កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីម៉ាលី ដែលប្រជាជនធ្វើបាតុកម្មទាមទារឲ្យចុះចេញពីអំណាច
នៅប្រទេសម៉ាលី កងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីកាលពីយប់ថ្ងៃអង្គារម្សិលមិញ។ នៅប៉ុន្មានម៉ោងក្រោយ ប្រធានាធិបតីម៉ាលី ដែលត្រូវកងទ័ព ចាប់ខ្លួនជាមួយនាយករដ្ឋមន្រ្តី យកទៅទុកនៅបន្ទាយទាហាន ក្បែររដ្ឋធានី បាម៉កូ បានប្រកាស ចុះចេញពីតំណែង រំលាយរដ្ឋាភិបាល និងរំលាយសភា។ សហគមន៍អន្តរជាតិ ថ្កោលទោស ការធ្វើរដ្ឋប្រហារ ចំណែក សហគមន៍សេដ្ឋកិច្ចនៃប្រទេសអាហ្វ្រិកខាងលិច បានប្រកាសភ្លាមៗ ថ្កោលទោស និងបិទព្រំដែនជាមួយប្រទេសម៉ាលី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៧
នៅប្រទេសម៉ាលី រដ្ឋប្រហាររបស់មន្រ្តីយោធា និងទាហានបះបោរបានឈានទៅចាប់ឃុំខ្លួន ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី នៅបន្ទាយទាហាន។ នៅប៉ុន្មានម៉ោងក្រោយរដ្ឋប្រហារ ប្រធានាធិបតី ម៉ាលី លោកអ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា Ibrahim Boubacar Keïtaប្រកាស ចុះចេញពីអំណាច និងរំលាយរដ្ឋសភា។
អ្នកនាំពាក្យរបស់ទាហានបះបោរ ដែលចូលទៅចាប់ប្រធានាធិបតី ដល់គេហដ្ឋាន កាលពីថ្ងៃអង្គារ បានចេញមុខ ប្រកាសតាមទូទស្សន៍ ថា ពួកគេ ជាកងទ័ពស្នេហាជាតិ ដែលប្រមូលផ្តុំក្នុង “គណៈកម្មការជាតិសម្រាប់ស្រោចស្រង់ប្រជាជន។”
រដ្ឋប្រហារទមា្លក់មេដឹកនាំជាទម្លាប់ប្រពៃណី កើតមាននៅប្រទេសម៉ាលី។ ការផ្លាស់ប្តូររបបដឹកនាំនីមួយៗ ធ្វើឡើងតាមរយៈ ការធ្វើរដ្ឋប្រហារ មុននឹងមានការចរចា បង្កើតរដ្ឋាភិបាលស៊ីវិល ឡើងវិញ តាមការបោះឆ្នោត។
ហេតុការណ៍ធ្វើរដ្ឋប្រហារ នៅថ្ងៃអង្គារ មានលក្ខណៈស្រដៀងគ្នានឹងរដ្ឋប្រហារ កាលពីឆ្នាំ ២០១២ ទាំងឈ្មោះបន្ទាយទាហានKati និងរូបភាពកងទ័ព ដែលបានបើករថយន្ត ចូលទៅវិមានប្រធានាធិបតី នៅទីក្រុង ប៉ាម៉ាកូ។ អ្វីដែលខុសប្លែក ពីឆ្នាំ ២០១២ គឺនៅត្រង់ថា លោកប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា គ្មានសំណាង បានរត់គេចខ្លួន ដូចប្រធានាធិបតីមុន។ គឺរដ្ឋប្រហារឆ្នាំ ២០១២ ដែលបានបើកផ្លូវឲ្យមានការបោះឆ្នោត ជ្រើសតាំង លោកអ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ជាប្រធានាធិបតីម៉ាលី នៅឆ្នាំ ២០១៣។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យរបស់ក្រុមយោធាបះបោរ បានអះអាងថា ពួកគេសម្រេចធ្វើរដ្ឋប្រហារ លើកនេះ ក៏ដោយសារ តែ ឃើញថា ម៉ាលីបានធ្លាក់ខ្លួនកាន់តែជ្រៅ ក្នុងវិបត្តិ ចលាចល អនាធិបតេយ្យ និងអសន្តិសុខ ដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវរបស់មេដឹកនាំ។
នៅក្រោយធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី កងទ័ពម៉ាលីសន្យារៀបចំការបោះឆ្នោត ដើម្បី ផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។ អ្នកនាំពាក្យរបស់ក្រុមទាហានបះបោរ បាននិយាយធានាថា ពួកគេនឹងប្រគល់ផ្ទេរអំណាចដឹកនាំប្រទេស ទៅឲ្យរដ្ឋាភិបាលស៊ីវិល អន្តរកាល មួយ ដែលមានតួនាទីរៀបចំ ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សាជាថ្មី។
រដ្ឋប្រហារទម្លាក់ប្រធានាធិបតី ម៉ាលី បានទទួលការអបអរសាទរ ពីប្រជាជន ម៉ាលី និងចលនារបស់សម្ព័ន្ធអ្នកប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្មតាំងពីខែមិថុនា មកដើម្បីទាមទារឲ្យលោកប្រធានាធិបតីអ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ចុះចេញពីអំណាច។
នៅម៉ាលី ដែលមានប្រជាជនរស់នៅ ២០លាននាក់ រដ្ឋាភិបាលរបស់លោក អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា បានរងការរិះគន់ ថា បន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភា ប្រព្រឹត្តអំពើពុករលួយ បែងចែកអំណាចតែក្នុងចំណោម សមាជិកគ្រួសាររបស់អ្នកមានអំណាច។ ពួកគេចោទប្រកាន់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ផងដែរថា អសមត្ថភាព មិនអាចបិទបញ្ចប់ បញ្ហា អសន្តិសុខ បង្កឡើងដោយសារ ការវាយប្រហារ ភេរវកម្ម របស់ក្រុមជីហាតអ៊ីស្លាមជ្រុលនិយម នៅតំបន់កណ្តាល និងភាគខាងជើង ម៉ាលី។
អសន្តិសុខ បូករួមជាមួយ វិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ បានធ្វើឲ្យប្រជាជនម៉ាលីមានកំហឹង ស្អប់មេដឹកនាំ របស់ខ្លួនកាន់តែខ្លាំងឡើង។ នៅមុនរដ្ឋប្រហារទមា្លក់ប្រធានាធិបតីទៅទៀត សម្ព័ន្ធក្រុមប្រឆាំងបានអំពាវនាវ ឲ្យប្រជាជនម៉ាលីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី នៅពេញ១សប្តាហ៍ក្រោយ។
សហគមន៍អន្តរជាតិថ្កោលទោសរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតីចេញពីការបោះឆ្នោត
រដ្ឋប្រហាររបស់កងទ័ពម៉ាលីបានទទួលការគាំទ្រពីប្រជាជនក្នុងស្រុកមែន ប៉ុន្តែ សហគមន៍អន្តរជាតិ និងប្រទេសអាហ្វ្រិកជិតខាងបានថ្កោលទោស យ៉ាងខ្លាំង។
នៅក្រោយរដ្ឋប្រហារ ទម្លាក់តំណែងប្រធានាធិបតី ម៉ាលី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរក៍ បានអំពាវនាវក្រុមយោធាបះបោរ ឲ្យដោះលែង លោកប្រធានាធិបតី ម៉ាលី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ត្រូវបើកកិច្ចប្រជុំបន្ទាន់ នៅល្ងាចថ្ងៃពុធ នៅទីក្រុងញូវយ៉ក ដើម្បី និយាយពីវិបត្តិនៅម៉ាលី ទៅតាមការស្នើសុំរបស់បារាំង និង នីហ្សេ ដែលជាប្រធានផ្លាស់វេន នៃសហគមន៍ សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច Cédéao។
បារាំង ដែលបញ្ជូនទ័ព ជាង៥ពាន់នាក់ សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងក្រុមជីហាត អ៊ីស្លាមជ្រុលនិយម នៅតំបន់សាហែល ដែលនៅក្នុងនោះ មានផងដែរ ទឹកដីម៉ាលី តាំងពីឆ្នាំ ២០១២ បានថ្កោលទោស រដ្ឋប្រហារយោធាកាលពីថ្ងៃម្សិលមិញ និងបានទាមទារឲ្យមានការចរចាសន្តិភាព ក្រោមជំនួយគាំទ្ររបស់សហគមន៍ អាហ្រិ្វកខាងលិច Cédéao។
សហគមន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច Cédéao ដែលម៉ាលីជាសមាជិកមួយដែរនោះ បានប្រកាស បិទព្រំដែន គោក អាកាស បិទច្រកទំនាក់ទំនងសេដ្ឋកិច្ច រួមទាំងប្រកាស ដាក់ទណ្ឌកម្ម លើមន្រ្តីយោធា ដែលបះបោរ ធ្វើរដ្ឋប្រហារទម្លាក់ ប្រធានាធិបតី ម៉ាលី កាលពីថ្ងៃម្សិលមិញ។ តាមវិមានប្រធានាធិបតីនីហ្សេ ក្រុមប្រទេសសមាជិក Cédéao នឹងបើកសន្និសីទវីដែអូបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍។
រដ្ឋប្រហារយោធានៅម៉ាលី នៅថ្ងៃម្សិលមិញ ក៏អាចជាលទ្ធផលនៃបរាជ័យរបស់ អង្គការCédéaoដែលក្នុងនាមខ្លួនជាអន្តរការី ប៉ុន្តែ មិនសម្របសម្រួល លោក ប្រធានាធិបតី ម៉ាលី ជាមួយ ក្រុមបក្សប្រឆាំង។
ហេតុអ្វី បានជាគេត្រូវចាប់អារម្មណ៍ពីរដ្ឋប្រហារយោធា នៅ ប្រទេសម៉ាលី?
ប្រទេសម៉ាលី ដែលឡោមព័ទ្ធដោយប្រទេសអាហ្វ្រិកដល់ទៅ ៧នៅអាហ្វ្រិកខាងលិច ជាប្រទេសផលិត នាំចេញ អំបោះកូតុង ធំជាងគេក្នុងពិភពលោក និងជាប្រទេសនាំចេញ មាស ទី៤ ក្នុងលោក។ ប៉ុន្តែ ម៉ាលី បានជួបបញ្ហា អសន្តិសុខ តាំងពីឆ្នាំ ២០១២ ដោយសារការវាយប្រហារកាន់តែច្រើន របស់ក្រុមឧទ្ទាម Touarec ហើយនិងពួកជីហាត បណ្តាញរបស់អាល់កៃដា ដែលបានពង្រាយខ្លួន បោះទីតាំងនៅតំបន់កណ្តាល និងភាគខាងជើងម៉ាលី។ ក្រុមជីហាត កាន់តែខ្លាំងដៃ ដោយសារមានអាវុធ យុទ្ធភ័ណ្ឌ ដែលពួកនេះ បានលួចយកពីលីប៊ី នៅក្រោយ បដិវត្តផ្តួលរំលំរបបកាដាហ្វី។
បារាំងដែលធ្លាប់ធ្វើអាណានិគមលើប្រទេសម៉ាលី បានបញ្ជូនកងទ័ពទៅវាយបណ្តេញ ពួកជីហាត នៅឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៤ បារាំងបានប្រែក្លាយប្រតិបត្តិការយោធារបស់ខ្លួនទៅជាប្រតិបត្តិការប្រឆាំងជីហាត នៅតំបន់សាហែល។ ចាប់តាំងពីឆ្នាំ ២១០៣ អង្គការសហប្រជាជាតិបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មួកខៀវ សម្រាប់ប្រតិបត្តិការដ៏សំខាន់ ទៅម៉ាលី នេះដែរ។ បន្ថែមពីលើនេះ គឺមានកងកម្លាំងប្រឆាំង ជីហាត នៅសាហែល ដែលប្រមូលផ្តុំ កងទ័ពរបស់៥ប្រទេស ដូចជានីហ្សេ ម៉ូរីតានី បួគីណាហ្វាសូ ឆាត និងម៉ាលីជាដើម។ នៅប៉ុន្មានខែនេះ បារាំង បានបង្កើនប្រតិបត្តិការយោធា ដើម្បីវាយបណ្តេញក្រុមជីហាត ដែលកំពុងចាប់សកម្មខ្លាំង នៅត្រង់ព្រំដែនប្រទេសម៉ាលី នីហ្សេ និងបៀរគីណាហ្វាសូ។ សម្រាប់បារាំង និងបណ្តាប្រទេសអាហ្វ្រិកជិតខាង រដ្ឋប្រហារយោធា និងអស្ថិរភាពនយោបាយណាមួយ នៅម៉ាលី នឹងផ្តល់ឱកាសដល់ក្រុមជីហាត ឲ្យពង្រីកដែនឥទ្ធិពលរបស់ខ្លួន នៅក្នុងទឹកដីម៉ាលី។ បើសិនម៉ាលីធ្លាក់ក្នុងដៃរបស់ក្រុមជីហាត គឺគេកាន់តែពិបាក ក្នុងការប្រយុទ្ធប្រឆាំង ធ្វើឲ្យ ក្រុមភេរវនិយម ទាំងនេះ អាចរលាយបាត់មុខ ពីទឹកដីអាហ្វ្រិកខាងលិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ