អានតួអត្ថបទ
អាមេរិក-អាហ្រ្វិក

អ្វីទៅជាកម្មវត្ថុនៃដំណើរទស្សនកិច្ចមួយជុំទ្វីបអាហ្រ្វិករបស់ប្រមុខការទូតអាមេរិក?

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​ចាប់​ពី​យប់​ថ្ងៃ​អង្គារ ទី១៦ ដល់​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រមុខ​ការទូត នេះ​ជា​លើក​ទី១ ដែល​លោក​ប៊្លីនកិល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអាហ្រ្វិក។ លទ្ធិប្រជាធិបតេយ្យ និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ប្រធានបទ​ស្នូល​នៃ​ទស្សនកិច្ច​របស់​លោក​ប្ល៊ីនកិន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា វិបត្តិ​នៅ​ក្នុង​ប្រទេស​អេត្យូពី និង​ប្រទេស​ស៊ូដង់​ក៏​នឹង​ក្លាយ​ជា​ប្រធានបទ​ដែល​លោក​ប៊្លីនកិន​ត្រូវ​លើក​យក​ទៅ​ជជែក​ដែរ។

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​ចាប់​ពី​យប់​ថ្ងៃ​អង្គារ ទី១៦ ដល់​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា ឆ្នាំ ២០២១។
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​ចាប់​ពី​យប់​ថ្ងៃ​អង្គារ ទី១៦ ដល់​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា ឆ្នាំ ២០២១។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

មាន​ប្រទេស​អាហ្វ្រិក​ចំនួន ៣ ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច គឺ​កេនយ៉ា នីហ្សេរីយ៉ា និង​ប្រទេស​សេណេហ្កាល់។ ប្រទេស​អាហ្រ្វិក​ទាំង ៣ នេះ​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ប្រទេស​គន្លឹះ​នៃ​យុទ្ធសាស្រ្ត​របស់​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ចូ បៃដិន។ ជម្រើស​ទៅ​កាន់​កេនយ៉ា​ព្រោះ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​យូរលង់​មួយ​របស់​អាមេរិក និង​ដែល​ចិន​កំពុង​សាបព្រោះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង។ ជម្រើស​ទៅ​កាន់​នីហ្សេរីយ៉ា​ព្រោះ​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ទ្វីប​អាហ្រ្វិក។ ចំណែក​ជម្រើស​ទៅ​កាន់​សេណេហ្កាល់​ព្រោះ​ជា​ប្រទេស​គំរូ​នៃ​ស្ថិរភាព​ប្រជាធិបតេយ្យ។ លោក​អែរវិន ម៉ាស៊ីនហ្កា មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ពន្យល់​ថា ទស្សនកិច្ច​របស់​លោក​ប៊្លីនកិន​នៅ​អាហ្រ្វិក​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន ៣ គឺ​លទ្ធិប្រជាធិបតេយ្យ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍន៍​យូរអង្វែង។

ទន្ទឹម​គ្នា​នេះ លោក​ប៊្លីនកិន​ក៏​នឹង​ជជែក​ផង​ដែរ​ពី​ការ​អភិវឌ្ឍន៍​លើ​សមត្ថភាព​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩​នៅ​អាហ្រ្វិក។ ដោយឡែក​នា​វត្តមាន​នៅ​ទ្វីបអាហ្រ្វិក​ដែរ មាន​សំណុំរឿង​ចំនួន​ពីរ​ទៀត​ដែល​ប្រមុខ​ការទូត​អាមេរិក​មិន​អាច​មិន​និយាយ​បាន គឺ​វិបត្តិ​នៅ​ប្រទេស​អេត្យូពី និង​ប្រទេស​ស៊ូដង់។ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ជិតដិត​យូរលង់​របស់​អាមេរិក អេត្យូពី​បាន​បើក​ការ​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​នៃ​រណសិរ្យ​រំដោះ​ប្រជាជន​ទីហ្រ្កេ​ក្នុង​តំបន់​ទីហ្រ្កេ។ ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ថ្លែង​ពី​ការ​ត្រៀម​ដក​អេត្យូពី​ចេញ​ពី​បញ្ជី​ប្រទេស​អាហ្រ្វិក​ដែល​ទទួល​បាន​ការ​រួច​ពន្ធ​លើ​ការ​នាំ​ផលិតផល​ចូល​អាមេរិក។ តែ​ខណៈ​នេះ លោក​បៃដិន​មិន​ទាន់​បាន​ធ្វើ​ទេ​ដោយ​ចង់​ទុក​ឱកាស​ឲ្យ​មាន​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​អេត្យូពី និង​ក្រុម​ឧទ្ទាម។

ជាមួយ​ប្រទេស​ស៊ូដង់​វិញ រដ្ឋបាល​អាមេរិក​បាន​ព្យួរ​ជំនួយ​ប្រមាណ​ជា ៧០០លានដុល្លារ​ក្រោយ​ពី​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ដំណាច់​ខែ​តុលា។ រដ្ឋប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​គាំង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ស៊ូដង់​ទើប​ចាប់​ផ្តើម​នៅ​ក្រោយ​ការ​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​លោក​អូម៉ារ អ៊ែល បេសៀ​ក្នុង​ឆ្នាំ ២០១៩។ លោក​ចននី ការសុន អតីត​មន្រ្តីការទូតជាន់ខ្ពស់​អាមេរិក​ទទួល​បន្ទុក​ទ្វីប​អាហ្រ្វិក​បាន​បញ្ជាក់​ថា វត្តមាន​លោក​ប៊្លីនកិន​នៅ​អាហ្រិ្វក​ជា​ឱកាស​ដែល​លោក​ប៊្លីនកិន​ត្រូវ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​អេត្យូពី និង​ស៊ូដង់។ បើ​ប្រទេស​ទាំង​ពីរ​នេះ​ធ្លាក់​ក្នុង​ភាព​វឹកវរ​កាន់​តែ​ខ្លាំង​នា​ពេល​ខាង​មុខ គឺ​ជា​ការ​ដួលរលំ​ទ្វីបអាហ្រិ្វក​ទាំង​មូល នេះ​ជា​ការ​ព្រមាន​របស់​លោក​ចននី ការសុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ