អានតួអត្ថបទ
ចិន-អាហ្វ្រិក

ចិន-អាហ្រ្វិក៖ប្រមុខការទូតចិនលោកវ៉ាង យីបំពេញទស្សនកិច្ចមួយជុំទ្វីបអាហ្រិ្វក

នៅ​ថ្ងៃ​អង្គារ ទី៤ មករា ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាហ្រ្វិក​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង ៣ប្រទេស គឺ​អេរីត្រេ កេនយ៉ា និង​ប្រទេស​កូម័រ។ កាល​ពី​ជាង ១ខែ​មុន លោក​វ៉ាង យី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអាហ្រ្វិក​ម្តង​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អាហ្រ្វិក ចិន​រៀបចំ​ក្នុង​ប្រទេស​សេណេហ្កាល់។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​លើកទី២ នេះ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​យោធា។ តែ​នៅ​ក្នុង​បរិបទ​ជំងឺ​កូវីដ១៩ កិច្ចសហប្រតិបត្តិការ​ក្នុង​រឿង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជា​ប្រធានបទ​មិន​អាច​ខ្វះ​បាន។

ប្រមុខការទូតចិន លោកវ៉ាង យី
ប្រមុខការទូតចិន លោកវ៉ាង យី ANGELOS TZORTZINIS AFP
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ចាំ​បាន​មិន​ភ្លេច​នា​ឱកាស​ជំនួបកំពូល​ចិន អាហ្រ្វិក​ក្នុង​ប្រទេស​សេណេហ្កាល់​នា​ខែ​វិច្ឆិកា​ឆ្នាំ ២០២១ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ១ ០០០លានដូស​បន្ថែម​ទៀត​ឲ្យ​អាហ្វ្រិក ក្នុង​នោះ មាន ៦០០លានដូស​ជា​អំណោយ។ ដូច្នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​នៅ​ទ្វីបអាហ្រ្វិក​ពេល​នេះ ចិន​ចង់​បង្ហាញ​ពី​ការ​មិន​ភ្លេច​ពាក្យ​សន្យា​របស់​ខ្លួន​ទេ។ លោក​វ៉ាង យី​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ​ថា ជំនួយ​វ៉ាក់សាំង​របស់​ចិន​នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំង​រួម​គ្នា​នៅ​អាហ្រ្វិក។

បំណងប្រាថ្នា​នេះ​ជា​ការ​ចង់​បាន​របស់​មន្រ្តីអាហ្រ្វិក​មួយ​ចំនួន​នៅ​ក្នុង​សន្និសីទ​អនឡាញ​ជាមួយ​លោក​វូ ប៉េង ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​អាហ្រ្វិក​នៅ​ក្នុង​ក្រសួង​ការបរទេស​ចិន។ លោក​វូ ប៉េង៖ « យើង​មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ផលិតកម្ម​វ៉ាក់សាំង​ជាមួយ​ប្រទេស​អេហ្ស៊ីប ម៉ារ៉ុក និង​អាល់ហ្សេរី ហើយ​យើង​កំពុង​ចរចា​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា​លើ​បញ្ហា​នេះ។ ពិត​ណាស់ យើង​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាហ្រ្វិក​សាហារ៉ា។ តែ​នេះ​មិន​អាស្រ័យ​លើ​ឆន្ទៈ​របស់​យើង​តែ​ម្នាក់​ទេ។ ប្រទេស​ទាំង​នេះ​ក៏​ត្រូវ​មាន​សមត្ថភាព​ឧស្សាហកម្ម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ដែរ »។

ទាក់ទង​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង សហភាព​អាហ្រ្វិក​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​លើ​ទ្វីបអាហ្រ្វិក​ឲ្យ​បាន ៦០% ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២២ ពិសេស​ការ​ប្រើ​វ៉ាក់សាំង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ