អានតួអត្ថបទ
សុខភាព-គ្រុនចាញ់

តើ​អ្វី​ខ្លះ​ជាការ​រារាំងការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នៅអាហ្វ្រិក ?

ថ្ងៃទី ២៥​មេសា ជា​ទិវាពិភពលោក​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។ ជំងឺ​គ្រុន​ចាញ់​នៅ​តែ​ជា​ភ្នាក់ងារ​សម្លាប់​មនុស្ស​ជាពិសេស​កុមារ​អាហ្វ្រិក​ ទ្រង់ទ្រាយ​ធំ​ដដែល (៦សែន​បីម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០)។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាពពិភពលោក ដែល​បញ្ជាក់​ថា ករណី​​គ្រុន​ចាញ់សរុប​លើ​ពិភពលោកនៅ​ឆ្នាំ​២០២១​ មាន​ចំនួន​​ដល់ទៅជិត​​២៤០លាន​នាក់។ ចំណែក​មធ្យោបាយ​ទប់​ស្កាត់​ជំងឺ​មាន​ច្រើន និង​មាន​ទាំង​ថ្នាំ​បង្ការ​ទៀត ប៉ុន្តែ​ហេតុ​អ្វី​បាន​ជាអាហ្វ្រិក​នៅ​តែ​មិន​អាច​យក​ឈ្នះ​​ជំងឺ​គ្រុន​ចាញ់​បាន​ ?

មូស Anopheles stephensi ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់ នៅ​តាម​ទី​ប្រជុំជន
មូស Anopheles stephensi ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់ នៅ​តាម​ទី​ប្រជុំជន James Gathany/CDC via AP
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​លើ​ភពផែនដី​ចំនួន​ពាក់​កណ្តាល​រស់​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​គ្រុនចាញ់។ តំបន់​មេឌីទែរ៉ាណេ ប៉ាស៊ីហ្វិក អាមេរិក និងអាស៊ី​អាគ្នេយ៍ សុទ្ធ​សឹង​ជា​តំបន់​ងាយ​រក​គ្រោះ​។ ​ដោយហេតុ​កូវីដ​ ករណី​គ្រុនចាញ់​បាន​កើន​ឡើង​១២%។ ហើយ​នៅ​ឆ្នាំ​២០២១ ចិនបាន​ប្រកាស​​លុប​បំបាត់​ជំងឺគ្រុន​ចាញ់​បាន​ទាំង​ស្រុង​ជា​ផ្លូវ​ការ​។ នៅ​ឡើយ​តែ​ទ្វីប​អាហ្វ្រិក​ដែល​បន្ត​រងគ្រោះ​ខ្លាំង ពោល​គឺ​តំណាង​ឱ្យ​៩៥%​នៃករណីកើត​​និង​ស្លាប់​ដោយ​គ្រុនចាញ់​សរុប​។ ហេតុ​អ្វី ?

​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុន​ចាញ់មាន​ច្រើន ៖ ​មុងជ្រលក់​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ ថ្នាំបណ្តេញ​​មូស ថ្នាំការពារ​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ ថ្នាំលេបសម្រាប់​ព្យាបាល​ជំងឺ ...តែមិន​បាន​ទៅ​ដល់​អាហ្រ្វិក​គ្រប់គ្រាន់។ ថ្នាំបង្ការ មានប្រសិទ្ធភាព​៣០% ដែល​នឹង​ក្លាយ​ជា​អាវុធ​ថ្មី​មួយ​បន្ថែម​ទៀត នឹង​ត្រូវ​ចែក​ចាយ​ជូន​ពលរដ្ឋ​អាហ្វ្រិក​ក្នុង​ពេល​ខាង​មុខ។ ​នៅ​ឆ្នាំ ខាង​មុខ​ ពិភពលោក​នឹង​មាន​​​ថ្នាំការពារជំងឺ​គ្រុន​ចាញ់ មួយ​ទៀត ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ទប់​ស្កាត់​មូស ដែល​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​គ្រុនចាញ់។

ទោះ​មាន​ភាព​ជឿន​លឿន​យ៉ាងនេះ​ក្តី ក៏យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ នៅ​​អាហ្វ្រិក​ត្រូប​ប្រឈម​​ឧបសគ្គ​ច្រើន​ផ្សេង​ទៀត។ ទី​មួយ គឺ​ការ​លេច​ឡើង​នូវ​ភាព​ស៊ាំ​នឹងថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់ Artémisinine នៅ​អ៊ូហ្កង់ដា រវ៉ាន់ដា និង​តំបន់​ស្នែង​អាហ្វ្រិក។ អង្គការ​សុខភាពពិភពលោកកំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​​ស៊ាំនឹង​ថ្នាំ ​រីករាល​ដល់​បណ្តា​ប្រទេស​ផ្សេង​លើ​ទ្វីបអាហ្វ្រិក។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អំពី​ការ​គំរាមកំហែង​ទីពីរ ទាក់​ទង​ការ​​វិនិច្ឆ័យ​រោគ​សញ្ញា​។ ដោយ​ហេតុ​តែ​ប៉ារ៉ាស៊ី​គ្រុន​ចាញ់​ខ្លះ​បាន​​បំប្លែង​ខ្លួន​ ការ​ធ្វើ​តេស្ត​រក​ជំងឺ​គ្រុន​ចាញ់​ចាប់​លែង​បាន។ ​សត្វ​មូស ក៏​ធ្វើ​ការ​វិវឌ្ឍដែរ។ មូស​ខ្លះ​លែង​ខ្លាច​ថ្នាំ​ ឬ​ស៊ាំ​នឹង​ថ្នាំ​ជ្រលក់​លើ​មុង។ ជា​ចុងក្រោយ មូស​ប្រភេទAnophele stephensi​ ដែល​មាន​ប្រភព​នៅ​អាស៊ី និង​បាន​ធ្វើ​ដំណើរមក​ដល់​ប្រទេស​Djibouti អាហ្វ្រិកប៉ែក​ខាងកើត កាលពី​១០​ឆ្នាំ​មុន កំពុង​ពង្រីក​វត្តមាន​នៅ​ប្រទេស​ផ្សេងៗទៀត ដូច​ជា អេត្យូពី ស៊ូដង់ ឬ​សូម៉ាលី។ មូស​ប្រភេទ​នេះ​ ចូល​ចិត្ត​រស់​នៅក្នុង​​ក្រុង។ ដូច្នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក ​​ហានិភ័យ​ជួប​គ្រោះ​រាតត្បាត​ជំងឺគ្រុន​ចាញ់​នៅ​តាម​ក្រុង​អាហ្វ្រិក​បាន​កើន​ឡើង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ