អានតួអត្ថបទ

អង្គការសហប្រជាជាតិសាទរលើកិច្ចព្រមព្រៀងបែងចែកចំណូលបានពីការលក់ប្រេងរវាងគូប្រជែងនៅលីប៊ី

នៅ​ក្នុង​ប្រទេស​លីប៊ី គូប្រជែង​បាន​ឯកភាព​គ្នា​លើ​យន្តការ​នៃ​ការ​គ្រប់គ្រង និង​ការ​ចែក​ចំណូល​បាន​ពី​ការ​លក់​ប្រេង។ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​លីប៊ី​ហៅ​កាត់ Manul បាន​សាទរ​លើ​យន្តការ​មួយ​នេះ និង​បាន​មើល​ឃើញ​ថា នេះ​អាច​ជា​សញ្ញា​នៃ​ការ​ឈាន​មួយ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ស្រុះស្រួល​ខាង​នយោបាយ។ គួរ​បញ្ជាក់​ថា តាំង​ពី​ការ​ធ្លាក់​ពី​អំណាច​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ លីប៊ី​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​វិបត្តិ​ផ្ទៃក្នុង​ដោយ​ការ​ពុះ​ចែក​ប្រទេស​ជា​ពីរ​រវាង​តំបន់​ប៉ែក​ខាង​កើត និង​ប៉ែក​ខាង​លិច។

លោក Abdoulaye Bathily ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​លីប៊ី។
លោក Abdoulaye Bathily ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​លីប៊ី។ AFP - MAHMUD TURKIA
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ក្រឹត្យ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក យន្តការ​ដែល​គូប្រជែង​លីប៊ី​បាន​បង្កើត​ឡើង​មាន​ឈ្មោះ « គណៈកម្មការជាន់ខ្ពស់​ហិរញ្ញវត្ថុ »។ គណៈកម្មការ​នេះ​មាន​តួនាទី​គ្រប់គ្រង​ចំណូល​បាន​ពី​ការ​លក់​ប្រេង គ្រប់គ្រង​លើ​ការ​ចំណាយ​ថវិកា​សាធារណៈ និង​គ្រប់គ្រង​លើ​ការ​បែងចែក​ចំណូល​បាន​ពី​ការ​លក់​ប្រេង​ដោយ​សមភាព។ គួរ​បញ្ជាក់​ថា លីប៊ី​ជា​ប្រទេស​អាហ្រ្វិក​ដែល​កំពុង​មាន​បរិមាណ​ស្តុក​ប្រេង​ឆៅ​យ៉ាង​ច្រើន​សម្បើម​នៅ​ក្រោម​ដី​របស់​ខ្លួន។ តែ​តាំង​ពី​ក្រោយ​ការ​ដួលរលំ​របប​ផ្តាច់ការ​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ មក លីប៊ី​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​វិបត្តិ​ផ្ទៃក្នុង​នៃ​ការ​ពុះ​ចែក​ប្រទេស​ជា​ពីរ​រវាង​តំបន់​ប៉ែក​ខាង​កើត និង​តំបន់​ប៉ែក​ខាង​លិច។

តាំង​ពី​ជាង ១ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​នៅ​ប៉ែក​ខាង​កើត​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ​កំពុង​ឈ្លោះ​ជាមួយ​រដ្ឋាភិបាល​នៅ​ប៉ែកខាងលិច​ដែល​គាំទ្រ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាហ្វតា​ដ៏​មាន​ឥទ្ធិពល។ ប្រាក់ចំណូល​ពី​ការ​លក់ប្រេង​ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​ប្រទេស​តែង​ជា​ដើមចម​នៃ​ជម្លោះ​រវាង​គូប្រជែង​ទាំង​ពីរ។ សព្វថ្ងៃ ប្រាក់ចំណូល​ពី​ការ​លក់ប្រេង​នេះ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈជាតិ និង​ធនាគារកណ្តាល​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ តែ​ចាប់​ពី​ពេល​នេះ​ទៅ គឺ​ជា​តួនាទី​របស់ « គណៈកម្មការជាន់ខ្ពស់​ហិរញ្ញវត្ថុ »

គណៈកម្មការជាន់ខ្ពស់​ហិរញ្ញវត្ថុ​នេះ​មាន​សមាជិក​ចំនួន ១៨រូប​ក្នុង​នោះ មាន​អ្នក​តំណាង​មក​ពី​រដ្ឋាភិបាល​នៅ​ប៉ែកខាងលិច អ្នក​តំណាង​មក​ពី​រដ្ឋាភិបាល​នៅ​ប៉ែកខាងកើត អ្នកតំណាង​មក​ពី​ទ័ព​របស់​សេនាប្រមុខ​ខាលីហ្វា ហាហ្វតា អ្នក​តំណាង​មក​ពី​សភា ព្រឹទ្ធសភា និង​អ្នកតំណាង​មក​ពី​រដ្ឋអំណាច​គ្រប់គ្រង​រដ្ឋបាល។ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​លីប៊ី​ហៅ​កាត់ Manul បាន​សាទរ​លើ​ការ​បង្កើត​គណៈកម្មការជាន់ខ្ពស់​ហិរញ្ញវត្ថុ​ពេល​នេះ និង​មើល​ឃើញ​រួច​ជា​ស្រេច​នូវ​កុងសង់ស៊ុស​នយោបាយ​រវាង​ស្ថាប័ន និង​តួអង្គ​នយោបាយ​គូប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ