អានតួអត្ថបទ
លីប៊ី-បទឈប់បាញ់

ភាគី​ជម្លោះ​នយោបាយ​ពីរ​របស់​លីប៊ី​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍

ភាគី​ជម្លោះ​នយោបាយ​ពីរ​របស់​លីប៊ី​ នៅទីបំផុតទៅ​បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងនៃ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅថ្ងៃ​សុក្រ​ ទី ២៣​ តុលា​ បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​រយៈពេល ៥​ថ្ងៃ​នៅ​ឯទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​។ ព្រឹត្តិការណ៍នេះ​ទទួល​បាន​ការ​ស្វាគមន៍​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​ ព្រោះ​វា​គឺ​ជា​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​លីប៊ីដែលជា​ប្រទេស​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូកច្របល់​ជិត១ទសវត្សរ៍​មកហើយ​។

គណៈប្រតិភូរបស់លីប៊ីទាំងពីរក្រុមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្តៃ្រយ៍នៅឯទីស្នាក់ការអ.ស.ប ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី២៣ តុលា ឆ្នាំ២០២០។
គណៈប្រតិភូរបស់លីប៊ីទាំងពីរក្រុមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្តៃ្រយ៍នៅឯទីស្នាក់ការអ.ស.ប ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ Violaine Martin / UNITED NATIONS / AFP
ផ្សាយពាណិជ្ជកម្ម

២ខែ​ក្រោយពី​គូជម្លោះពីរ​របស់​ប្រទេស​លីប៊ីប្រកាស​ទំលាក់​អាវុធ​បណ្តោះ​អាសន្ន និង​សន្យា​រៀបចំ​ការ​បោះឆ្នោត​រួចមក សន្តិភាព​នៅលីប៊ីនាពេលនេះ​ចាប់ផ្តើមរះមានពន្លឺ​ហើយតាមរយៈ​ការ​ព្រម​ព្រៀង​គ្នា​លើបទឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ពីសំណាក់​ភាគី​ជម្លោះ​ទាំងពីរ​ដោយ​បទ​អន្តរាគមន៍​សម្រប​សម្រួល​ពី​អ.ស.ប​។

អ្នកស្រី​ស្តេហ្វានី​ វីលៀម​ (Stephanie Williams) ប្រេសិត​របស់​អ.ស.ប​ ប្រចាំនៅ​ប្រទេស​អាហ្វ្រិក​ខាងជើងមួយ​នេះ​បាន​មាន​ប្រសាសន៍ថា​ ពេលនេះ​គឺ​ជា​វេលាល្អ​សម្រាប់​ប្រជាជន​ប៊ីលី​។ ភាគីទាំងសង​ខាង​ដែល​ម្ខាងគឺ​រដ្ឋាភិបាល​ក្រុងទ្រីប៉ូលី​របស់លោក​ហ្វៃយែហ្ស អាល់សារ៉ាហ្ស​ ​និងនៅ​ម្ខាង​ទៀតគឺ​លោក​សេនាប្រមុខ​ហាហ្វតារ ​គ្រប់គ្រង​តំបន់​ប៉ែកខាង​កើត​ បាន​ឯកភាព​គ្នាថា​ “រាល់​អង្គភាព​យោធា​និង​ក្រុម​ប្រដាប់អាវុធ​នៅជួរមុខ​ត្រូវ​វិល​ត្រឡប់​ទៅ​ជំរុំ​របស់ពួក​គេវិញ​”។

ក្នុងនោះ​ក៏រួមបញ្ចូល​ផងដែរ​ ការ​ចាកចេញ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​ និង​ពួក​យុទ្ធជន​បរទេសពី​ទឹកដី​ទាំងអស់​របស់​លីប៊ី​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​បី​ខែ​រាប់​ចាប់តាំង​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ទៅ​។

គួរគូសបញ្ជាក់ជូនថា​ នាព្រឹកថ្ងៃ​ទី​២៣ តុលា​ នៅឯ​ទីស្នាក់ការ​អ.ស.ប​ ក្នុងទី​ក្រុងហ្សឺណែវប្រទេស​ស្វីស​ គណៈប្រតិភូ​របស់​លីប៊ី​ទាំងពីរក្រុម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ជា​អចិន្តៃ្រយ៍​ និង​នៅ​គ្រប់តំបន់​ទាំងអស់​ពេញមួយផ្ទៃ​ប្រទេស​តែម្តង​។

ទាក់ទងរឿងនេះ​ អ្នកនាំពាក្យ​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក​ Peter Sano​ បាន​លើកឡើងថា​ កិច្ចព្រមព្រៀង​នៃ​បទឈប់បាញ់​ជាអចិន្ត្រៃយ៍​គឺជាគន្លឹះ​សម្រាប់​ការ​បន្តកិច្ច​សន្ទនា​នយោបាយ​ឡើងវិញ​នៅលីប៊ី​”។ លីប៊ី​ដែលជា​ប្រទេស​ធ្លាក់​ក្នុងភាព​ច្របូកច្របល់​តាំងពីឆ្នាំ២០១១មក​ ក្រោយ​ការស្លាប់​របស់​មេដឹកនាំផ្តាច់ការ​កាដាហ្វី​ ។

មួយវិញទៀត​ មន្ត្រី​សហភាពអឺរ៉ុប​លោក​ Peter Sano​ បាន​បន្ថែមថា​ រឿង​ដែល​មាន​សារៈ​សំខាន់​ដែរ​នោះ​គឺការ​ធ្វើឲ្យ​កិច្ច​ព្រមព្រៀម​ឈប់បាញ់​រវាង​ភាគី​ជម្លោះ​របស់​លីប៊ី​ចូលជា​ធរមាន​ ហើយនិង​ការគោរព​កិច្ចព្រមព្រៀង​របស់​ភាគី​ទាំងពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ