អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាគី​ជម្លោះ​នៅ​លីប៊ី​ប្រកាស​បទឈប់បាញ់ នៅក្រោម​ការអំពាវនាវ​របស់​រុស្ស៊ី និង​តួកគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាគី​ជម្លោះ​នៅ​លីប៊ី បាន​ប្រកាស​បទឈប់បាញ់ នៅ​ក្រោយ​មាន​ជំនួប​រវាង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃសៅរ៍។ រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី ដែលទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ ថា​ខ្លួន យល់ព្រម ធ្វើ​បទឈប់បាញ់ បន្ទាប់​ពី សេនាប្រមុខ​ខាលីហ្វា ហាវតារ ប្រកាស​បទឈប់បាញ់ កាលពី​យប់​ថ្ងៃ​សុក្រ។ តាម​ភាគី​ទាំងពីរ បទឈប់បាញ់ នឹង​ចាប់​ចូល​ជាធរមាន នៅ ថ្ងៃ​អាទិត្យ ប៉ុន្តែ ជាមួយ​នឹង​លក្ខខ័ណ្ឌ​ថា នឹង​មានការប្រយុទ្ធ​ឡើងវិញ បើសិន​ភាគីណាមួយ រំលោភ​បទឈប់បាញ់។ 

ទាហាន​របស់​កងទ័ព​រដ្ឋាភិបាល​ទីក្រុង​ទ្រីប៉ូលី ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ នៅលីប៊ី
ទាហាន​របស់​កងទ័ព​រដ្ឋាភិបាល​ទីក្រុង​ទ្រីប៉ូលី ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ នៅលីប៊ី ©REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

នៅ​លីប៊ី ភាគី​ជម្លោះ បាន​ប្រកាស​បទឈប់បាញ់ នៅ​ព្រឹក ​ថ្ងៃ​អាទិត្យ​នេះ ទៅតាម​ការចង់​បាន​របស់​ប្រមុខដឹកនាំ​រុស្ស៊ី និង​តួកគី ដែល​កាលពី​ថ្ងៃ​ពុធ កន្លងទៅ បាន​អំពាវនាវ​ឲ្យ​ភាគីជម្លោះ នៅ លីប៊ី ប្រកាស​បទឈប់បាញ់ នៅ​ថ្ងៃអាទិត្យ។

រដ្ឋាភិបាល​ភាគខាងលិច ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ មួយ កាលពី​ថ្ងៃសៅរ៍ ដើម្បី ប្រកាស​បទឈប់បាញ់។ ចំណែក​គូជម្លោះ គឺ​រដ្ឋាភិបាល​សហភាពជាតិ លីប៊ី ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ​បាន​ប្រកាស​បទឈប់បាញ់ ដែរ នៅ​ព្រឹកថ្ងៃ​អាទិត្យ។

នៅ​ប៉ុន្មាន​ម៉ោងក្រោយ បទឈប់បាញ់ ភាគី​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញ ទៅមក ថា​បាន​រំលោភបទឈប់បាញ់ នៅ​ក្រោយ​មាន​ការប៉ះទង្គិចគ្នា និង​ការវាយប្រហារ​ទៅលើ​កម្លាំង​ទ័ព​របស់​សេនាប្រមុខ​ហាវតារ នៅជាយក្រុង​ទ្រីប៉ូលី។ ក្រុមជីវពល​ប្រដាប់អាវុធ ដែល​កកើតឡើង នៅក្នុង​អំឡុង​បដិវត្តន៍ពណ៌ ដែល​ឈាន​ទៅផ្តួលរំលំ របបផ្តាច់ការ​កាដាហ្វី កំពុង​សកម្ម​ខ្លាំង​នៅលីប៊ី និង​គ្មាន​ជំហរ ស្តាប់​តាម​ភាគី​ជម្លោះ ធំៗ​ទាំង២​នោះទេ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី នៅទីក្រុង​ទ្រីប៉ូលី​បាន​ចេញសេចក្តីថ្លែងការណ៍​ដែល​ថា​ខ្លួន នៅតែ​បន្ត​ចូលរួម គោរព​បទឈប់បាញ់ ចាប់ពីថ្ងៃ​អាទិត្យ។

បទឈប់បាញ់ រវាង​ភាគី​ជម្លោះ ទាំងពីរ ទើប​កើតមាន​ជា​លើកទី១ នៅលីប៊ី ចាប់តាំង​ពី រដ្ឋាភិបាល​ខាងលិច ដឹកនាំ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ បើកការវាយប្រហារ សំដៅ ទីក្រុង​ទ្រីប៉ូលី ដែល​គ្រប់គ្រង​ដោយ រដ្ឋាភិបាល សហភាពជាតិ​លីប៊ី តាំង​ពី​ខែ​មេសា​ឆ្នាំមុន។ គេ​មិន​នឹកស្មាន​ថា នឹង​អាច​មាន​បទឈប់បាញ់​កើត​ឡើង​នោះទេ ព្រោះ​ថា កម្លាំងទ័ព​របស់​ឧត្តមសេនីយ៍ ហាវតារ កំពុង​មានប្រៀប វាយប្រយុទ្ធ​ចូល​កាន់តែកៀក​ ទីក្រុង​ទ្រីប៉ូលី ដែល​ពួកគេ​សំដៅ វាយដណ្តើម​គ្រប់គ្រង តាំង​ពី​ខែ​មេសា។ សេនាប្រមុខ​ហាវតារ​ផ្ទាល់ ក៏មិន​បាន​បង្ហាញ​ចេតនា​ចង់​មាន​បទឈប់បាញ់​ដែរ ទោះបី​ជា​ជា​ប្រធានាធិបតី រុស្ស៊ី និង​ប្រធានាធិបតី តួកគី បាន​ថ្លែង​អំពាវនាវ​រួមគ្នា កាលពី​ថ្ងៃ​ពុធ ឲ្យ​មាន​បទឈប់បាញ់ នៅ​លីប៊ី​ក្តី។

បទឈប់បាញ់ នៅលីប៊ី អាច​កើតមាន​ឡើង ក៏ដោយសារ​មាន​ការអន្តរាគម និង​ការអំពាវនាវ​ជាពិសេស ពី​ប្រធានាធិបតី រុស្ស៊ី និង​ប្រធានាធិបតី តួកគី។ រុស្ស៊ី និង​តួកគី ដើរតួ​យ៉ាងសំខាន់ នៅក្នុង​ជម្លោះ ប្រដាប់​អាវុធ នៅ​លីប៊ី ជាពិសេស នៅបន្ទាប់​ពី​តួកគី ទើប​សម្រេច​បញ្ជូន​ទ័ព​ទៅ​ជួយ រដ្ឋាភិបាល​ទីក្រុង​ទ្រីប៉ូលី ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍ អន្តរជាតិ ដើម្បី​ប្រយុទ្ធទប់ទល់​នឹង​កម្លាំងទ័ព​របស់​លោក​ហាវតារ ដែល​តាមពិត គាំទ្រ ដោយប្រទេស​រុស្ស៊ី។ ភាគី​ជម្លោះ​នៅ​លីប៊ី យល់ព្រម ឈប់​ប្រយុទ្ធគ្នា នៅពេលនេះ ក៏ដោយសារ​តែ បរទេស ដែល​នៅពីក្រោយ ភាគី នីមួយៗ យល់ព្រមព្រៀង​គ្នាដែរ។

ជាផ្លូវការ រុស្ស៊ី​គ្មាន​បាន​បញ្ជូន​កងទ័ព​ទៅ​ជួយ រដ្ឋាភិបាល​របស់​សេនាប្រមុខ​ហាវតារ​នោះទេ។ ប៉ុន្តែ ប្រេសិត​អង្គការ​សហប្រជាជាតិ សម្រាប់​រឿង​លីប៊ី បាន​អះអាងថា មាន​កងទ័ព​ស៊ីឈ្នួល​រុស្ស៊ី ជាច្រើន​ពាន់នាក់ ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ជួរកងទ័ព​លីប៊ី​ខាងលិច របស់​លោក​សេនាប្រមុខ​ហាវតារ។

នៅ​ក្នុង​ជំនួប​ជាមួយ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ លោក​ប្រធានាធិបតី​វ្លាឌីមៀរ ពូទីន​បាន​និយាយ​ទាត់ចោល ការចោទប្រកាន់​ដែល​ថា រុស្ស៊ី មាន​ជាប់ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លីប៊ី។ សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី បើសិន​មាន​ជនជាតិ​រុស្ស៊ី ប្រយុទ្ធ នៅលីប៊ី ពួកគេ​ទាំងនោះ មិនមែន ប្រយុទ្ធ​ដើម្បី ប្រយោជន៍​ជាតិ​រុស្ស៊ី ហើយ​ក៏មិន​បានទទួល​ប្រាក់ខែ​ពី​រដ្ឋាភិបាល​រុស្ស៊ីដែរ។

តាម​ប្រេសិត​អង្គការ​សហប្រជាជាតិ ជនជាតិ​រុស្ស៊ី ដែល​ប្រយុទ្ធ​ក្នុង​ជួរកងទ័ព​របស់​លោកឧត្តមសេនីយ៍​ហាវតារ ភាគច្រើន​ជា​ទាហាន​ស៊ីឈ្នួល របស់​ក្រុមហ៊ុន​រុស្ស៊ី ដែល​មាន​ទិសដៅ​សំខាន់ គឺ​ការពារ​ផលប្រយោជន៍​ទីតាំងប្រេង​របស់​ក្រុមហ៊ុន​បរទេស នៅ​លីប៊ី។

បទឈប់បាញ់ នៅមុន​សន្នីសិទ​អន្តរជាតិ​ស្តីពី​លីប៊ី នៅទីក្រុង​ប៊ែរឡាំង

ប្រេសិត​អង្គការ​សហប្រជាជាតិ លោក បាន​ថ្លែង​ស្វាគម អបអរ បទឈប់បាញ់ ព្រោះ​វា​ធ្វើឡើង​នៅក្នុង​កាលៈទេសៈ ដែល​អង្គការសហប្រជាជាតិ​កំពុង​ត្រៀម​រៀបចំ សន្នីសិទ​អន្តរជាតិ​ស្តីពី​វិបត្តិ​នៅ​លីប៊ី នៅទីក្រុង​ប៊ែរឡាំង​នៅ​ខែ​មករា។

នៅក្នុង​សន្នីសិទ​អន្តរជាតិ​ស្តីពី​លីប៊ី ដែល​ផ្តួចផ្តើម​ដោយ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ គេ​មាន​គម្រោង ចង់​ឲ្យ​ភាគី​ជម្លោះ ទាំងពីរ នៅលីប៊ី ព្រមទាំង​ប្រទេស​ដែល​គាំទ្រ​ភាគី​ជម្លោះ លីប៊ី ចូលរួម​ពិភាក្សា គ្នា ដើម្បី​ជួយ​ឲ្យ​លីប៊ី ក្លាយ​ជា​ប្រទេស​មួយ ដែល​មាន​អធិបតេយ្យភាព និង​សន្តិភាព។

អធិបតេយ្យភាព និង​សន្តិភាព នៅលីប៊ី ជា​ក្តីសង្ឃឹម​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ទទួល​រៀបចំ​សន្នីសិទ​ស្តីពី​វិបត្តិលីប៊ី នៅ​ទីក្រុង​ប៊ែរឡាំង។ ប៉ុន្តែ នៅក្នុង​ការពិត​ជាក់ស្តែង វា​ពិបាក​នឹង​អាច​កើតឡើង​ទៅរួច ព្រោះថា សង្រ្គាម​ប្រយុទ្ធគ្នា​នៅលីប៊ី ស្មុគស្មាញ ខ្លាំង​ដែល​គេ​ពិបាក​នឹង​រកផ្លូវរកចេញ​ណាម​មួយ ដែល​គ្រប់ភាគី​ជម្លោះ នឹង​អាច​ទទួល​យក​បាន ព្រមៗគ្នា។

នៅក្រោយ បដិវត្តន៍​ពណ៌ ដែល​ឈាន​ទៅ​ផ្តួលរំលំ​របបផ្តាច់ការ​កាដាហ្វី នៅ​ឆ្នាំ ២០១១ លីប៊ី បាន​លង់ខ្លួន ទៅក្នុង​សង្រ្គាម​ស៊ីវិល មួយទៀត នៅ​ឆ្នាំ ២០១៤។ គឺ នៅពេលនោះហើយ ដែល​លីប៊ី ធ្លាក់​ចូល​ទៅក្នុង​អស្ថិរភាពខ្លាំង និង​ត្រូវ​បាន​ពុះចែក​ជា​ពីរ ដោយ​មួយផ្នែក គឺ​ខាងភាគខាង​កើត​ប្រទេស ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួកអ៊ីស្លាមជ្រុលនិយម ដែល​អះអាង​ថា ខ្លួន ជា​ក្រុមបដិវត្តន៍ ផ្តួលរំលំ របបកាដាហ្វី ចំណែក​មួយផ្នែក​ទៀត គឺ​ភាគខាងលិច​ប្រទេស ស្ថិតនៅក្រោម ការដឹកនាំ របស់​ឧត្តមសេនីយ៍ ហាវតារ ដែល​គាំទ្រ​ដោយ​អាមេរិក រុស្ស៊ី អារ៉ាប៊ី សាអូឌីត និង​អេហ្ស៊ីប បាន​លើក​បដារ ប្រយុទ្ធវាយប្រហារ​ពួកភេរវជន ចលនា​អ៊ីស្លាម​ជ្រុលនិយម។ ឧត្តមសេនីយ៍ ហាវតារ បាន​អះអាង​ថា ខ្លួន​បើកការវាយប្រហារ លើ​រដ្ឋាភិបាល ទីក្រុង​ទ្រីប៉ូលី ក៏ដោយសារ​តែ​រដ្ឋាភិបាសហភាពជាតិ​លីប៊ី គាំទ្រ​ដោយ​កម្លាំងទ័ព អ៊ីស្លាមជ្រុលនិយម និង​ពួក​ជីហាត​អង្គការរដ្ឋអ៊ីស្លាម​នេះដែរ។

សង្រ្គាម​ស៊ីវិល លីប៊ី ដែល សហគមន៍​អន្តរជាតិ ឈឺឆ្អាល​ខ្លាំង និង​ខ្នះខ្នែង​ចង់ដោះស្រាយ​

ប្រទេស​ទាំងឡាយ ដែល ឈឺឆ្អាល ចង់​ដោះស្រាយ វិបត្តិ​លីប៊ី ក៏ដោយសារ​តែ គេ​ឃើញ វិបត្តិ​នៅលីប៊ី មានប៉ះពាល់​ដល់​ផលប្រយោជន៍​របស់ពួកគេ ទាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​និង​យុទ្ធសាស្រ្ត​យោធា នៅក្នុង​តំបន់​ដើមបូព៌ា។

នៅក្នុង​ករណី​រុស្ស៊ី និង​តួកគី។ ទោះបី​ជា​ប្រទេស​ទាំងពីរ ចុះសម្រុងគ្នា ក្នុង​សង្រ្គាម​ស៊ីវិល​នី​ស៊ីរី ប៉ុន្តែ រុស្ស៊ី និង​តួកគី មាន​គោលដៅ ផ្សេងគ្នា​នៅលីប៊ី។ រុស្ស៊ី គាំទ្រ ឧត្តមសេនីយ៍ ហាវតា ដែល​ប្រយុទ្ធប្រឆាំង​នឹង​ចលនាជីហាតអ៊ីស្លាមជ្រុលនិយម។ ចំណែក តួកគី វិញ ចេញមុខ​គាំទ្រ រដ្ឋាភិបាល​ទ្រីប៉ូលី ដែល​ទទួល​ស្គាល់​ដោយអង្គការ​សហប្រជាជាតិ ព្រោះតែ​តួកគី​សំឡឹង​ចង់​បាន​ផលប្រយោជន៍​ប្រេង​នៅក្នុង​សមុទ្រ មេឌីទែរ៉ាណេ បន្ទាប់​ពី​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ​លីប៊ី ខាងកើត ក្នុង​រឿង​ព្រំដែន​ទឹកសមុទ្រ។

ទោះជា​រុស្ស៊ី និង​តួកគី​មាន​នយោបាយ​ផ្ទុយគ្នា ដោយសារ​តែ​គាំទ្រ គូបដិបក្ខ​ពីរ​ផ្សេងគ្នា នៅលីប៊ី ប៉ុន្តែ ម៉ូស្គូ និង​អង់ការ៉ា មាន​យុទ្ធសាស្រ្ត​ដូចគ្នាមួយ នោះ​គឺ​ចង់​បញ្ជៀស យុទ្ធសាស្រ្ត​យោធា​របស់​អាមេរិក នៅក្នុង​ទឹកដី​លីប៊ី។ ដោយសារ​តែ​ហេតុផលនឹងហើយ បាន​ជាទាំង​រុស្ស៊ី និង​តួកគី​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​លីប៊ី ដែល​ខ្លួន គាំទ្រ​នៅលីប៊ី ប្រកាស​បទឈប់បាញ់។

ងាក​មក​និយាយ​អាល្លឺម៉ង់ បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​មាន​បារាំង​ផងដែរ ចង់​ណាស់ ចង់​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ បិទបញ្ចប់​នៅ​លីប៊ី ក្នុង​ទិសដៅ កាត់បន្ថយ ការជួញដូរ​ជនអន្តោប្រវេសន៍​មកអឺរ៉ុប ហើយ​និង ដើម្បី សម្រាលភាពតានតឹង​រវាង​ប្រទេស​សមាជិក​សហភាព អឺរ៉ុប ដូចជា​អ៊ីតាលី និង​បារាំង​ជាដើម ដែល​បាន​ដំឡើង​សរសៃ ក ដាក់គ្នា​ដោយសារ​តែ ជម្លោះ​ផលប្រយោជន៍ ដែល​បាន​មក​ពី​វិបត្តិ​នៅលីប៊ី ជា​ពិសេស ក្នុង​វិបត្តិ​គ្រប់គ្រង​លំហូរ​ជនអន្តោប្រវេសន៍​មកអឺរ៉ុប ដែលនៅក្នុង​នោះ អ៊ីតាលី អះអាងថា ខ្លួនប្រឈមខ្លាំង ជាងគេ បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។ អ៊ីតាលី បានបញ្ចុះបញ្ចូល​រដ្ឋាភិបាល​លីប៊ី ខាងកើត ដើម្បី ជួយទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញជួញដូរ​មនុស្ស​យក​ទឹកដី​លីប៊ី ជា​ច្រក​ដឹកនាំ​មនុស្ស​ចូល​ទឹកដី​អឺរ៉ុប៕

(ដកស្រង់ព័ត៌មាន​ពីAFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ