អានតួអត្ថបទ
អាហ្រ្វិក-តួកគី

អាហ្រ្វិក និងតួកគីបានចុះហត្ថលេខាលើផែនការនៃកិច្ចសហប្រតិបត្តិការសម្រាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦

ជំនួបកំពូល​អាហ្រ្វិក និង​តួកគី​រយៈពេល ២ថ្ងៃ​បាន​បិទបញ្ចប់​នា​យប់​ថ្ងៃ​សៅរ៍ ទី១៨ ធ្នូ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​អាហ្រ្វិក​ប្រមាណ​ជា ៤០ប្រទេស។ លទ្ធផល​ដែល​ទទួល​បាន​ពី​ជំនួបកំពូល គឺ​អាហ្រ្វិក និង​តួកគី​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​រយៈពេល ៥ឆ្នាំ​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ ដែល​ផ្តោត​លើ​សន្តិភាព សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ឧស្សាហកម្ម ឬ​មួយ​ក៏​នៅ​ក្នុង​វិស័យ​អប់រំ។ ផែនការ​លំអិត​ទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រធានាធិបតី​តួកកី​លោក​អ៊ែរដូហ្កាន។ តែ​នា​ឱកាស​នោះ លោក​អ៊ែរដូហ្កាន​មិន​ភ្លេច​និយាយ​ពី​រឿង​ភេរវនិយម និង​បាន​លើក​ឡើង​ពី​ភាព​អយុត្តិធម៌​សម្រាប់​ទ្វីបអាហ្រ្វិក​ដែល​គ្មាន​អ្នកតំណាង​អចិន្រ្តៃយ៍​ប្រចាំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

ជំនួបកំពូលតួកគី អាហ្រ្វិករៀបចំក្នុង​ប្រទេស​តួកគី ថ្ងៃទី១៧ និង​ទី១៨ ធ្នូ ២០២១។
ជំនួបកំពូលតួកគី អាហ្រ្វិករៀបចំក្នុង​ប្រទេស​តួកគី ថ្ងៃទី១៧ និង​ទី១៨ ធ្នូ ២០២១។ AFP - MURAT CETIN MUHURDAR
ផ្សាយពាណិជ្ជកម្ម

« ជា​រឿង​អយុត្តិធម៌​ធំ​ណាស់​ដែល​គ្មាន​អ្នកតំណាងអាហ្រ្វិក​នៅ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​ទ្វីបអាហ្រ្វិក​មាន​ពលរដ្ឋ ១ ៣០០លាននាក់។ ដើម្បី​ឲ្យ​ទ្វីបអាហ្រ្វិក​អាច​មាន​តំណាង​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សាសន្តិសុខ ខ្ញុំ​ជឿ​ជាក់​ថា​យើង​ត្រូវ​តែ​រួម​សាមគ្គី​គ្នា។ យើង​បាន​សម្រេចចិត្ត​តស៊ូ​ប្រយុទ្ធ​នឹង​ភាព​អយុត្តិធម៌​នេះ។ ទាក់ទង​នឹង​រឿង​សន្តិសុខ យើង​បាន​ដឹង​ច្បាស់​ពី​បញ្ហា​សន្តិសុខ​ដែល​បងប្អូន​អាហ្រ្វិក​របស់​យើង​កំពុង​ជួប​ប្រទះ។

បញ្ហា​ដែល​បង្ក​ឡើង​ក្រុម​ភេរវនិយម ដូច​ជា​ក្រុម Boko Haram al Shabad និង​អង្គការ​រដ្ឋអ៊ីស្លាម​មិន​បាន​កើត​មាន​តែ​នៅ​ក្នុង​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​ទេ។ ភេរវនិយម​ជា​បញ្ហា​រួម​របស់​ទាំង​អស់​គ្នា។ សម្រាប់​យើង គ្មាន​ភាព​ខុស​គ្នា​ឡើយ​រវាង​ក្រុម​ភេរវនិយម និង​ចលនា PKK និង​ចលនា FETO។ នៅ​ក្នុង​ផែនការ​អាហ្រ្វិក តួកគី​សម្រាប់ ៥ឆ្នាំ​ខាង​មុខ យើង​នឹង​ធ្វើ​ការ​កែលម្អ​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​តាមរយៈ​ការ​ដោះដូរ​ចំណេះ​ដឹង។

ទាំង​អស់​នេះ​ជា​អ្វី​ដែល​យើង​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ។ ដើម្បី​លើក​ស្ទួយ​នូវ​ភាព​រុងរឿង​របស់​ប្រជាជន​យើង ឈ្នះ​ទាំង​អស់​គ្នា ថ្កុំថ្កើង​ទាំង​អស់​គ្នា រីកចម្រើន​ទាំង​អស់​គ្នា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ