អានតួអត្ថបទ

ស៊ូដង់៖ការប្រកាសលាចុះពីតំណែងរបស់នាយករដ្ឋមន្រ្តីស៊ីវិលបានធ្វើឲ្យវិបត្តិនយោបាយអូសបន្លាយ

នៅ​ក្នុង​ប្រទេស​ស៊ូដង់ នាយករដ្ឋមន្រ្តី​ស៊ីវិល​លោក​អាប់ដាឡា ហាំដុក​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​នា​យប់​ថ្ងៃ​អាទិត្យ ទី២ មករា។ ការ​ប្រកាស​លា​ចុះ​ពី​តំណែង​របស់​លោក​ហាំដុក​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពលរដ្ឋ​ស៊ូដង់​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កងទ័ព។ ជាក់ស្តែង មាន​មនុស្ស​យ៉ាង​តិច ៣នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ក្បួន​បាតុកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ទី២ មករា។ គួរ​បញ្ជាក់​ថា លោក​ហាំដុក​ត្រូវ​បាន​កងទ័ព​ទម្លាក់​ពី​អំណាច​ក្នុង​ថ្ងៃទី២៥ តុលា ឆ្នាំ ២០២១ និង​ត្រូវ​បាន​កងទ័ព​ប្រគល់​អំណាច​ឲ្យ​វិញ​ក្នុង​ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ ២០២១ ដដែល។

នៅ​ក្នុង​ប្រទេស​ស៊ូដង់ នាយករដ្ឋមន្រ្តី​ស៊ីវិល​លោក​អាប់ដាឡា ហាំដុក​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​នា​យប់​ថ្ងៃ​អាទិត្យ ទី២ មករា ឆ្នាំ ២០២២។
នៅ​ក្នុង​ប្រទេស​ស៊ូដង់ នាយករដ្ឋមន្រ្តី​ស៊ីវិល​លោក​អាប់ដាឡា ហាំដុក​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​នា​យប់​ថ្ងៃ​អាទិត្យ ទី២ មករា ឆ្នាំ ២០២២។ - AFP/Archivos
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​ដែល​នាយករដ្ឋមន្រ្តី​ស៊ីវិល​លោក​អាប់ដាឡា ហាំដុក​បាន​ប្រកាស​លា​ចុះ​ពី​តំណែង។ នៅ​ក្នុង​សុន្ទរកថា លោក​ហាំដុក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​បាន​បង្ខំ​ឲ្យ​លោក​ដើរ​ចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង។ តាម​លោក​ហាំដុក ជម្លោះ​ហែកហួរ​ផ្ទៃក្នុង​រវាង​ក្រុម​ស៊ីវិល និង​ក្រុម​យោធា​ជា​មូលហេតុ​តែ​មួយ​គត់​នៃ​ការ​លា​ចុះ​ពី​តំណែង​របស់​លោក។ តាម​ពិត​ទៅ ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ហាំដុក​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ូដង់​ភ្ញាក់ផ្អើល​ឡើយ។ មិន​ភ្ញាក់ផ្អើល ព្រោះ​លោក​ធ្លាប់​បាន​ព្រមាន​ច្រើន​ដង​ពី​ការ​ចាក​ពី​កិច្ចព្រមព្រៀង​នយោបាយ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​របបសឹក​ដឹកនាំ​ដោយ​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា ប៊ូរ៉ាន។

គួរ​រម្លឹក​ថា គឺ​រូប​ឧត្តមសេនីយ​ប៊ូរ៉ាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ហាំដុក​ពី​អំណាច​ក្នុង​ថ្ងៃទី២៥ តុលា ឆ្នាំ ២០២១។ នៅ​មួយ​ខែ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី២១ វិច្ឆិកា គឺ​រូប​ឧត្តមសេនីយ​ដដែល​នេះ​ដែល​បាន​ប្រគល់​អំណាច​ឲ្យ​លោក​ហាំដុក​វិញ​តាម​រយៈ​កិច្ចព្រមព្រៀង​នយោបាយ​មួយ។ តែ​បញ្ហា​នៅ​ត្រង់​ថា លោក​ហាំដុក​ពិបាក​រក​ឥស្សរជន​ស៊ីវិល​ឲ្យ​ចូលរួម​ជាមួយ​លោក​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ មួយវិញ​ទៀត ក្រុម​បាតុករ​ដែល​បាន​ប្រឆាំង​នឹង​របបសឹក​តាំង​ពី​ថ្ងៃ​ដំបូង​បាន​មើល​ឃើញ​ថា ទង្វើ​បោះដៃ​រក​របបសឹក​របស់​លោក​ហាំដុក​ជា​ទង្វើ​ក្បត់ជាតិ និង​ជា​ការ​ក្បត់​ឧត្តមគតិ​របស់​ពលរដ្ឋ​ស៊ូដង់។

អ៊ីចឹង​ហើយ​បាន​ជា​មក​ដល់​សព្វថ្ងៃ ក្រុម​បាតុករ ពិសេស​ក្រុម​អ្នក​បដិវត្ត​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក ទោះ​ត្រូវ​បាន​រង​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា​ក៏​ដោយ។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី២ មករា បាតុកម្ម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៥០នាក់។ អ្វី​ដែល​ច្បាស់​នៅ​ពេល​នេះ ស៊ូដង់​ដែល​ជា​ប្រទេស​អាហ្រ្វិក​ធំ​នៅ​អាហ្រ្វិកខាងកើត និង​ជា​ប្រទេស​ក្រ​ខ្លាំង​ជាង​គេ​មួយ​លើ​លោក​ហាក់​ពិបាក​គេច​ផុត​ពី​ឥទ្ធិពល​របស់​កងទ័ព។ តាំង​ពី​ទទួល​បាន​ឯករាជ្យ កងទ័ព​បាន​កាច់​ចង្កូត​ប្រទេស​សឹង​តែ​គ្រប់​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ