាងណាក៏​ដោយ​ ក៏​អារ៉ាប៊ីសាអូឌីតកំពុ​ង​សាកល្បង​តាំង​ខ្លួន​ជា​ថ្មី​ជា​អន្តរការី​ដ៏​មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិក្នុង​​វិបត្តិ​អ៊ុយក្រែន។ រីយ៉ាដ​បាន​អញ្ជើញក្រុមប្រទេស​ជាបងប្អូន​ ឱ្យ​មក​ជួបជជែក​​ពិភាក្សា​ស្តីអំពី​បញ្ហា​អ៊ុយក្រែន ​​ចាប់​ពី​ថ្ងៃ​សៅរ៍​​នេះទៅនិង​សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ។ ជំនួប​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​ស្ថានភាព​នៅ​សមុទ្ទ​ខ្មៅ​កំពុង​ឡើ​ងតាន​តឹង​កាន់​តែ​ខ្លាំង។​ អ៊ុយក្រែន​បាន​អះអាង​ថា​ដ្រូន​របស់​ខ្លួន​បាន​បាញ់​ចំ​នាវា​ដឹកប្រេងយោធា​​រុស្ស៊ី​មួយ​គ្រឿង​ នៅមូលដ្ឋានទ័ព​ក្នុង​​សមុទ្ទ​ខ្មៅ។

រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត Mohammed ben Salman ថ្ងៃទី ១៦មិថុនា​២០២៣
រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត Mohammed ben Salman ថ្ងៃទី ១៦មិថុនា​២០២៣ © AP
ផ្សាយពាណិជ្ជកម្ម

តើ​អារ៉ាប៊ីសាអូឌីត​រៀបចំ​ជំនួបចរចាស្តីពីអ៊ុយក្រែនជាមួយ​នរណាខ្លះ?

អាជ្ញាធរ​អារ៉ាប៊ីសាអូឌីតមិន​បញ្ចេញ​ព័ត៌មានឈូឆរ​ទាក់ទង​នឹង​ជំនួប​ពិភាក្សា​ស្តីអំពី​វិបត្តិ​អ៊ុយក្រែន​ទេ។ នៅល្ងាច​ថ្ងៃ​សុក្រ​ទី ៤សីហា​ម្សិលមិញ រាជាណាចក្រ​ប្រេងកាតនេះបាន​ត្រឹម​ប្រកាសអំពី​ដំណើរ​មក​ដល់​ក្រុង​ចេដះJeddahរបស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​បណ្តា​ប្រទេស​ជាបង​ប្អូន​ដើម្បី​ជួប​ពិភាក្សាគ្នា​​អំពី​វិបត្តិ​អ៊ុយក្រែន តែ​​​មិន​បាន​រៀប​រាប់លម្អិត​​ថា​តើ​ជា​ប្រទេស​ណា​ខ្លះទេ។

បើ​តាម​​ប្រភព​ជា​ច្រើន​ ក្នុង​ចំណោមភ្ញៀវ​ជាង​៣០ប្រទេស​ ​គ្មាន​រុស្ស៊ីទេ ហើយ​អារ៉ាប៊ីសាអូឌីត​ជាប់ចិត្តចង់​ជួប​ពិភាក្សា​​ជា​ពិសេសជាមួយ​នឹង​​ប្រទេស​ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិកខាង​ត្បូង ដែល​ជា​សមាជិកក្រុមប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ហៅកាត់​ថា​​Brics (ដែល​មាន​​រុស្ស៊ីម្នាក់ដែរ)។ ​ប្រទេស​ទាំង​បួន​នេះ ​ខុស​ពី​ក្រុមលោក​ខាង​លិច មិន​ប្រកាសជំហរ​កាន់​ជើង​​អ៊ុយក្រែនទេ​ តែ​ក៏​មិន​គាំទ្រ​ប្រតិបត្តិការ​​ឈ្លានពានរបស់​រុស្ស៊ី​​ដែរ។

ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូង បាន​បញ្ជាក់​អំពី​វត្តមាន​របស់​ខ្លួន។ ចំណែក​ចិនដែល​រង​ការ​រិះគន់​ពី​ក្រុម​បស្ចិមលោក​ចំពោះ​ការ​​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ បាន​បញ្ជូន​លោក លី ហ៊ុយ ប្រេសិត​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន ព្រោះ​ប៉េកាំង​មាន​ឆន្ទៈ​ដាច់​ខាត​ចង់​បន្ត​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​តាម​ផ្លូវ​នយោបាយ។ សហរដ្ឋ​អាមេរិក​និង​បារាំង នឹង​តំណាង​ដោយ​មន្ត្រី​ជាន់​ទាប។

អារ៉ាប៊ីសាអូឌីត​ជា​អន្តរការី​ខ្នាត​អន្តរជាតិ?

នេះមិនមែន​ជា​លើក​ទីមួយ​ទេដែល​អារ៉ាប៊ីសាអូឌីត​រៀប​ជំនួប​ប្រជុំ​ក្នុង​កម្មវត្ថុ​​សន្តិភាព។សម្រាប់​​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត ជំនួប​ប្រជុំ​ថ្ងៃ​នេះបាន​ឆ្លុះ​ឱ្យ​ឃើញថា​រីយ៉ាដ​មាន​​ពេលវេលាសម្រាប់​បំពេញ​បេសកកម្ម​​ជា​ប្រយោជន៍​ល្អ និង​ដើម្បី​ចូល​រួម​ចំណែក​ស្វែង​រក​ដំណោះស្រាយ​ដែល​នាំ​ឱ្យ​មាន​​សន្តិភាព​ជា​និរន្តន៍។

បន្ទាប់ពី​ឆ្លង​កាត់​នយោបាយការទូត​ដ៏​អាប់អោន​​ប្រកប​ដោយ​រឿង​អាស្រូវ​ បង្ក​ឡើង​ដោយ​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ប្រឆាំង​កាលពី​ឆ្នាំ​២០១៨ ឬ​ជាប់​ចោទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​វិបត្តិមនុស្សធម៌​នៅ​យេមែន អស់​ជា​ច្រើន​ឆ្នាំ។ អារ៉ាប៊ីសាអូឌីត​បាន​​ផ្សះផ្សា​​ទំនាក់ទំនង​ជាមួយ​អតីត​សត្រូវ ឬ​គូប្រជែង​វិញ ផ្តើម​ដោយ​ការ​​ភ្ជាប់​ទូត​ជាមួយ​កាតា តូកគីនិង អ៊ីរ៉ង់​ព្រមទាំង​ស៊ីរី និង​ប្រកាន់យុទ្ធសាស្ត្រ​ជា​អ្នករក្សា​តុល្យភាព។

ស្និទ្ធនឹង​ម៉ូស្គូ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹងក្រុងកៀវ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​អ្នក​នាំប្រេង​ចេញ​លេខ​មួយ​ពិភពលោក​ធ្លាប់​បាន​តាំង​ខ្លួន​ជា​អន្តរការី​ក្នុង​សង្គ្រាមនៅអ៊ុយក្រែន និង​នៅ​ក្នុង​តំបន់។ ​រីយ៉ាដក៏​​​កំពុង​ដឹក​នាំ​ការ​ចរចា​ឱ្យ​ស៊ូដង់ដែល​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​តាំងពី​ពាក់កណ្តាល​មេសា​មកផង។ កាលពី​ខែ​ឧសភា អារ៉ាប៊ីសាអូឌីត បាន​កោះ​ប្រជុំ​ក្រុម​សម្ព័ន្ធអារ៉ាប់ ​ហើយ​ថ្ងៃ​នេះ ​រាជាណាចក្រ​ការ​ទទួល​រៀប​ចំ​ជំនួបមួយ​ទៀតដើម្បី​អ៊ុយក្រែន គឺ​មក​ពី​អារ៉ាប៊ីសាអូឌីត​ចង់​ពង្រឹង​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មហាអំណាច​មធ្យម​ម្នាក់​នៅលើ​ពិភពលោក មាន​សមត្ថភាព​អាច​សម្របសម្រួល​ជម្លោះ​បាន។ នេះ​បើ​តាម​ទស្សនៈ​របស់​អ្នកទទួល​ខុស​ត្រូវ​អង្គការ​វិភាគ​នយោបាយ​អន្តរជាតិ​ ប្រចាំ​តំបន់​ដើម​បូព៌ា លោក Joost Hiltermann។

ម្យ៉ាង​ទៀត ជម្រើស​​ដោះស្រាយ​វិបត្តិ​ក្បែរ​ឥណ្ឌា​ឬ​ប្រេស៊ីល​ដែល​សុទ្ធ​សឹង​ជា​មហាអំណាច​មធ្យម​ដូច​គ្នា​ និង​ជា​ក្រុមដូច្នេះ ជា​មធ្យោបាយ​មួយ​ដែល​អាចមាន​ឥទ្ធិពល​ខ្លាំង​។ ដូច្នេះ​ទោះ គ្មាន​លទ្ធផល ក៏ជំនួប​ប្រជុំនេះបាន​​រុញ​អារ៉ាប៊ីសាអូឌីត​ឱ្យ​ស្ថិត​នៅក្នុង​ជំហរ​ជា​អន្តរការី​មួយ​ដ៏​ពិតៗ ដែល​អាច​និយាយ​ជាមួយ​ភាគី​ជម្លោះរុស្ស៊ី​និង​អ៊ុយក្រែន​បាន​ទាំង​សង​ខាង និង​ជា​​ជោគជ័យ​ការទូត​មួយសម្រាប់​​រាជបុត្រ​ស្នង​រាជ្យ​ បេនសាល់ម៉ាន ព្រោះ​ក្នុង​នាម​ជាអ្នក​ស្វះស្វែង​រក​សន្តិភាព​ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ជឿថា​គេនឹង​អាច​បំភ្លេច​បាន​នូវ​រូបភាព​អាក្រក់ៗ​របស់​រាជាណាចក្រ ក្នុង​វិស័យ​សិទ្ធិមនុស្ស​។ នេះបើ​តាម​អ្នក​វិភាគ​។

អ៊ុយក្រែនគាំទ្រ​គំនិតផ្តួចផ្តើម​របស់អារ៉ាប៊ីសាអូឌីត?

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចាត់ទុក​ជំនួប​ប្រជុំ​ផ្តួច​ផ្តើម​ដោយ​អារ៉ាប៊ីសាអូឌីត​ថ្ងៃនេះ​ថា​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ខ្លាំង​ណាស់។​ ប៉ុន្តែ​លោក​ហ្សេឡេនស្គី បាន​ឆ្លៀត​បន្ទោស​ក្រុង​រីយ៉ាដ​ថា​ផ្សំ​គំនិត​ជាមួយ​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​បស្ចិមលោក តាម​រយៈ​ការ​​គាំទ្រ​និង​អនុម័ត​យក​​នយោបាយកាត់​បន្ថយ​ការ​បូមប្រេង​​ដំឡើង​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក។​ ការ​សម្រេច​បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​​របស់​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី​​រហូត​ដល់​ខែ​កញ្ញា បាន​និង​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​វិញ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ទេ​ គិត​ក្នុង​រយៈ​ពេល​ជិត​បី​ខែមក​នេះ។

សូមរំឮក​ថា​នៅ​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​នៅ​​អ៊ុយក្រែន​ភ្លាម​ តម្លៃ​ប្រេង​ឆៅ​លើ​ពិភពលោក​បាន​ស្ទុះ​ឡើង​ជា​គំហុក និង​ជា​ការ​បើក​ឱកាសលើក​អារ៉ាប៊ីសាអូឌីត​ឱ្យ​ត្រដែត​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ។ មហា​អំណាច​ធំៗ រាប់​តាំងពី​សហរដ្ឋ​អាមេរិក បារាំង ... បាន​នាំ​គ្នា​ងាក​មករាប់​អានអារ៉ាប៊ីសាអូឌីត ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​នេះ​ឱ្យ​ជួយ​ទប់​តម្លៃ​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ