អឺរ៉ុបខ្វែងគំនិតគ្នាចំពោះបញ្ហាកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥២
ថ្ងៃអាទិត្យនេះ សារព័ត៌មានអាល្លឺម៉ង់ចុះផ្សាយបទសម្ភាសដែលបានធ្វើជាមួយប្រមុខដឺកនាំ អង់ហ្កឺឡា មែរគែល។ ក្នុងដំណោះស្រាយវិបត្តិកូរ៉េខាងជើង លោកស្រីមែរគែល ចង់ឃើញការចរចាការទូតមួយ ដែលយកគំរូតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែ បារាំងវិញមានជំហរទៅរកអាមេរិកនិងជប៉ុនដែលចង់ពង្រឹងទណ្ឌកម្មបន្ថែមសម្ពាធលើក្រុងព្យុងយ៉ាង។
ថ្ងៃសៅរ៍ម្សិលមិញ កូរ៉េខាងជើងទាមទារអោយបារាំងធ្វើគំរូ បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ កូរ៉េខាងជើងលើកឡើងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងបារាំងដែលបានលើកឡើងថា នុយក្លេអ៊ែរកូរ៉េខាងជើងគំរាមរហូតដល់ទ្វីបអឺរ៉ុប។ ស្អែកនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវប្រជុំគ្នាដើម្បីបោះឆ្នោតលើសេចក្តីសម្រេចស្នើដោយអាមេរិក បន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង។
ហេតុអ្វីបារាំងគាំទ្រអាមេរិកនិងជប៉ុន សម្រេចយកជម្រើសពង្រឹងទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង?
បារាំងយល់ថា នុយក្លេអ៊ែរកូរ៉េខាងជើងគំរាមមិនត្រឹមតែស្ថិរភាពសន្តិសុខតំបន់ទេ គឺគំរាមរហូតដល់ទៅទ្វីបអឺរ៉ុបទៀតផង។ នេះដោយសារតែកូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលបាលីស្ទិក បំពានសេចក្តីសម្រេចអង្គការសហប្រជាជាតិ។ ពិសេសការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បូករួមទាំងការបាញ់មីស៊ីលរំលងទឹកដីជប៉ុនថ្មីៗនេះផង។
ម្ល៉ោះហើយទើបប្រធានាធិបតីបារាំងយល់ស្របតាមគំនិតរបស់លោកដូណាល់ ត្រាំ និងលោកស្ហ៊ីនហ្សូ អាបេ ដែលចង់បន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងអោយកាន់តែធ្ងន់ថែមទៀត។ ម្សិលមិញនេះ លោកម៉ាក្រុងបាននិយាយជាមួយលោកត្រាំ និងលោកអាបេ ពីភាពចាំបាច់រួបរួមគ្នា ដើម្បីបញ្ចេញប្រតិកម្មតបទៅកូរ៉េខាងជើង។ ប្រហែលដោយសារតែបារម្ភរឿងសន្តិសុខអឺរ៉ុបនេះហើយ ទើបលោកម៉ាក្រុងថែមទាំងរហូតសុំអោយសហភាពអឺរ៉ុបគិតគូររឿងកូរ៉េខាងជើង។ លោកម៉ាក្រុងថែមទាំងចេញមុខអះអាងបង្ហាញសាមគ្គីភាពបារាំងជាមួយជប៉ុនទៀតផង។
កូរ៉េខាងជើងមិនសប្បាយចិត្តទេ ដែលលឺសំដីរដ្ឋមន្ត្រីការបរទេសបារាំង លោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ លើកឡើងរហូតថា កូរ៉េខាងជើងអាចមានសមត្ថភាពវាយប្រហារដល់អឺរ៉ុប គំរាមទ្វីបអឺរ៉ុប។ រឿងរ៉ាវគឺរវាងតែកូរ៉េខាងជើងជាមួយអាមេរិក ហេតុអ្វីបានជាបារាំងចេះមកចេញមុខលូកលាន់ អោយបញ្ហារាលដាលដល់អឺរ៉ុបដែរ? ម្សិលមិញនេះ លោករី តុកសុន ធ្វើការខាងនាយកដ្ឋានអឺរ៉ុប នៅក្រសួងការបរទេសកូរ៉េខាងជើង រិះគន់បារាំងថា “មេដឺកនាំបារាំងគិតតែនាំគ្នាប្រកាសអាសន្ន មិនសមហេតុផល ទាក់ទងរឿងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ បើអាវុធនុយក្លេអ៊ែរមិនល្អ អញ្ចឹងបារាំងត្រូវបោះបង់អាវុធនុយក្លេអ៊ែរដែរទៅ បើបារាំងមិនទទួលការគំរាមពីអ្នកណាផងនោះ” !
អាល្លឺម៉ង់ចង់បានដំណោះស្រាយការចរចាការទូត យកគំរូតាមកិច្ចព្រមព្រៀងអ៊ីរ៉ង់
ខាងអាល្លឺម៉ង់ ប្រមុខដឺកនាំអង់ហ្កឺឡា មែរគែល យល់ស្របតាមចិនដែលចង់បានដំណោះស្រាយតាមបែបការទូត។ ប្រធានាធិបតីចិន ស៊ី ជីនពីង ទើបនឹងនិយាយរឿងកូរ៉េខាងជើងជាមួយលោកស្រីមែរគែល ហើយមេដឺកនាំទាំង២ក៏បង្ហាញជំហរដោះស្រាយបញ្ហាកូរ៉េខាងជើង តាមបែបការទូតដែរ។ លោកស្រីមែរគែលប្រាប់ថា បើមានការអញ្ជើញអោយអាល្លឺម៉ង់ចូលរួមក្នុងការចរចារឿងកូរ៉េ លោកស្រីនឹងឆ្លើយយល់ព្រមភ្លាម។ លោកស្រីមែរគែល បានបង្ហាញបំណងដោះស្រាយបញ្ហាកូរ៉េខាងជើង ដោយយកគំរូតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអ៊ីរ៉ង់សម្រេចបានជាមួយប្រទេសមហាអំណាច កាលពីឆ្នាំ២០១៥ តំរូវអោយអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ។ ជាថ្នូរ សហគមន៍អន្តរជាតិដកទណ្ឌកម្មពីអ៊ីរ៉ង់។ បើធ្វើដូចគ្នា គឺថា កូរ៉េខាងជើងត្រូវបន្ថយកម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការព្យួរទណ្ឌកម្មដែរ។ សម្រាប់អាល្លឺម៉់ង់ ត្បិតថា ការចរចាការទូតនេះប្រើពេលយូរ ប៉ុន្តែវាជាដំណោះស្រាយល្អគ្រាន់បើដែរ ជាជាងប្រជែងមុខយក្សជាមួយកូរ៉េខាងជើង។
ដោយឡែក ការដែលអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង៧លើកមកហើយ ក៏ដើម្បីជំរុញអោយមានការចរចាដែរ។ អង្គការសហប្រជាជាតិបានឃើញគំរូពង្រឹងទណ្ឌកម្មបែបនេះ ផ្តល់ផលវិជ្ជមានជាមួយប្រទេសដូចជាអ៊ីរ៉ង់ និងអាហ្វ្រិកខាងត្បូងនេះហើយ។
អាមេរិកបានដាក់សំណើទណ្ឌកម្មថ្មីលើក្រុងព្យុងយ៉ាង ចង់អោយក្រុមប្រឹក្សាសន្តិសុខអនុម័តសំណើនេះ ថ្ងៃចន្ទស្អែក១១កញ្ញានេះ។ ប៉ុន្តែ មិនដឹងថា តើចិននិងរុស្ស៊ីចេញវេតូជំទាស់ រឺយ៉ាងណាទេ។ ចិននិងរុស្ស៊ីឃើញថា ទណ្ឌកម្ម៧លើកមកហើយ ក៏មិននៅតែមិនអាចដោះស្រាយបញ្ហាកូរ៉េខាងជើងដដែល។ សំណើដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើកនេះ ដូចជាកាន់តែធ្ងន់ សម្រាប់លោកគឺម ជុងអ៊ុន។ ជាសំណើគ្រោងដាក់ទណ្ឌកម្មលើផ្នែកប្រេង បង្កកទ្រព្យសម្បត្តិលោកគឹម ជុងអ៊ុន បញ្ជូនពលករកូរ៉េខាងជើងទៅស្រុកកំណើតវិញ ហាមការនាំចូលសម្លៀកបំពាក់កូរ៉េខាងជើង ហើយក៏អាចមានការត្រួតពិនិត្យកប៉ាល់ផ្សេងៗដែលជាប់សង្ស័យផងដែរ។ ចិននិងរុស្ស៊ីយល់ស្របតែលើចំណុចហាមការនាំចូលសម្លៀកបំពាក់ប៉ុណ្ណោះ។ យោងតាមមន្ត្រីការទូត ចិននិងរុស្ស៊ីអាចបារម្ភថា បើដាក់ទណ្ឌកម្មកាន់តែធ្ងន់ កូរ៉េខាងជើងអាចនឹងដុនដាបដោយសារប្រឈមនឹងជនភៀសខ្លួនកាន់តែច្រើន។ តាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះ ពេលនេះ អាមេរិកក៏ប្រហែលជាបន្ធូរសំណើថ្មីនេះទៅវិញបន្តិចដែរ អាចបន្ធូររឿងប្រេង និងការត្រួតកប៉ាល់សង្ស័យតាមសមុទ្រ។
ដោយឡែក លោកគឺម ជុងអ៊ុន មិនបានខ្វល់ទណ្ឌកម្មអ្វីទេ។ លោកគឺម បានសុំអោយក្រុមស្រាវជ្រាវកូរ៉េខាងជើងបន្តកម្មវិធីនុយក្លេអ៊ែរ ដើម្បីអោយកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរពេញលេញ។ ថ្មីៗនេះ លោកគឺម ជុងអ៊ុនបានអបអរជោគជ័យនៃការសាកល្បងនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើង ហើយបានទាំងរៀបចំជប់លៀងអោយក្រុមស្រាវជ្រាវជាតិកូរ៉េខាងជើងទៀតផង។
អង្គការសហប្រជាជាតិ៖កាន់តែដាក់ទណ្ឌកម្មលើកូរ៉េខាងជើង កូរ៉េខាងជើងកាន់តែបង្វែរទណ្ឌកម្ម
ទណ្ឌកម្មអង្គការសហប្រជាជាតិដាក់លើកូរ៉េខាងជើងច្រើនលើកមកហើយ តែកូរ៉េខាងជើងនៅតែអាចបញ្ចេញទំនិញលក់ទៅក្រៅស្រុក រកចំណូលមកអភិវឌ្ឈន៍កម្មវិធីនុយក្លេអ៊ែរ។ បើយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ចុះផ្សាយចុងសប្តាហ៍នេះ កូរ៉េខាងជើងបង្វែរទណ្ឌកម្មអង្គការសហប្រជាជាតិច្រើនដងមកហើយ។ ក្រុងព្យុងយ៉ាងប្រើប្រទេសទី៣ អោយជួយបញ្ចេញផលិតផលក្នុងស្រុក ទៅលក់នៅបរទេស។ ក្រុមជំនាញអង្គការសហប្រជាជាតិបានស៊ើបអង្កេតលើកូរ៉េខាងជើង ពីខែកុម្ភៈដល់ខែសីហាកន្លងទៅ។ ក្នុងរយៈពេលនេះ ក្រុមស៊ើបអង្កេតរកឃើញថា កូរ៉េខាងជើងបានប្រើប្រទេសផ្សេងៗជាអន្តរការី ជួយនាំចេញទំនិញ ទៅក្រៅស្រុក ធ្វើអោយរដ្ឋកូរ៉េខាងជើងរកចំណូលបានយ៉ាងហោចក៏២៧០លានដុល្លារ ដែរ ពីខែកុម្ភៈដល់ខែសីហាកន្លងទៅ។
អង្គការសហប្រជាជាតិសង្ស័យថា ស៊ីរី និងប្រទេសអាហ្វ្រិកមួយចំនួនអាចជាប់ ពាក់ព័ន្ធ ថា ជួយកូរ៉េខាងជើង។ ក្រុមជំនាញអង្គការសហប្រជាជាតិលើកឡើងថា ទណ្ឌកម្មមានមែន តែមិនសូវជាអនុវត្តត្រឹមត្រូវទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ