អានតួអត្ថបទ

ចិនប្រកាសឈប់នាំចូលគ្រឿងសមុទ្រ ក្រោយជប៉ុនផ្ដើមបង្ហូរទឹកវិទ្យុសកម្មបន្សុទ្ធរួចជាផ្លូវការ

ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសបញ្ឈប់ការនាំចូលគ្រឿងសមុទ្រមានប្រភពពីជប៉ុន ដើម្បីឆ្លើយតបនឹងទៅការសម្រេចចិត្តរបស់ជប៉ុន ដែលបានផ្ដើមបង្ហូរទឹកវិទ្យុសកម្មបន្សុទ្ធរួចចូលទៅក្នុងមហាសមុទ្រជាផ្លូវការ។ ជាផែនការដែលចិនតែងបានប្រតិកម្មរិះគន់យ៉ាងចាស់ដៃ តាំងពីដំបូង ដោយបានចាត់ទុកថាជាការសម្រេចចិត្តដែលអាត្មានិយម និងគ្មានទំនួលខុសត្រូវ។ នៅចំពោះមុខនេះ ប្រធានក្រុមហ៊ុនតិបកូរបស់ជប៉ុនថា នឹងផ្ដល់សំណងចំពោះរាល់ការខូចខាតកើតចេញការសម្រេចរបស់ចិននេះ។

Wang Wenbin
Wang Wenbin © Reuters
ផ្សាយពាណិជ្ជកម្ម

នៅទីផុត ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមបញ្ចេញទឹកវិទ្យុសកម្មដែលបានបន្សុទ្ធរួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីបានជជែកដេញដោលជាច្រើនឆ្នាំ និងក្រោយបានរងមតិប្រឆាំងរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ចិន។

កន្លងមក ជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) អះអាង ផែនការបង្ហូរទឹកដែលបន្សុទ្ធរួចលែងមានវិទ្យុសកម្មទាំងនេះចូលទៅក្នុងទឹកសមុទ្រ គោរពដោយត្រឹមត្រូវទៅតាមក្រឹត្យក្រម លក្ខខណ្ឌសុវត្ថិភាពអន្តរជាតិ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថានឡើយ។

ក៏ប៉ុន្តែសម្រាប់ចិនវិញ ផែនការនេះ គឺមានភាពអត្មានិយម និងគ្មានទំនួលខុសត្រូវ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងមតិរិះគន់និងប្រឆាំងជាថ្មី ដោយបានប្រកាសចាត់រាល់វិធានការចាំបាច់ ក្រោមហេតុផលការពារដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខុមាលភាពប្រជាជន។ តាមលោក Wang Wenbin ផែនការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ គឺជាបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរដ៏ធំមួយ ដែលមានផលប៉ះពាល់ឆ្លងព្រំដែន និងមែនមែនជាបញ្ហាសម្រាប់ប្រទេសតែមួយនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមថា រដ្ឋាភិបាលជប៉ុន បានបរាជ័យ ក្នុងការបញ្ជាក់ពីភាពត្រឹមត្រូវនិងភាពស្របច្បាប់នៃផែនការ របស់ខ្លួន ទិន្ន័យស្ដីពីការបំពុលទឹក ការពិគ្រោះជាមួយភាគីពាក់ព័ន្ធ និងការបង្ហាញទំនួលខុសត្រូវក្នុងការសម្អាតទឹកសមុទ្រឡើងវិញក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះនាយកដ្ឋានគយរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានប្រកាស បញ្ឈប់ការនាំចូលរាល់ផលិតផលជលផលដែលមានប្រភពពីប្រទេសជប៉ុន។

នៅចំពោះមុខនេះ អ្នកវិភាគបានមើលឃើញថា ទន្ទឹមដែលចិនអាចមានក្ដីបារម្ភស្ដីពីបញ្ហាសុវត្ថិភាពចំណីអាហារពិតមែន ក៏ប៉ុន្តែប្រតិកម្មយ៉ាងខ្លាំងក្លារបស់ចិននេះ ក៏រួមចំណែកពីបញ្ហាប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងដ៏តានតឹងបង្កឡើងពីបញ្ហាបន្សល់ទុកពីអតីតកាល រវាងប្រទេសទាំងពីរនេះដែរ។ ចំណែកសម្រាប់កូរ៉េខាងត្បូងវិញ ក៏ហាក់មិនសូវបង្ហាញក្ដីជំទាស់ខ្លាំងដូចមុន ចំពោះផែនការរបស់ជប៉ុននេះឡើយ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានគេសង្កេតឃើញ ថា កំពុងស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន។  

សូមបញ្ជាក់ថា ក្រុមហ៊ុនតិបកូរបស់ប្រទេសជប៉ុន ត្រូវការពេលដល់៣០ឆ្នាំ ដើម្បីបង្ហូរទឹកប្រមាណ១លាន៣សែនតោន ចូលក្នុងសមុទ្រ ដើម្បីធានាថា ក្នុងមួយថ្ងៃ ទឹកដែលបង្ហូរចូលក្នុងសមុទ្រ នឹងមិនឲ្យមានសារធាតុទ្រីស្យ៉ូម ច្រើនជាង៥០០តោននោះទេ ខណៈបើតាមអ្នកជំនាញ ទឹកដែលមានកំហាប់ប្រមូលផ្តុំសារធាតុទ្រីស្យ៉ូមច្រើន ទើបបង្កផលប៉ះពាល់ដល់សុខភាព៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ