អានតួអត្ថបទ
ចិន-អឺរ៉ុប

ស៊ែរប៊ី ប្រកាស​ស្វាគម​ប្រមុខរដ្ឋ ស៊ី ជីនពីង ដោយទទួលស្គាល់​ថា តៃវ៉ាន់ជារបស់ចិន

បន្ទាប់ពីទស្សនកិច្ចនៅ​បារាំង  ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បានអញ្ជើញ​ទៅ​ដល់​នៅប្រទេស​នៅ​ស៊ែរប៊ី ​ហើយ​និងបន្តដំណើរទស្សនកិច្ចទៅ​​ប្រទេស​ហុងគ្រី​ រហូត​ដល់​ថ្ងៃសុក្រ។ ស៊ែរប៊ីនិងហុងគ្រី​ ជា​ប្រទេស​២​ដ៏សំខាន់​នៅអឺរ៉ុប ដែល​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​«ផ្លូវ​១​ខ្សែ​ក្រវាត់​១​»របស់​ចិន។ ក្នុងពេល​ស្វាគមន៍​ប្រមុខ​រដ្ឋចិន ប្រធានាធិបតី​ស៊ែរប៊ី បាន​ប្រកាស​ជាសាធារណៈ​​ចំពោះមុខ​មហាជន​រាប់​ពាន់នាក់ ថា​ «តៃវ៉ាន់ ​ជា​របស់​ចិន​»។​  ​​​

ប្រធានាធិបតីស៊ែរប៊ី ​ស្វាគមប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់ នៅព្រលានយន្តហោះ ក្នុងរដ្ឋធានីប៊ែលក្រាដ ហើយ​ប្រកាសទទួលស្គាល់ថា តៃវ៉ាន់ជារបស់ចិន។
ប្រធានាធិបតីស៊ែរប៊ី ​ស្វាគមប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់ នៅព្រលានយន្តហោះ ក្នុងរដ្ឋធានីប៊ែលក្រាដ ហើយ​ប្រកាសទទួលស្គាល់ថា តៃវ៉ាន់ជារបស់ចិន។ © Marko Djurica / Reuters
ផ្សាយពាណិជ្ជកម្ម

​ដោយ​ចាត់ទុកទំនាក់ទំនងជាមួយ​ចិន​ថាជាមិត្តភាពដែកថែប, ប្រធានាធិបតី​ស៊ែរប៊ីបាន​ចេញទៅទទួល​ស្វាគមលោក​ប្រធានាធិបតី ស៊ី ជីនពីង ​ដោយ​ផ្ទាល់ នៅព្រលាន​យន្តហោះ ក្នុង​រដ្ឋធានី​ប៊ែលក្រាដ។ ជាការ​ទទួល​ស្វាគមន៍​ដ៏​កិត្តិយស​បំផុតទៀត​នោះ ​​ប្រធានាធិបតី​ស៊ែរប៊ី Aleksandar Vucic បាន​ប្រកាស​ជាសាធារណៈ​ថា​ «តៃវ៉ាន់ ​ជា​របស់​ចិន​»។​ នេះបើតាម​ទូរទស្សន៍ជាតិ​​ស៊ែរប៊ី RTS។  

នៅ​​ស៊ែរប៊ី ចិន​ជា​ប្រទេស​វិនិយោគ​ធំជា​ង​គេ​ទី១​។ វត្តមាន​ឥទ្ធិពល​ចិន​កាន់តែ​ច្រើន​ឡើងៗ​នៅ​ស៊ែរប៊ី ទន្ទឹម​​នឹង​ការ​វិនិយោគ​ដ៏​សន្ធឹកសន្ធាប់រាប់ពាន់​លានអឺរ៉ូ ​ក្នុង​ផ្នែក​រ៉ែ​លោហៈ និង​ឧស្សា​ហកម្ម​​សិប្បកម្ម។​ ក្នុង​ឱកាសនេះ​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​​ស៊ែរប៊ី Sinisa Mali បាន​ថ្លែងតាមកញ្ចក់​​​ទូរទស្សន៍ជាតិថា ​ប្រទេស​ទាំង២ ក៏​​នឹង​ពិភាក្សាគ្នា​អំពីគម្រោង​វិនិយោគ​ដ៏​ធំ​សម្បើម​១។​

ចំពោះថ្នាក់ដឹកនាំចិន ការអញ្ជើញទៅដល់​ស៊ែរប៊ី ក្នុង​ថ្ងៃទី​៧ឧសភា ពុំ​មែន​ជារឿង​ចៃដន្យ​នោះទេ។ ដ្បិតថា នេះជាខួប​២៥ឆ្នាំ ដែល​កងទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​អូតង់ បាន​ទម្លាក់​គ្រាប់បែក​នៅ​ស្ថានទូត​ចិន​ បណ្តាលឲ្យ​ស្លាប់​មនុស្ស ៣នាក់។

បន្ទាប់ពី​ទស្សនកិច្ច​២ថ្ងៃ​នៅ​ស៊ែរប៊ី ​ ថ្ងៃអង្គារ​និងពុធ លោក ស៊ី ជីនពីង នឹង​បន្តទៅប្រទេស​ជាប់ព្រំដែន​គ្នា គឺ ហុងគ្រី​។ ហុងគ្រី​ និង ស៊ែរប៊ី ជា​ប្រទេស​២​ដ៏សំខាន់​នៅអឺរ៉ុប ដែល​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ចិន។​​  ឋិតក្នុង​គម្រោង«ផ្លូវ​១​ខ្សែ​ក្រវាត់​១​» របស់ ​ចិន រដ្ឋបាល​ក្រុងប៉េកាំង​បាន​ផ្តល់​កម្ចី​វិនិយោគ​ ដើម្បី​សាងសង់​ផ្លូវ​រថភ្លើងល្បឿន​លឿន តភ្ជាប់ពី​រដ្ឋធានីហុងគ្រី ទៅ​រដ្ឋធានី​ស៊ែរប៊ី​។​ រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី BYD និង​ផលិត​ថ្ម​សាអគ្គិសនី របស់​ចិន តាំងមូលដ្ឋាន​នៅ​ប៉ែកខាងត្បូង​ ហុងគ្រី។​ ​​មិន​ត្រឹមតែ​អភិវឌ្ឍ​ផ្លូវដែក ផ្លូវ​អាកាស ពង្រឹង​ពាណិជ្ជកម្ម​នោះទេ ប្រទេសទាំង៣​ក៏​សហការ​ក្នុងវិស័យ​បច្ចេកវិទ្យា​សិប្បនិមិត្ត​ និង​សន្តិសុខ​ទៀត​ផង។  ហុកគ្រី ជា​ប្រទេស​សហភាព​អឺរ៉ុប​ទី១ ដែល​ទទួ​ល​អនុញ្ញាត​ឲ្យ​ទូរសព្ទចិន​Huawei ប្រើ​កាំមេរ៉ា​សម្គាល់មុខ​មនុស្ស ហើយ​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​នគរបាល​ចិន​ ចូល​ត្រួតត្រាសន្តិសុខ​សុវត្ថិភាព​នៅ​ហុងគ្រី ទៀត​ផង។

ហុងគ្រី​ មាន​ទំនោរ​​គាំទ្រ​ចិនយ៉ាង​ពេញទំហឹង។​ ជាច្រើន​លើកច្រើន​សា​មកហើយ ដែល​នាយករដ្ឋមន្ត្រី វិកទ័រ អកបាន ជួយ​ការពារចិន​នៅចំពោះមុខ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។ ឆ្នាំ​២០១៦ ហុងគ្រី យកជើង​រាទឹក​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អឺរ៉ុប​ក្នុងការ​ថ្កោលទោសប៉េកាំង​ដែល​បំពាន​នៅសមុទ្រ​ចិន​ខាងត្បូង។ ឆ្នាំ២០២១ ហុងគ្រី ខ្ទាស់​សេចក្តី​ប្រកាស​ថ្កោលទោស​ចិន ដែល​រឹងបណ្តឹង​ច្បាប់​សន្តិសុខជាតិ​ហុងកុង។ ២០២៤ ហុងគ្រី​ ពន្យឺត​​ទណ្ឌកម្ម​អឺរ៉ុប​ដែល​ចង់​ដាក់ទោស​ក្រុមហ៊ុន​ចិន​ ដែល​ជួយ​ជ្រោម​ជ្រែង​ផ្តល់​គ្រឿ​ង​បង្គំ​យោធា​ឲ្យ​រុស្ស៊ី​។​

ផ្ទុយទៅវិញ ក្រុម​អ្នក​នយោបាយប្រឆាំង​នៅ​ហុងគ្រី ថ្លែងរិះគន់​អំពី​គម្រោង​កិច្ចសន្យា​វិនិយោគទុន​រាប់​លាន​ដុល្លារ​របស់ចិន ដែលគ្មាន​តម្លាភាព ប៉ះពាល់​បំផ្លាញ​បរិស្ថាន ហើយ​និង បង្កើត​អំពើ​ពុករលួយ​ ព្រមទាំង​បង្កើត​ភាព​មាន​បាន​តែ​ចំពោះ​បក្ស​ពួក​ក្រុម​ជិតស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​ វិកទ័រ អកបាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ