អានតួអត្ថបទ
អ.ស.ប.-អេត្យូពី

អ.ស.ប​ ​ឲ្យ​អេត្យូពី​បង្ហាញ​ភស្តុតាង​ជាលាយលក្ខណ៍​អក្សរ ជុំវិញ​ការ​បណ្តេញ​មន្រ្តី​អ.ស.ប​ចេញ​ពី​ប្រទេស

នៅ​​ថ្ងៃទី ៦​តុលា ២០២១ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ បាន​សម្តែង​ការក្រេវក្រោធ​យ៉ាង​ខ្លាំង នៅក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​ ​អេត្យូពី។ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អេត្យូពី​បង្ហាញ​ភស្តុតាង​ជា​លាយ​លក្ខណ៍​អក្សរ ជុំ​វិញ​ហេតុផលដែល​នាំ​ឱ្យ​អេត្យូពី​​បណ្តេញ​មន្ត្រី​អង្គការ​សហប្រជាជាតិ​៧​រូប​ចេញ​ពី​ប្រទេស។

លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ទាមទារ​ឱ្យ​អេត្យូពី បង្ហាញ​ភស្តុតាង​ជា​លាយលក្ខណ៍អក្សររឿងបណ្តេញ​មន្ត្រីអ.ស.ប.
លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ទាមទារ​ឱ្យ​អេត្យូពី បង្ហាញ​ភស្តុតាង​ជា​លាយលក្ខណ៍អក្សររឿងបណ្តេញ​មន្ត្រីអ.ស.ប. POOL GETTY IMAGES NORTH AMERICA/AFP/File
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃសុក្រ​ទី ១តុលា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំ​ភស្តុតាង​ជា​លាយលក្ខណ៍​អក្សរ​ម្តង​ហើយ​ពីប្រធានាធិបតី​អេត្យូពី។ ហើយ​នៅ​ថ្ងៃពុធ​ម្សិលមិញ​នេះ នៅ​ក្នុង​ជំនួប​ប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខ​​ កោះ​ប្រជុំ​បន្ទាន់​ជាលើកទីពីរ​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍​សោះ លោក​អគ្គលេខា​ធិការ បាន​ទាមទារ​ជា​ថ្មី​ ឱ្យ​អេត្យូពីផ្តល់​ឯកសារ​បញ្ជាក់​អំពី​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​អេត្យូពី និង​អំពី​ឥរិយាបថ​មិនល្អ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ ទាំង​៧​រូប ដែល​អេត្យូពី​បាន​បណ្តេញ​ចេញពី​ប្រទេស។

សម្រាប់លោក​អគ្គលេខាធិការ​ ការ​បណ្តេញ​មន្ត្រី​អង្គការ​សហប្រជាជាតិ ជា​សកម្មភាព​​រំលោភ​ធម្មនុញ្ញ​អង្គការ​សប្រជាជាតិ​ផង និង​ធ្វើ​ឱ្យប្រទេស​ដែល​កំពុង​ឆ្លងកាត់​វិបត្តិមនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរស្រាប់ផង ​ធ្លាក់​ក្នុង​ស្ថានភាពកាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ។

ប៉ុន្តែ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​ ឯកអគ្គរដ្ឋ​ទូត​អេត្យូពីប្រចាំ​អង្គការ​សហប្រជាជាតិ បានផ្តល់​ហេតុផល​​ដោយផ្ទាល់​មាត់​តែប៉ុណ្ណោះ។ បើ​រដ្ឋាភិបាល​អេត្យូពី មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​បំប៉ោង​តួលេខ​ ជនរងគ្រោះ បាន​ប្រឌិត​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ទុរ្ភិក្ស និង​បាន​អញ្ជើញ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ឱ្យមក​ក្នុង​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។ សម្រាប់​អេត្យូពី មន្ត្រី​អ.ស.ប. មិន​ត្រូវ​ប្រើ​តួនាទី ឬ​ ភាព​ជិតស្និទ្ធ​ក្នុងការងារ​ដើម្បី​បម្រើ​ប្រយោជន៍ឯកជនផ្ទាល់  ដើម្បី​ហិរញ្ញវត្ថុ​ ឬ​ដើម្បី​គ្រួសារសាច់ញាតិទេ។ មន្ត្រី​អ.ស.ប.ក៏​មិន​ត្រូវ​ផ្តល់​ព័ត៌មាន​ដែល​ខ្លួន​ដឹង​ដោយសារ​​តួនាទីផ្លូវការ​ ទៅ​ឱ្យ​រដ្ឋាភិបាល បុគ្គល ឬ​អ្នកផ្សេង​ទេ។ ទាំងនេះ​ជា​រៀប​រាប់​របស់​ឯកអគ្គរដ្ឋ​ទូត​អេត្យូពី ដោយ​សន្យា​ថា​រដ្ឋាភិបាល​អេត្យូពី នឹង​ជូន​ឯកសារជា​លាយលក្ខណ៍​អក្សរ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ហេតុផលបណ្តេញ​មន្ត្រីអ.ស.ប.​​ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​អេត្យូពីនេះ ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល បាន​ទទួល​ការពារ​ភ្លាម​ពីចិន​និង​រុស្ស៊ី។ ប៉ុន្តែ​ទង្វើ​របស់​អេត្យូពីនេះជាការ​​រំលោភ​កតិកាសញ្ញាអង្គការ​សហប្រជាជាតិសម្រាប់​ក្រសែភ្នែក​អ្នក​ការទូត​មួយ​ចំនួន​ធំ​ផ្សេង​ទៀត ដូច​ជា​សហគមន៍​អង្គការ​មនុស្សធម៌ និង​អ្នកការទូត​នៃក្រុមប្រឹក្សា​សន្តិសុខ ដែល ​ ព្រួយ​បារម្ភ​​ខ្លាច​តែ​វិបត្តិ​អេត្យូពី​នេះ ក្លាយ​ជា​គំរូ​សម្រាប់ប្រទេស​ផ្សេងទៀត​ធ្វើ​តាម​នៅមាន​វិបត្តិ​ ដូច​ជា​នៅ​អាហ្វហ្កានីស្ថានឬ​ភូមា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ