អានតួអត្ថបទ
វត្តមានបារាំងនៅអាហ្វ្រិក

៤ថ្ងៃនៅអាហ្វ្រិក ប្រមុខរដ្ឋបារាំង ​ចង់​បើក​ទំព័រ​ទំនាក់ទំនង​ថ្មី​ជាមួយ​ប្រទេសតំបន់​​​អាហ្វ្រិក

​​ថ្ងៃ​ពុធ​ ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល​​ ម៉ាក្រុង​ ​អញ្ជើញទៅ​តំបន់​អាហ្វ្រិក​ ជាទី​ដែល​បារាំង​ហាក់​កំពុងតែ​បាត់បង់​«ឥទ្ធិពល»​បន្តិចម្តងៗ នៅលើ​ដែន​ដី​អតីតអាណានិគម​។ ​ដំណើរ ​​៤ ថ្ងៃ​នៅទ្វីប​អាហ្វ្រិក ប្រមុខរដ្ឋបារាំង ​គ្រោង​នឹងធ្វើ​​ទស្សនកិច្ច ៤ ប្រទេស ដើម្បី​«សាកល្បង​បើក​ទំព័រ​ទំនាក់ទំនង​ថ្មី»​ជាមួយ​ប្រទេស​ទាំងនោះ។​​

ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល​​ ម៉ាក្រុង
ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល​​ ម៉ាក្រុង REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីបារាំង ផ្តើម​ទស្សនកិច្ច​ ថ្ងៃទី១ នៅ ​ហ្កាប៉ុង មុន​នឹង​បន្ត​ទៅ អង់ហ្កូឡា កុងហ្គោប្រាហ្សាវីល និង សាធារណរដ្ឋ​ប្រជាធិបតី​កុងហ្កូ។ នេះ​ជា​ដំណើរ​ទស្សនកិច្ចទៅ​ទ្វីប​អាហ្វ្រិក​ ​លើកទី​ ១៨ ហើយ តាំង​តែ​លោក អេម៉ានុយអែល ម៉ាក្រុង ឡើង​កាន់​អំណាច​ដឹកនាំប្រទេស​បារាំង​ នៅឆ្នាំ២០១៧​។

២ថ្ងៃ មុន​នឹង​ឡើង​យន្តហោះ ប្រមុខរដ្ឋបារាំង​បាន​លាត​ត្រដាងផែន​ការ​​យុទ្ធសាស្ត្រ​នៅ​តំបន់​អាហ្វ្រិក​​សម្រាប់​​៤ឆ្នាំ​ទៅមុខ និង​បាន​ថ្លែង​ក្តីអំពាវនាវ​ឲ្យ​ប្រឹងប្រែង​កសាង​ទំព័រ​ទំនាក់ទំនង​ថ្មី រវាង​បារាំង ​និង ​អាហ្វ្រិក​។ របៀបទាក់ទងថ្មី​ ដែល​ឈរ​លើ​ទំនុក​ចិត្ត ស្មើភាពគ្នា ជួយ​គ្នាទៅវិញទៅវិញ ហើយ​និង​ការ​ទទួល​ខុសត្រូវ​ ​។​

​ដំណើរទស្សនកិច្ចរបស់​លោក ម៉ាក្រុង ទៅអាហ្វ្រិក​លើកនេះ ក៏​ជាការ​សាកល្បង​ស្ទង់​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​និង​បណ្តា​ប្រទេស​​អាហ្វ្រិក​ដែរ គឺ បន្ទាប់ពី ទ័ព​បារាំង​ ត្រូវ​បណ្តេញ​ចេញពី​ប្រទេសម៉ាលី និង​បួរគីណាហ្វាសូ នៅខែតុលា​ឆ្នាំទៅមិញ ហើយ​ យោធាបារាំង ក៏បង្ខំ​ចិត្ត​ចាកចេញពី​អាហ្វ្រិក​កណ្តាល​ដែរ នៅ​ខែធ្នូ​២០២២។ ​ ការ​ដក​វត្តមាន​កងទ័ព​បារាំងនេះ គឺត្រូវ​អ្នក​ជំនាញ​មើលឃើញថា​ វា​ជា​ចំណែកផលវិបាក​មួយ​ ដែ​លដ​ចេញពី​ការ​​បញ្ឆេះ​កំហឹង​របស់​ក្រុម​ហ៊ុន​ទាហាន​ស៊ីឈ្នួលច្បាំង​ វ៉ាក់នែរ (Wagner) របស់​រុស្ស៊ី។  វ៉ាក់នែរ ​​ប្រឹង​ប្រែង​ធ្វើ​យុទ្ធនាការ​ផ្សេងប្លែកៗ ដើម្បី​ឲ្យ​ប្រជាជន​អាហ្វ្រិក​​ឲ្យ​ស្អប់​​រើស​អើង​បារាំង និងធ្វើ​បាតុកម្ម​ប្រឆាំង​បារាំង​ ដែល​ធ្លាប់ធ្វើជា​ម្ចាស់​អាណានិគម​​។

កាលពីថ្ងៃច័ន្ទ ​នៅ​ចំពោះមុខ​បណ្តាក្រុម​ហ៊ុនឯកជន​និង​​អង្គការសង្គមស៊ីវិល​​ធ្វើ​សកម្មភាព​នៅអាហ្វ្រិក លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រឹង​ព្យាយាម​ពន្យល់ថា «វត្តមាន​បារាំង​នៅ​អាហ្វ្រិក​ គឺ​ជា​សំខាន់ ​បឋមបំផុត ដើម្បី​លទ្ធិប្រជាធិបតេយ្យ »​។ ក្រៅពីនេះ ប្រមុខរដ្ឋ​​បារាំង​ ​​សន្យាការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​បារាំង​នៅ​អាហ្វ្រិក​ ដែល​ទីនេះ មាន​ តួកគី រុស្ស៊ី​ និងចិន ក៏​កំពុងវិនិយោគទុន​​សម្បើម​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ