អានតួអត្ថបទ
ព្រំដែនភូមាថៃ

ផ្ទុះអាវុធនៅ​ទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ

ថៃពង្រាយរថពាសដែក និងពង្រឹង​ទាហាន​នៅព្រំដែន​ជាមួយ​ប្រទេស​ភូមា ខណៈពេល​ដែល​មាន​ការប្រយុទ្ធគ្នាកាន់តែ​ខ្លាំង​រវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម​​នៅ​ទីក្រុង​ជាប់ព្រំដែន​ភូមាថៃ​។ នៅក្នុងទស្សនកិច្ច​ទៅកាន់តំបន់ជាប់ព្រំដែនកាលពីថ្ងៃសុក្រទី​១២​មេសា រដ្ឋមន្រ្តីការបរទេស​ថៃ លោក Parnpree Bahiddha-Nukara​និយាយប្រាប់អ្នកកាសែតថា ថៃ​មិនអនុញ្ញាត​ឱ្យអ្នកណាម្នាក់រំលោភចូលដីរបស់ខ្លួនទេ។ ប្រមុខការបរទេស​ថៃ​លើកឡើងយ៉ាងដូច្នេះ​ ដោយសារ​តែមានក្តីបារម្ភថា កងទ័ពភូមា​អាច​វាយប្រហារ​សងសឹក​ក្រុមឧទ្ទាម ក្រុមប្រឆាំងភូមា​ដែល​ទើបវាយចូលកាន់កាប់ទីក្រុង​យុទ្ធសាស្រ្តMyawaddy ជាប់ព្រំដែនថៃកាលពីថ្ងៃព្រហស្បតិ៍។

ថៃពង្រាយទ័ពនៅព្រំដែនជាមួយភូមា នៅបន្ទាប់ពីកងទ័ពរបបសឹកភូមា​បរាជ័យ ដកថយចេញពីទីក្រុង​យុទ្ធសាស្រ្តជាប់ព្រំដែនថៃ​ត្រង់ច្រកក្រុង​Mae Sot កាលពីថ្ងៃទី១១​មេសា ២០២៤
ថៃពង្រាយទ័ពនៅព្រំដែនជាមួយភូមា នៅបន្ទាប់ពីកងទ័ពរបបសឹកភូមា​បរាជ័យ ដកថយចេញពីទីក្រុង​យុទ្ធសាស្រ្តជាប់ព្រំដែនថៃ​ត្រង់ច្រកក្រុង​Mae Sot កាលពីថ្ងៃទី១១​មេសា ២០២៤ REUTERS - Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅតាមបណ្តោយព្រំដែនភូមា ថៃ​ ត្រង់ច្រក Mae Sot ​រថពាសដែក​ចំនួន​៧គ្រឿងដែលដឹកទាហានថៃ បានទៅដល់​ព្រំដែន​តាំងពីព្រឹកថ្ងៃ​សុក្រ។ ភាគីថៃ​បាន​ពង្រឹង​សន្តិសុខ និងដាក់​ពង្រាយកងទ័ព​នៅ​តំបន់​ជាប់ព្រំដែនជាមួយភូមា នៅខណៈពេល​ដែល​ការប្រយុទ្ធគ្នានៅ​ទឹកដីភូមាដែលជាប់ព្រំដែនជាមួយថៃ កាន់តែ​មានសន្ទុះខ្លាំងឡើង ពីមួយ ទៅមួយថ្ងៃ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដែលរួមគ្នាជាមួយក្រុមប្រឆាំង​បាន​ប្រកាស​ថា គេបានវាយបណ្តេញ​កងទ័ព​ចេញពី​ទីក្រុង​យុទ្ធសាស្រ្ត Myawaddy ដែល​ជាច្រកពាណិជ្ជកម្ម​សំខាន់​របស់​របបសឹកជាមួយ​ប្រទេស​ថៃ។ តាម​អ្នកនាំពាក្យ​របស់​សហភាពជាតិការ៉ែន ទាហានរបស់​រដ្ឋាភិបាលសឹកភូមា​ប្រមាណ ២០០នាក់​បានបាក់ទ័ព ​ដកថយចេញពីមូលដ្ឋានទ័ព និង​រត់ទៅជ្រកពួន នៅ​ត្រង់ស្ពាន​ដែលតភ្ជាប់ទៅទីក្រុង​ Mae Sotក្នុងទឹកដីថៃ។

អ្នកនាំពាក្យ​របស់​របបសឹក លោក​ ច មីនទុន​ បាន​និយាយប្រាប់កាសែតក្នុងស្រុកភូមាថា កងទ័ពពិតជាបានដកខ្លួន​ចេញពីមូលដ្ឋានទ័ព​នៅ​ទីក្រុង​ Myawaddy ដើម្បី​សុវត្ថិភាព សន្តិសុខ​ក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍អង់គ្លេសBBC​ ផ្នែកភាសា​ភូមា អ្នកនាំពាក្យរបបសឹក​បញ្ជាក់ថា ភូមា​កំពុង​ចរចាជាមួយ​ភាគីថៃ​ដើម្បី​អាច​ចូលទៅ​រំដោះយក​ទាហានទាំងនោះតាមរយៈទឹកដីថៃ។ មន្រ្តីភូមា​នៅបានទទួលស្គាល់ថា សមាជិកក្រុមប្រឆាំង​មួយចំនួន​ចាប់ផ្តើម​ដើរចូលក្នុងទីក្រុង​ Myawaddyហើយ នៅថ្ងៃសុក្រទី ១២មេសា។ បើតាម​មន្រ្តីយោធា​ភូមាវិញ ​ដែលស្រង់សំដីដោយទីភ្នាក់ងារ​ព័ត៌មានបារាំង AFP របបសឹក​កំពុង​គ្រោង​បញ្ជូនទ័ពបន្ថែមដើម្បី​ជួយ​ប្រយុទ្ធ​នៅសមរភូមិ​ Myawaddy។

ការផ្ទុះអាវុធ​ប្រយុទ្ធគ្នានៅ​ទីក្រុង​កៀកជាប់នឹងព្រំដែន​ភូមា ថៃ​យ៉ាងដូច្នេះ មិនមែន​ជា​រឿងល្អទេ​សម្រាប់ថៃ ដែលមានព្រំដែនជាមួយ​ភូមា​ដល់​ទៅ​២៤០០គីឡូម៉ែត្រ។ នៅក្នុងដំណើរចុះទៅត្រួតពិនិត្យមើល​ស្ថានការណ៍នៅព្រំដែនកាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេស​ថៃ លោក ​ ប៉ានព្រី ផាហ៊ីថានុកន (Parnpree Bahiddha-Nukara) បាននិយាយប្រាប់អ្នកកាសែតថា លោកបានស្នើសុំ​ខាងកងទ័ពភូមា​កុំ​ឲ្យវាយប្រហារ​សងសឹក​ទៅលើ​ក្រុមប្រឆាំង ក្រុមឧទ្ទាមដែលទើបវាយដណ្តើមកាន់កាន់​ទីក្រុង​ Myawaddy។

ភាគីថៃ​បារម្ភថា ការប្រយុទ្ធវាយបក​របស់​កងទ័ពភូមា មិនត្រឹម​បង្ក​ឱ្យមានរលកប្រជាជនភៀសខ្លួនភូមា​ដែលរត់ឆ្លងដែនមកជ្រកសុវត្ថិភាពក្នុងទឹកដីតែប៉ុណ្ណោះទេ ប៉ុន្តែ ថៃ​ខ្លាចថា ការវាយប្រហារ​សងសឹក​របស់​កងទ័ពភូមា​នឹង​អាច​រាលដាល​ឆ្លងចូល​ក្នុងដីថៃ។ នៅក្នុង​បទពិសោធន៍ ​កាលពីឆ្នាំ​២០២២ កងទ័ពថៃ​បាន​បញ្ចេញ​យន្តហោះចម្បាំងរបស់ខ្លួន​ នៅបន្ទាប់ពី​កងទ័ពជើងអាកាសភូមា​ហោះរំលោភចូលក្នុងដែនអាកាសថៃ ដើម្បីអាច​ទម្លាក់គ្រាប់ វាយប្រហារ​ទៅលើ​កងកម្លាំង​របស់​ក្រុមប្រឆាំង​នឹងរដ្ឋប្រហារ។

លើកនេះ រដ្ឋមន្រ្តីការបរទេស​ថៃ បាន​បញ្ជាក់ថា ភាគីថៃ​បាន​បញ្ជាក់ហើយថា ថៃ នឹង​មិនអនុញ្ញាត​ឲ្យអ្នកណាម្នាក់រំលោភចូលក្នុងដីថៃនោះ។ ការពង្រាយកងទ័ពថៃ​ឲ្យឈរជើង​នៅ​ព្រំដែន​បង្ហាញយ៉ាងច្បាស់​ថា ថៃត្រៀមខ្លួន​ដើម្បីការពារ មិនឱ្យអ្នកណារំលោភដែនអធិបតេយ្យភាព​របស់ថៃ។

សម្រាប់ប្រមុខការបរទេសថៃ លោក​ប៉ានព្រី ផាហ៊ីថានុកន ថៃ​អាចចូលខ្លួនជាអ្នកសម្របសម្រួល ប្រសិន​បើភាគីជម្លោះភូមាយល់ព្រម ព្រោះថា ថៃមិនចង់ឃើញការប្រយុទ្ធគ្នា​ដ៏ហិង្សា​នៅ​ទីក្រុង​​ Myawaddyដែលជាប់ជាមួយក្រុងMae Sot ហើយដែលជាច្រកពាណិជ្ជកម្ម​តភ្ជាប់​រវាងប្រទេស​ទាំងពីរ ថៃភូមា។

ប្រសិន​បើ​ទីក្រុង​Myawaddyធ្លាក់ទៅក្នុងដៃគ្រប់គ្រងទាំងស្រុង​របស់​ក្រុមឧទ្ទាមជនជាតិភាគតិចការ៉ែនដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុមប្រឆាំងនឹងរដ្ឋប្រហារ នោះ វា​ជាការ​ចាញ់សង្រ្គាមដ៏អាម៉ាស់មុខមួយទៀត​របស់​របបសឹកភូមា ដែល​ចាប់​របូតបាត់​ទីក្រុងធំៗជាច្រើន​នៅ​ជាប់​ព្រំដែន​ជាមួយ ចិន ឥណ្ឌា ហើយនិងចុងក្រោយនេះ គឺនៅព្រំដែនជាមួយថៃ។ កាលពី​ថ្ងៃពុធទី​១០មេសា កងកម្លាំងជនជាតិភាគតិចអារ៉ាខាន ​នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិច​ភូមា​ជាប់ជាមួយ​បង់ក្លាដែស​បាន​អំពាវនាវ​ឲ្យប្រជាជន​ក្នុងរដ្ឋធានី Sittwe​រត់មក​ជ្រកក្នុងតំបន់រំដោះ ព្រោះថា​ពួកគេកំពុងត្រៀម​បើកការប្រយុទ្ធផ្តាច់ព្រ័ត្រ ជាមួយកងទ័ពភូមា។ កងទ័ព​ភូមា​កំពុង​គ្រប់គ្រង​រដ្ឋធានី Sittweនៅឡើយទេប៉ុន្តែ នៅប៉ុន្មានសប្តាហ៍មកនេះ​កម្លាំងទ័ពអារ៉ាខានបានវាយលុកដណ្តើមយកបាន​ស្រុកជាច្រើននៅជុំវិញ និងឡោមព័ទ្ធរដ្ឋធានី Sittweរបស់របបសឹកភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ