អានតួអត្ថបទ
បារាំង-អាហ្វ្រិក

លោកម៉ាក្រុង​ចេញ​ដំណើរ​ទៅ​បញ្ជាក់​ជំហរ​របស់​បារាំង នៅ​ទឹកដី​អាហ្វ្រិក

ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ទៅដល់​ប្រទេស​កាមេរូន កាលពីយប់ថ្ងៃ​ចន្ទទី ២៥​កក្កដា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅប្រទេស​អាហ្វ្រិកបី គឺ កាមេរូន បេណាំង និង​ហ្គីណេប៊ីស្សូ។ ទស្សនកិច្ចមួយជុំ​របស់​លោកម៉ាក្រុង​នៅអាហ្វ្រិកខាងលិច (ពីថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ កក្កដា) មានគោលដៅ​ពង្រឹងវត្តមានរបស់បារាំង ក្នុងផ្នែកសេដ្ឋកិច្ច និង​សន្តិសុខ​នៅតាមបណ្តាប្រទេស​នៅ​អាហ្រ្វិក ជាទីដែល មហាអំណាចយោធា ជាពិសេស រុស្ស៊ីកំពុង​តែ​សកម្មខ្លាំង។

ប្រធានាធិបតីកាមេរូន លោកប៉ូល ប៊ីយ៉ា ទទួលប្រធានាធិបតីបារាំងនៅវិមាន​ប្រធានាធិបតីនៅ​ទីក្រុង​យ៉ាអូនដេ នៅថ្ងៃអង្គារ​ទី ២៦ កក្កដា ២០២២
ប្រធានាធិបតីកាមេរូន លោកប៉ូល ប៊ីយ៉ា ទទួលប្រធានាធិបតីបារាំងនៅវិមាន​ប្រធានាធិបតីនៅ​ទីក្រុង​យ៉ាអូនដេ នៅថ្ងៃអង្គារ​ទី ២៦ កក្កដា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្រៅ​ទឹកដីអឺរ៉ុប លោក​ប្រធានាធិបតីបារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ជ្រើសរើស​ប្រទេស​បី នៅអាហ្វ្រិកខាងលិច គឺ កាមេរូន បេណាំង និង​ហ្គីណេប៊ីស្សូ។

ទៅដល់​ទីក្រុង​យ៉ាអ៊ូនដេ កាលពីយប់​ថ្ងៃ​ចន្ទ ប្រមុខរដ្ឋបារាំង​ត្រូវ​ជួបពិភាក្សាជាមួយ ប្រធានាធិបតី​កាមេរូន លោក​ប៉ូល ប៊ីយ៉ា នៅថ្ងៃអង្គារនេះ។ ជាមួយ លោក​ប៉ូល ប៊ីយ៉ា អាយុ ៨៩ឆ្នាំ ដែល​ដឹកនាំប្រទេសកាមេរូន ​ជិត ៤០ឆ្នាំ ដោយប្រើ​កណ្តាប់ដៃដែក លោកប្រធានាធិបតីបារាំង ម៉ាក្រុង​គ្រោង​នឹង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​នៅកាមេរូន ដែល​រួបរឹត​ដោយ​ជម្លោះជាតិពិន្ធុ និងការងើបបះបោរ​របស់​ក្រុមប្រដាប់អាវុធទាមទារ​ផ្តាច់ទឹកដី តាំង​ពីឆ្នាំ​២០១៧។ ម្យ៉ាង​តំបន់ខាងជើង​របស់​កាមេរូន​កំពុង​រង​ការវាយប្រហារ​មិនឈប់​ពី​សំណាក់​ក្រុមជីហាត​បូកូហារ៉ាំ។

ដោយពិតទៅ លោកម៉ាក្រុងធ្លាប់​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតីកាមេរូន ខឹង​អាក់អន់​ចិត្ត​ម្តងហើយ​កាលពី​ឆ្នាំ ២០២០ នៅពេល​លោកប្រកាសថា បារាំង​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កាមេរូន លោក​ប្រធានាធិបតី​ប៉ូល ប៊ីយ៉ា ក្នុងរឿង​ប្រព្រឹត្តអំពើហិង្សា​នៅ​កាមេរូន។ នៅមុនទស្សនកិច្ច នៅ​កាមេរូន ក្រុមអង្គការ​ការពារ​សិទ្ធិ​មនុស្ស​បានអំពាវនាវ​សុំ​ឲ្យលោក​ម៉ាក្រុង​ជំរុញ​ដាក់សម្ពាធ​ឲ្យ​ប្រធានាធិបតី​ប៉ូល ប៊ីយ៉ា​ដោះលែង​អ្នកទោស​នយោបាយ និង​សកម្មជននានា ដែលត្រូវ​បាន​ចាប់ខ្លួន នៅក្នុង​អំឡុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុមទាមទារ​បំបែកទឹកដី។

បន្ទាប់ពី​កាមេរូន ប្រធានាធិបតីបារាំង​ធ្វើដំណើរ​ទៅប្រទេស​បេណាំង​នៅថ្ងៃ​ពុធ មុននឹង​បញ្ចប់​ទស្សនកិច្ច​របស់​លោកនៅប្រទេស​ហ្គីណេប៊ីស្សូ។ ទាំងបេណាំង និង​ហ្គីណេប៊ីស្សូ រងការរិះគន់ថា កំពុងរបូតលទ្ធិប្រជាធិបតេយ្យ​ដោយសន្សឹមៗ នៅក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ។​

មន្រ្តី​របស់​វិមានប្រធានាធិបតីបារាំង​បាននិយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប្រធានាធិបតី​បារាំង​នឹង​អាច​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក​នៅប្រទេស​អាហ្វ្រិក ប៉ុន្តែ ការពិភាក្សា​ ជាមួយ​សមភាគី ធ្វើឡើង​ដោយ​បិទទ្វារ​ ដោយមិនចាំបាច់ត្រូវ​ប្រកាសជាសាធារណៈ ដែលនឹងអាច​ធ្វើ​ឲ្យ​ភាគីពាក់ព័ន្ធ​មិន​សប្បាយចិត្ត​នោះទេ។ មិនចង់​ឲ្យ​ប្រទេស​ដៃគូអាហ្វ្រិក អាក់អន់ចិត្ត ព្រោះ​ប្រធានាធិបតី​បារាំង ទៅ​តំបន់​អាហ្វ្រិកខាងលិច​លើកនេះ ដើម្បី​ចង់បាន​ការសហការ​ដើម្បី​ពង្រឹង​វត្តមាន​របស់​បារាំង​ ទាំងផ្នែក​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្ត​យោធា នៅទឹកដីអាហ្រ្វិក

ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ បណ្តាប្រទេសនៅ​អាហ្វ្រិក សំខាន់​ណាស់​សម្រាប់​បារាំង ដែល​មិន​ចង់បាត់បង់​ផលប្រយោជន៍ ​សេដ្ឋកិច្ច និង​យោធា នៅ​ចំពោះមុខ​ការពង្រីក​ដែន​ឥទ្ធិពលរបស់​មហាអំណាច​នានា​នៅទឹកដីអាហ្វ្រិក ដែលមាន​តាំង​ពី​ចិន ឥណ្ឌា អាមេរិក និង​សំខាន់​ជាងគេ​គឺ​រុស្ស៊ី ដែល​ជា​ដើមហេតុធ្វើ​ឲ្យ​កងទ័ពបារាំង​ខ្ទាតចេញពី​ប្រទេស​ម៉ាលី។ ម្យ៉ាងការជួយថែ​រក្សា​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ​នៅ​ទឹកដី​អាហ្រ្វិក នៅចំពោះមុខការគំរាមកំហែង​របស់​ក្រុមជីហាត ក្រុមភេរវនិយម​អាល់កៃដា សំខាន់​ផងដែរ​សម្រាប់​ដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍អាហ្វ្រិក ដែលអឺរ៉ុប បារាំង​កំពុងប្រឈម​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ