អានតួអត្ថបទ

ហ្វូគូស្ហ៊ីម៉ា៖ ជប៉ុន​បរិហារ​ទង្វើបំពារបំពាន​​ចិន​ថា​គួរ​ឱ្យ​សោកស្តាយ

តូក្យូ​​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​អង្គារ​ទី ២៩​សីហា​២៣​នេះ​ ចំពោះសកម្មភាព​ចិន​​ប្រឆាំង​នឹង​ជប៉ុន ដោយ​បរិហារ​​ថាជា​​ទង្វើបំពារបំពានគួរ​ឱ្យ​សោកស្តាយ។ តាំងពី​ជប៉ុន​ចាប់​​បង្ហូរ​កាក​សំណល់នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​​ទៅ​ក្នុង​សមុទ្ទ​មក​ ប្រជាពលរដ្ឋ​ចិន​បាន​នាំ​គ្នា​តវ៉ា​និង​ឈាន​ដល់​គប់​ដុំ​ថ្ម​លើ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉េកាំង​ទៀត។

ពលរដ្ឋ​ប្រឆាំង​តវ៉ា​នឹង​ការ​បង្ហូរ​ទឹក​សំណល់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅក្នុង​សមុទ្ទ
ពលរដ្ឋ​ប្រឆាំង​តវ៉ា​នឹង​ការ​បង្ហូរ​ទឹក​សំណល់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅក្នុង​សមុទ្ទ © Norihiro Haruta/AP
ផ្សាយពាណិជ្ជកម្ម

ទង្វើ​បំពារបំពាន​ចិន ដែល​មាន​ជា​អាទិ៍​ការ​ទូរស័ព្ទ​ទៅ​រំខាន​ក្រុមហ៊ុនសហគ្រាស​​ជប៉ុននានា​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​សាលា​រៀន​ជប៉ុន​​នៅ​ប្រទេស​ចិន ជា​ទង្វើ​គួរ​ឱ្យ​ព្រួយ​បារម្ភ​និង​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​យូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី ដោយ​បាន​​​បញ្ជាក់​​​អំពីដំណឹង​ដែល​ថា​មាន​ពលរដ្ឋ​ចិន​បាន​យក​ដុំ​ឥដ្ឋ​ទៅ​គប់លើ​ស្ថានទូត​ជប៉ុន​​ប្រចាំ​ទីក្រុង​ប៉េកាំង ជា​ព័ត៌មានពិត។

រហូត​មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ទេ​បាតុកម្ម​និង​អំពើ​ហិង្សា​ប្រឆាំង​ជប៉ុន គឺ​មាន​តែ​មនុស្ស​ពីរបី​​ម្នាក់ប៉ុណ្ណោះ​ ដែល​មក​ធ្វើ​សកម្មភាព​នៅ​មុខ​ស្ថានទូត​ និង​ត្រូវ​បាន​កង​កម្លាំង​រក្សា​សុវត្ថិភាព​ចិន​ចាប់​ខ្លួន​ហើយ។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន​ចាត់​វិធានការ​សម​ស្រប​ភ្លាម​ ដូច​ជា​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចិន​បញ្ចេញ​សកម្មភាព​ដោយ​ស្ងប់ស្ងាត់ ដើម្បីកុំ​ឱ្យ​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ​ជាង​នេះ និង​ប្រើ​គ្រប់​លទ្ធភាព​ធានាការពារ​សុវត្ថិភាព​របស់​ពលរដ្ឋ​ជប៉ុន​នៅ​ចិន។ ជប៉ុន​បាន​ថែម​ទាំង​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ទីក្រុង​តូក្យូ​ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​ទង្វើ​បៀត​បៀន​របស់​ចិន​នេះ​រួច​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។ ជាង​នេះ​ទៅ​ទៀត លោក យូស្ហ៊ីម៉ាសា ហាយ៉ាស្ហ៊ី​ បាន​ទទូច​ឱ្យ​ប៉េកាំង​ផ្តល់​ព័ត៌មាន​ពិត​ស្តីពី​គុណភាព​ទឹក​ដែល​ជប៉ុន​បង្ហូរ​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្ទ​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មុន​មក ប្រសើរ​ជាង​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ឥត​ប្រយោជន៍ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​គ្មាន​មូលដ្ឋាន​បែប​វិទ្យាសាស្ត្រ។

ជា​ប្រតិកម្ម​តប អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ចិន​ការពារសន្តិសុខ សិទ្ធិ​និង​​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​បរទេស​នៅលើ​ទឹក​ដី​ចិន​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជា​និច្ច។ ប៉ុន្តែ​ចិន​សុំឱ្យ​ជប៉ុន​ឆ្លើយ​តប​ទៅ​នឹង​ក្តី​ព្រួយ​បារម្ភ​ដ៏​ត្រឹម​ត្រូវ​របស់​គ្រប់​ភាគី​ ហើយ​បញ្ឈប់​ការ​បង្ហូរ​ទឹកមាន​ជាតិ​វិទ្យុ​សកម្ម​នុយក្លេអ៊ែរ​ទៅ​ក្នុង​សមុទ្ទ និង​គ្រប់គ្រង​​ទឹក​មាន​សារធាតុ​ពុល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ ចិន​បាន​ប្រកាស​ព្យួរការ​នាំ​ចូល​ផលិតផល​គ្រឿង​សមុទ្ទ​មក​ពី​ជប៉ុន តាំងពីជប៉ុន​ចាប់​បង្ហូរ​ទឹកនៅ​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា​ទៅក្នុង​សមុទ្ទមក។

​​តូក្យូ​បាន​ធានា​ថា​ទឹកបង្ហូរ​ទៅ​សមុទ្ទ​​នោះ​គ្មាន​គ្រោះ​ថ្នាក់​ដល់​បរិស្ថាន​និង​សុខភាព​មនុស្ស​ទេ។ ភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ ក៏​អនុញ្ញាត​ឱ្យ​បង្ហូរ​ចេញ​ទៅ​សមុទ្ទ​ដែរ។ មុន​នឹង​បង្ហូរ​ចេញ ក្រុមហ៊ុន​បាន​សម្អាត​ជាតិ​ពុល​ក្នុង​ទឹក​នោះ ​នៅ​សល់​តែ​ជាតិ​Tritium ដែល​បន្ទាប់​ពីលាយ​ជាមួយ​ទឹក​សមុទ្ទ​​ ​មាន​កំរិតសារធាតុ​វិទ្យុសកម្ម ក្រោម​​បទដ្ឋាន​សុវត្ថិភាពជប៉ុន​​ដល់​ទៅ​៤០​ដង​។ លទ្ធផល​នៃ​ការ​​​វិភាគ​ទឹក​សមុទ្ទ​ក្រោយ​ការ​បង្ហូរ​បាន​បញ្ជាក់​ថា​អាជ្ញាធរ​ជប៉ុន​និង​ក្រុមហ៊ុន​តិបកូ ព្រមទាំង​AIEA សុទ្ធ​តែ​បង្ហាញ​ថា​សារធាតុ​វិទ្យុសកម្ម​ក្នុង​ទឹក​ទាប​ជាង​កំរិត​អតិបរមា​កំណត់​ក្នុង​បទដ្ឋាន​សុវត្ថិភាព​១៥០០Bg/Lមែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ