អានតួអត្ថបទ
អេត្យូពី-ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អ.ស.ប. ជម្លោះ​នៅ ទីហ្ក្រេ យង់ឃ្នង​ខ្លាំង អាចចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ

ជម្លោះ​នៅ​តំបន់​ទីហ្ក្រេ យង់ឃ្នង​បំផុត ដែល​គ្រប់​ភាគី​ត្រូវ​ទទួលខុស​ត្រូវ! នេះ​បើតាម​ពាក្យ​បរិហាររបស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​បានចេញ​សេចក្តី​សន្និដ្ឋាន​ក្នុង​​របាយការណ៍អង្កេត​របស់​ខ្លួន​ថា គ្រប់​ភាគី​ទំនង​ជា​បាន​ប្រព្រឹត្ត​​ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្ស​ជាតិ​ផង។

ទាហានអេត្យូពី នៅ​តំបន់​ទីហ្ក្រេ ថ្ងៃទី ១៥ កញ្ញា ២០២១
ទាហានអេត្យូពី នៅ​តំបន់​ទីហ្ក្រេ ថ្ងៃទី ១៥ កញ្ញា ២០២១ Amanuel Sileshi AFP/Archivos
ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​ច្រើន​ដែល​បញ្ជាក់​បង្ហាញ​​ឱ្យ​គេ​ជឿ​ជាក់ថា គ្រប់​ភាគី​ជម្លោះនៅ​តំបន់​ទីហ្ក្រេ បាន​រំលោភ​ច្បាប់​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស​ រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដោយខ្លះ​មាន​ទម្រង់​ជា​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិទៀត។ ជា​ការ​រំលោភ​ច្បាប់​ដ៏ធ្ងន់ធ្ងរ និង​ឃោរឃៅ​ខ្លាំង ដែលចាំបាច់​ត្រូវ​រក​ឱ្យ​ឃើញ​អ្នក​ទទួលខុស​ត្រូវ​ មិន​ថា​ជា​ភាគី​ខាង​ណា​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet។

សម្រាប់​ឧត្តមស្នងការ​​គណៈកម្មការសិទ្ធិមនុស្ស​អេត្យូពីវិញ តាមរយៈ​លទ្ធផល​អង្កេតនេះ គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ ត្រូវ​ទទួលស្គាល់​ទង្វើ​របស់​ខ្លួន និង​ប្តេជ្ញា​ចាត់​វិធានការ​ជាក់​ស្តែង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដើម្បី​សង​ដល់​ជន​រងគ្រោះ និង​រក​ដំណោះស្រាយ​ជានិរន្តរ៍មួយ ដើម្បី​បិទ​បញ្ចប់ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

សូម​បញ្ជាក់ថា ​​អង្គការ​សហប្រជាជាតិ សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិមនុស្ស​អេត្យូពី បានចុះ​ទៅ​ធ្វើ​​អង្កេត ដល់​ផ្ទាល់​កន្លែង ដោយ​មាន​ជួប​សម្ភាសន៍​សម្ងាត់ ជួបប្រជុំ​ជាមួយ​អាជ្ញាធរមូលដ្ឋាន សហព័ន្ធ និង​ក្រុមអង្គការក្រៅ​រដ្ឋាភិបាល​ ព្រមទាំង​ក្រុមគ្រូពេទ្យ​ជា​ច្រើន ជុំ​វិញ​ជម្លោះ​នៅ​តំបន់​ទីហ្ក្រេ ពី​ថ្ងៃទី ៣វិច្ឆិកា២០២០ ដល់​ថ្ងៃទី ២៨​មិថុនា ២០២១ ពោល​គឺពី​ ថ្ងៃ​ដែល​នាយករដ្ឋមន្ត្រីអេត្យូពី ជ័យលាភីរង្វាន់​ណូបែលសន្តិភាព​ បាន​ប្រកាស​បើក​ប្រតិបត្តិការ​កម្ចាត់ពួក​ឧទ្ទាម​ទីហ្ក្រេ ដល់​ថ្ងៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​អេត្យូពី ប្រកាស​ជាឈប់​បាញ់​ឯកតោភាគី​។ តាំង​ពី​ពេល​នោះ​មក ​ស្ថានភាព​ក្នុង​ប្រទេស​បាន​ប្តូរ​ផ្លាស់​យ៉ាង​ខ្លាំង​ ដោយ​កាលពី​ថ្ងៃ​អង្គារ​ទី ២​វិច្ឆិកា ម្សិលមិញ អេត្យូពី​បាន​ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ក្នុង​ភាព​អាសន្ន​ប្រឈម​នឹង​ស្ទុះ​ឡើង​វិញ​នៃ​ចលនា​ឧទ្ទាមទីហ្ក្រេ។

តែ​ការ​អង្កេត​បាន​ជួប​ឧបសគ្គ​ច្រើន និង​រង​​ពាក្យ​រិះគន់ ថា​របាយការណ៍​មាន​លក្ខណៈលម្អៀង ព្រោះ​ក្រុមអ្នកអង្កេត​មិន​អាច​ចូល​ជួប​ភាគី​ទីហ្ក្រេ បាន​គ្រប់​តាម​គម្រោង។​ ម្យ៉ាង​ទៀត ក្រុមអ្នកអង្កេត​របស់​ស្នងការសិទ្ធិមនុស្ស​ម្នាក់​ត្រូវ​បានបណ្តេញ​ចេញពី​អេត្យូពី ជាមួយ​នឹង​តំណាង​អង្គការ​សហប្រជាជាតិ​ចំនួន​៦​រូប​ផ្សេងទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ