អានតួអត្ថបទ
ស៊ូដង់-អាមេរិក

សហរដ្ឋ​អាមេរិក​ដក​ស៊ូដង់​ចេញ​ពី​បញ្ជីប្រទេសគាំទ្រភេរវនិយម​

ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​ខ្មៅ តាំង​ពី​ឆ្នាំ​១៩៩៣ ​ពី​បទ​បាន​ផ្តល់​ជម្រក​ឱ្យ​មេដឹកនាំ​ចលនា​អាល់កៃដា អូសាម៉ា បិនឡាដិន​ និ​ងពី​បទ​រួម​គំនិត រៀប​ចំ​ភេរវកម្ម​ជា​ច្រើន​ផ្សេង​ ស៊ូដង់​ បាន​រួច​ផុត​ពី​ទណ្ឌកម្ម​ នៅ​ថ្ងៃ​ចន្ទទី ១៤​ធ្នូ ២០២០​នេះ។ សហរដ្ឋ​អាមេរិក​ទើប​​បាន​ប្រកាស​ដក​ចេញ ជា​ផ្លូវការ​ ប្រទេស​ស៊ូដង់​ ពី​បញ្ជី​នៃ​ក្រុមប្រទេស​គាំទ្រ​ភេរវនិយម។ សេចក្តី​សម្រេច​នេះ​ធ្លាក់​មក​តែ​ពី​រ​ខែក្រោយ​ពី​ ស៊ូដង់​បានសន្យា​​ព្រម​សម្រប​ខ្លួន​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយ​អ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ Mike Pompeo (ឆ) និងនាយក​រដ្ឋមន្ត្រី​ស៊ូដង់ លោក Abdalla Hamdok (ស) នៅ​ខាទុំ កាលពី​ខែ​សីហា ២០២០
រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ Mike Pompeo (ឆ) និងនាយក​រដ្ឋមន្ត្រី​ស៊ូដង់ លោក Abdalla Hamdok (ស) នៅ​ខាទុំ កាលពី​ខែ​សីហា ២០២០ Handout Office of Sudan's Prime Minister/AFP
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​២៧​ឆ្នាំ​ហើយ​ដែល​​ស៊ូដង់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៃ​​ប្រទេស​គាំទ្រ​ភេរវនិយម ហើយ​ត្រូវ​​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច គ្មាន​ចំណែក​ក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ​ទេ។ ប៉ុន្តែ​អ្វី​បាន​ប្តូរ​ផ្លាស់​នៅពេល​ស៊ូដង់បាន​ផ្តួលរំលំ​របប​ដឹកនាំ​ផ្តាច់ការ​អ៊ីស្លាម​ជ្រុល​និយម​ អូម៉ា អាល់បាស្ហៀរ។ ​​រដ្ឋាភិបាល​សូដង់​ថ្មី បាន​ចាត់ទុក​ការ​ដក​ប្រទេស​ពី​បញ្ជី​ខ្មៅ ជា​អាទិភាព​ និង​បាន​បង្ហាញ​ឆន្ទៈ​ពិត​ ដោយ​ងាក​ទៅ​រក​​ ​សហរដ្ឋ​អាមេរិក​។

នៅ​ថ្ងៃទី ១៩ តុលា​២០២០ អ្វី​ៗ​ហាក់​ចាប់​មាន​សន្ទុះ ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​គម្រោង​ចង់​ដក​ស៊ូដង់​ចេញ​ពី​បញ្ជី​ខ្មៅ ជា​ថ្នូរ​នឹង​ការ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ក្នុង​ភេរវកម្ម​ប្រឆាំង​ស្ថានទូត​អាមេរិក​នៅ​កេនយ៉ា និង​នៅ​តង់ហ្សានី កាលពី​ឆ្នាំ​១៩៩៨ ព្រមទាំង​ការ​វាយប្រហារ​នាវាយោធា USS Cole នៅ​ឆ្នាំ​២០០០។ ខាទុំ​យល់​ព្រម​ និង​បាន​បង់​សំណង​ ៣៣៥​លាន​ដុល្លារ។

នៅ​ថ្ងៃ​ទី ២៣​តុលា២០២០ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ក៏​បាន​ដាក់​សំណើ​សុំ​ដក​ស៊ូដង់​ចេញ​ពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម​ទៅ​ព្រឹទ្ធសភា​ ដែល​មាន​ពេល​៤៥​ថ្ងៃ​ សម្រាប់​បញ្ចេញ​យោបល់​ជំទាស់។ ផុត​កាល​កំណត់​ និង​គ្មាន​ការ​ប្រឆាំង​ពី​ព្រឹទ្ធសភា ទើប​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ប៉ុមប៉េអូ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ១៤​ធ្នូ២០២០​នេះ លើក​ទណ្ឌកម្ម​ចេញ​ពី​ស៊ូដង់។

លែង​ជាប់​ឈ្មោះក្នុង​បញ្ជី​ខ្មៅ លែង​ជាប់​ទណ្ឌកម្ម ​​ស៊ូដង់មាន​ក្តី​សង្ឃឹម​ថ្មី​ ក្នុង​កា​រស្រោច​ស្រង់​ប្រទេស​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ​ខ្វះ​សព្វ​ខ្វះ​គ្រប់ ខ្វះ​ទាំង​ប្រេង ទាំង​​ស្បៀង​អាហារ​  និង​ឱនភាព​ដល់​ទៅ​ជាង​២០០% ព្រោះ​​ទណ្ឌកម្ម​ ​បាន​រារាំង​ស៊ូដង់​មិន​ឱ្យ​មាន​លទ្ធភាព​ខ្ចី​ប្រាក់​​ពី​ស្ថាប័ន​អន្តរជាតិ​ ឬ​សម្រាល​បំណុល​ក្រៅ​ប្រទេស​ទំហំ​​ទៅ​ជាង​៦០ពាន់​លាន​ដុល្លារ​ទេ។

ក្រៅ​ពី​សេដ្ឋកិច្ច ស៊ូដង់​ក៏​អាច​ដើរ​ចេញ​ពីភាពឯកា​នយោបាយ​ ដោយ​អាច​វិល​ត្រលប់​មក​លើ​ឆាក​អន្តរជាតិ​វិញ​ និង​បាន​​ខិត​ចូល​កាន់​តែ​ស្និទ្ធ​នឹង​អ៊ីស្រាអែល​ ដោយ​ព្រមទទួល​ស្គាល់​អ៊ីស្រាអែល​ជា​រដ្ឋ​មួយ។ ​ក្រោយការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ខ្មៅ​ ស៊ូដង់​​នឹង​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតាជាមួយ​អ៊ីស្រាអែល ព្រោះ​នេះ​ជា​លក្ខខណ្ឌ​មួយ​ទៀត​របស់​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ