អានតួអត្ថបទ
បាតុកម្មប្រឆាំង​ក្រុមមួកខៀវនៅកុងហ្គោ

អសប​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួកខៀវ ស្លាប់ក្នុងបាតុកម្មប្រឆាំង នៅ​កុងហ្គោ

បាតុកម្ម​ប្រឆាំង​វត្តមាន​កងទ័ពមួកខៀវ មិនបាន​ចុះថមថយ ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ នៅថ្ងៃ​ចន្ទទី ១​សីហា ប៉ូលិស​បាញ់ផ្សែងបង្ហូរទឹកភ្នែក ចំណែក ទាហាន​បាន​បាញ់គ្រាប់កាំភ្លើង ដើម្បី​បង្អើល បំបែក​ក្រុមបាតុករ ដែលបាន​សម្រុកចូលកាន់តែ​ជិត​ទីស្នាក់ការ​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ នៅភាគខាងកើត​ប្រទេស​កុងហ្គោ។ នៅថ្ងៃ​ចន្ទដដែល អគ្គលេខាធិការរង​របស់​អង្គការ​សហប្រជាជាតិ និង​សមាជិក​របស់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ចូលរួម​គោរពវិញ្ញាណក្ខន្ធរបស់​កងទ័ព​រក្សាសន្តិភាព ៥នាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបាន​គេ​សម្លាប់​នៅ​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅកុងហ្គោ។

ទាហានមួកខៀវ​របស់​​អង្គការ​សហប្រជាជាតិ​នៅក្នុង​ពេល​បំពេញបេសកកម្ម​រក្សាសន្តិសុខ​នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ
ទាហានមួកខៀវ​របស់​​អង្គការ​សហប្រជាជាតិ​នៅក្នុង​ពេល​បំពេញបេសកកម្ម​រក្សាសន្តិសុខ​នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ AP - John bompengo
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍​ក្រោយ​បាតុកម្ម​ប្រឆាំង​ដ៏​ហិង្សា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ អគ្គលេខាធិការរង អង្គការ​សហប្រជាជាតិ និង​សមាជិក​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​កុងហ្គោ ហៅកាត់ថា Monusco បានធ្វើពិធីបុណ្យ​រំលឹកវិញ្ញាណក្ខន្ធ​កងទ័ព​មួកខៀវ​៥នាក់ ដែល​បាន​បាត់បង់​ជីវិតនៅកុងហ្គោ។

នៅថ្ងៃ​អង្គារ សប្តាហ៍មុន ទាហាន​មួកខៀវជាតិ​ម៉ារ៉ុក និង​ប៉ូលិស​អង្គការសហប្រជាជាតិ ជាតិ​ឥណ្ឌា​២នាក់ ត្រូវគេ​សម្លាប់ ចំណែក​បាតុករ​៩នាក់​ស្លាប់ នៅក្នុង​អំឡុងបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ នៅ​មួយថ្ងៃក្រោយ វរសេនីយ៍​ក្រុម​មួកខៀវម្នាក់ ស្លាប់​ក្នុង​គ្រោះថ្នាក់ មិនដឹងមូលហេតុ ចំណែក​ទាហានមួកខៀវ​ជាតិម៉ារ៉ុក​ម្នាក់ទៀត ស្លាប់​នៅក្នុង​ពេល​ជួយ​កងទ័ព​រដ្ឋាភិបាល​កុងហ្គោ​ក្នុងសមរភូមិប្រយុទ្ធ​ប្រឆាំង​នឹង​ពួកឧទ្ទាម។

នៅថ្ងៃចន្ទ ពិធី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួកខៀវ នៅ​ទីស្នាក់ការ​របស់​Monusco នៅទីក្រុង​Goma ធ្វើឡើង​ដោយ​គ្មានវត្តមាន​របស់​មន្រ្តីរដ្ឋាភិបាល​កុងហ្គោ។ សម្រាប់​ប្រធាន​បេសកកម្មMonusco គេ​ត្រូវប្រយ័ត្នប្រយែងចំពោះ​ហេតុផល​ដ៏​គ្មាន​មូលដ្ឋាន ដែល​បាន​ជំរុញ​ឲ្យមានការស្អប់ ក្រុមមួកខៀវ នៅ​កុងហ្គោ។ វាជាមេរៀនសម្រាប់​ក្រុមមួកខៀវ​ធ្វើការ​ជាមួយ​អាជ្ញាធរ​កុងហ្គោ។

បេសកកម្ម​របស់អង្គការ​សហប្រជាជាតិ​ចាប់មាន​វត្តមាន​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ នៅ​ឆ្នាំ ១៩៩៩ ដើម្បី​ធានា​រក្សាសន្តិភាព និង​បង្រ្កាបក្រុមប្រដាប់អាវុធ ជាង ១២០​ដែលសកម្ម​ខ្លាំង​នៅភាគខាងកើត​កុងហ្គោ។ ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ២០១៩ បេសកកម្មរបស់​​ក្រុមមួកខៀវ នៅ​កុងហ្គោ​បានធ្លាក់​ប្រជាប្រិយភាព បន្ទាប់ពី​ប្រជាជនកុងហ្គោ​ចោទប្រកាន់​ទាហានរបស់អង្គការសហប្រជាជាតិ​ថា គ្មានសមត្ថភាព​ការពារប្រជាជន​ពីការវាយប្រហារ​របស់ពួកឧទ្ទាម M23ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​រវ៉ាន់ដា។

នៅថ្ងៃ ចន្ទ ទោះ​មានការបង្រ្កាប​របស់​ទាហាន​និងប៉ូលិស​កុងហ្គោ បាតុករ ដែលដឹកនាំ​ដោយ​ចលនាតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ និង​ការផ្លាស់ប្តូរ បានបោះតង់ និង​សន្យា​ធ្វើបាតុកម្ម​រហូតដល់​ក្រុមទាហាន​មួកខៀវ​ដែលពួកគេ​ចាត់ទុក​ជាពួកទេសចរ ចាកចេញពី​កុងហ្គោ។ សម្រាប់បាតុករ ប្រជាជន​កុងហ្គោ​កំពុង​ស្ថិតនៅចំពោះ​កងកម្លាំង​អង្គការសហប្រជាជាតិ ដែលមានមធ្យោបាយ​ហិរញ្ញវត្ថុ មធ្យោបាយ​យោធា ដើម្បីបិទបញ្ចប់​សកម្មភាព​របស់​ពួកឧទ្ទាម​ប្រដាប់អាវុធ។ ប៉ុន្តែ ទាហាន​មួកខៀវ មិន​បាន​ប្រើ​មធ្យោបាយ​របស់ខ្លួនទេ។ បើតាម​ក្រុមបាតុករកុងហ្គោល បាតុកម្ម​នៅ​ប៉ុន្មាន​ថ្ងៃមកនេះ បាន​បង្ហាញថា កងទ័ពរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បានលើកដៃ​បាញ់សម្លាប់បាតុករ ជាជាង​ចេញទៅប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧទ្ទាម។

នៅថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ​បាន​បញ្ជា​ឲ្យគេ​ស៊ើបអង្កេត​ជាបន្ទាន់ នៅក្រោយ​ក្រុមទាហាន​មួកខៀវ ដែលត្រលប់មកពីប្រទេស​អ៊ូហ្កង់ដា បាញ់សម្លាប់​មនុស្ស ២នាក់ និង​ធ្វើ​ឲ្យរបួស​ជាច្រើននាក់ នៅព្រំដែន​អ៊ូហ្កង់ដា និង​កុងហ្គោ។ មន្រ្តី​របស់​Monuscoបាន​អះអាងថា កំពុងបើកការស៊ើបអង្កេត និង​បាន​ចាប់ឃាត់ខ្លួន​ជនល្មើស​ដែល​បាន​បាញ់សម្លាប់​មនុស្ស​ដោយ​គ្មានមូលហេតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ