អានតួអត្ថបទ

ចិនសន្យាបើកទំព័រសករាជថ្មីជាមួយប្រទេសអាហ្រ្វិកនៅក្នុងជំនួបកំពូលចិន អាហ្រ្វិក

ប្រទេស​ចិន និង​អាហ្រ្វិក​បាន​បើក​ជំនួបកំពូល​នា​ថ្ងៃ​អាទិត្យ ទី២៨ វិច្ឆិកា និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ ទី៣០ វិច្ឆិកា​ក្នុង​ទីក្រុង​ដាការ ប្រទេស​សេណេហ្កាល់។ ចិន​បាន​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស​ឲ្យ​ទៅ​ចូលរួម​ផ្ទាល់ ហើយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ចូលរួម​តាម​អនឡាញ។ ពាណិជ្ជកម្ម និង​សន្តិសុខ​ជា​ប្រធានបទ​ស្នូល​នៃ​ជំនួបកំពូល​ចិន អាហ្រ្វិក​ពេល​នេះ។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួបកំពូល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ចិន​បាន​ចេញ​ផ្សាយ​សៀវភៅ ស មួយ​ស្តីពី​យុទ្ធសាស្រ្ត​ថ្មី​របស់​ចិន​នៅ​ទ្វីបអាហ្រ្វិក។

ប្រទេស​ចិន និង​អាហ្រ្វិក​បាន​បើក​ជំនួបកំពូល​នា​ថ្ងៃ​អាទិត្យ ទី២៨ វិច្ឆិកា ២០២១ និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ ទី៣០ វិច្ឆិកា ២០២១​ក្នុង​ទីក្រុង​ដាការ ប្រទេស​សេណេហ្កាល់។
ប្រទេស​ចិន និង​អាហ្រ្វិក​បាន​បើក​ជំនួបកំពូល​នា​ថ្ងៃ​អាទិត្យ ទី២៨ វិច្ឆិកា ២០២១ និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ ទី៣០ វិច្ឆិកា ២០២១​ក្នុង​ទីក្រុង​ដាការ ប្រទេស​សេណេហ្កាល់។ © PABALLO THEKISO / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សៀវភៅ ស រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លំអិត​ពី​សកម្មភាព និង​មហិច្ឆតា​របស់​ខ្លួន​សម្រាប់​ទ្វីបអាហ្រ្វិក​ដោយ​លើក​ឡើង​ពី​ការ​បើក​ទំព័រ​សករាជ​ថ្មី​ដែល​ផ្អែក​លើ​សមភាព។ អ្វី​ដែល​ចិន​ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ស្មោះត្រង់ មិត្តភាព មាន​លទ្ធផល​ជាក់ស្តែង និង​មាន​គំនិត​ល្អ។ ការ​លើក​ឡើង​របស់​ចិន​នេះ​ជា​ចម្លើយ​តប​នឹង​ការ​លេច​ឡើង​នូវ​សញ្ញា​ខក​ចិត្ត​មួយ​ចំនួន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខ្លះ​តាម​រូប​បាតុកម្ម​ប្រឆាំង​នឹង​ពលរដ្ឋ​ចិន។

គួរ​បញ្ជាក់​ថា វិនិយោគ​របស់​ចិន​នៅ​អាហ្រ្វិក​ផ្តោត​ពិសេស​លើ​វិស័យ​ឧស្សាហកម្ម សំណង់ និង​ដឹកជញ្ជូន។ តាម​រដ្ឋអំណាច​ក្រុង​ប៉េកាំង ទឹកប្រាក់​វិនិយោគ​របស់​ចិន​នៅ​អាហ្រ្វិក​តាម​រយៈ​ក្រុមហ៊ុន​ចិន​នា​ដំណាច់​ឆ្នាំ ២០២០មាន​ទឹកប្រាក់​ចំនួន ៤៣ ០០០លានដុល្លារ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​ថ្ងៃ​សុក្រ ទី២៦ វិច្ឆិកា​ថា មាន​ផ្លូវដែក​ប្រវែង​ជាង ១០ ០០០គីឡូម៉ែត្រ​ត្រូវ​បាន​ចិន​កសាង​ថ្មី ឬ​ជួសជុល​ឡើង​វិញ និង​មាន​ផ្លូវថ្នល់​ប្រវែង ១០០ ០០០គីឡូម៉ែត្រ។

តែ​អ្វី​ដែល​គេ​មិន​អាច​មិន​និយាយ​បាន គឺ​ប្រាក់កម្ចី​ដែល​ចិន​ឲ្យ​ប្រទេស​អាហ្រ្វិក​ខ្ចី។ តាម China africa research initiative មាន​ទឹកប្រាក់​ចំនួន ១៥៣ ០០០លានអឺរ៉ូ​ត្រូវ​បាន​ចិន​ឲ្យ​អាហ្រ្វិក​ខ្ចី​ក្នុង​ចន្លោះ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៩។ ចំណែក​ប្រាក់បំណុល​ដែល​ប្រទេស​អាហ្រ្វិក​នីមួយៗ​កំពុង​ជំពាក់​ចិន​មាន​ចំនួន​មិន​ដូច​គ្នា​ទេ។ មួយ​វិញ​ទៀត​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ រដ្ឋាភិបាល​ចិន​បាន​យល់ព្រម​លុប​ចោល និង​ពិនិត្យមើល​ឡើង​វិញ​លើ​ប្រាក់បំណុល​របស់​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នកសង្កេតការណ៍​បាន​លើក​ឡើង​ពី​អន្ទាក់​ប្រាក់បំណុល​របស់​ចិន​ដែល​មាន​ប្រទេស​អាហ្រ្វិក​ខ្លះ​គ្មាន​លទ្ធភាព​សង​ចិន និង​ត្រូវ​បាន​ចិន​គំរាម​រឹបអូស​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទូទាត់។ តែ​ក្រៅ​ពី​ពាណិជ្ជកម្ម​ដែល​ជា​វិស័យ​ស្នូល​នៃ​កិច្ចសហប្រតិបត្តិ​ចិន អាហ្រ្វិក ជំនួបកំពូល​ចិន អាហ្រ្វិក​ពេល​នេះ​មិន​ភ្លេច​ផ្តោត​លើ​វិស័យ​សុខាភិបាល ពិសេស​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ