អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី និងតួកគីបានឯកភាពគ្នាលើបទឈប់បាញ់មួយនៅស៊ីរី តែជាបទឈប់បាញ់ផុយស្រួយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទឈប់បាញ់​មួយ​នៅ​តំបន់​អ៊ីដឡិប ក្នុង​ប្រទេស​ស៊ីរី​បាន​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​សុក្រ ទី៦ មីនា។ នេះ​ជា​លទ្ធផល​នៃ​ជំនួបកំពូល​ទ្វេភាគី​រវាង​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មីនា។ កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​អ៊ីដឡិប​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រឈម​ផ្លូវអាវុធ​ខ្លាំងក្លា​រវាង​ទ័ព​តួកគី​ដែល​គាំទ្រ​ក្រុមប្រឆាំង និង​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដែល​គាំទ្រ​ដោយ​ទ័ពរុស្ស៊ី។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​សង្ឃឹម​ថា កិច្ចព្រមព្រៀង​នៃ​បទឈប់បាញ់​មួយ​នេះ​នឹង​ឈាន​ទៅ​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​យូរ​អង្វែង។ ដោយឡែក និង​តាម​សំណើ​របស់​រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ​រួម​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​សុក្រ ទី៦ មីនា។

ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ពូទីន
ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ពូទីន Sputnik/Aleksey Nikolskyi/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​បទឈប់បាញ់​មួយ​នៅ​ក្នុង​តំបន់​អ៊ីដឡិប ប្រទេស​ស៊ីរី ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​បាន​ប្រើ​ពេល​ជជែក​គ្នា ១ទល់១ ដល់​ទៅ ៦ម៉ោង។ ការ​ប្រើ​ពេល​យូរ​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ​ដែល​អាច​ទទួល​បាន​ទាំង​អស់​គ្នា។ ផ្អែក​តាម​កិច្ចព្រមព្រៀង រុស្ស៊ី និង​តួកគី​បាន​យល់ព្រម​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​មួយ​ដែល​មាន​ទទឹង​ប្រវែង ១២គីឡូម៉ែត្រ​នៅ​តាម​បណ្តោយ​ផ្លូវល្បឿនលឿង M៤ ដែល​ឆ្លង​កាត់​ខេត្ត​អ៊ីដឡិប​ប៉ែក​ខាង​ជើង។ តំបន់​សន្តិសុខ​ដែល​មាន​ទទឹង ១២គីឡូម៉ែត្រ​ត្រូវ​គ្រប់គ្រង​រួម​គ្នា​ដោយ​រុស្ស៊ី និង​តួកគី​ទទួល​បាន​ចំណែក ៦គីឡូម៉ែត្រ​ក្នុង​ម្នាក់ៗ។

ទ័ពរុស្ស៊ី និង​ទ័ពតួកគី​នឹង​ដើរល្បាត​រួម​គ្នា​នៅ​ក្នុង​តំបន់​សន្តិសុខ​នោះ​ចាប់​ពី​ថ្ងៃ​ទី១៥ មីនា​ទៅ។ តែ​រចនាសម្ព័ន្ធ និង​របៀបវារៈ​លំអិត​នៃ​តំបន់​សន្តិសុខ​នឹង​ត្រូវ​កំណត់​ច្បាស់លាស់​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​រុស្ស៊ី និង​តួកគី​ដែល​គ្រោង​រៀបចំ​នៅ​មួយ​សប្តាហ៍​ទៀត។ ក្រៅ​ពី​ឯកភាព​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​មួយ កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី និង​តួកគី​ក៏​មាន​ចែង​លើ​ប្រធានរឿង​ផ្សេង​ទៀត។ តែ​មាន​ប្រធានរឿង​ខ្លះ​បាន​ចែង​មិន​សូវ​ច្បាស់លាស់ ដូច​យ៉ាង​ការ​រៀបចំ​ឲ្យ​មាន​ការ​វិលត្រឡប់​របស់​ជនបន្លាស់ទី​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​មួយ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​អ៊ីដឡិប​ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អ៊ែរដូហ្កាន និង​លោក​ពូទីន​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​យក​ចិត្ត​ទុកដាក់​នឹង​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ីរី។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ការ​ប៉ះទង្គិច​ផ្លូវយោធា​យ៉ាង​ខ្លាំង​រវាង​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដែល​គាំទ្រ​ដោយ​ទ័ពរុស្ស៊ី និង​ទ័ពតួកគី​ដែល​គាំទ្រ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ គឺ​សោកនាដកម្ម​មនុស្សធម៌​នៅ​អ៊ីដឡិប ព្រោះ​ការ​ប៉ះទង្គិច​ផ្លូវយោធា​កន្លង​មក​បាន​បណ្តាល​ឲ្យ​មាន​ជនស៊ីវិល​ស្លាប់​ជិត ៥០០នាក់ និង​ជនបន្លាស់ទី​ប្រមាណ ១លាននាក់។

លោក​ពូទីន​មាន​ប្រៀប​លើ​លោក​អ៊ែរដូហ្កាន?

បើ​ពិនិត្យមើល​ជា​រួម លោក​ពូទីន​ប្រហែល​ជា​មាន​ប្រៀប​លើ​លោក​អ៊ែរដូហ្កាន។ មាន​ប្រៀប ព្រោះ​មាន​ចំណុច​ទាមទារ​ខ្លះ​របស់​លោក​អ៊ែរដូហ្កាន​មិន​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឈប់បាញ់​ទេ ដូច​យ៉ាង​ផ្លូវល្បឿនលឿន M៥ ដែល​ត ភ្ជាប់​រវាង​ខេត្ត​អ៊ីដឡិប និង​ទីក្រុង​ដាម៉ាស ឬ​មួយ​ក៏​ប៉ុស្តិ៍ឃ្លាំមើល​របស់​ទាហានតួកគី​ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​ទ័ពរដ្ឋាភិបាល​ស៊ីរី។ បន្ទាប់​មក មាន​ចំណុច​ទាមទារ​ខ្លះ​ទៀត​របស់​លោក​អ៊ែរដូហ្កាន​កំពុង​បន្ត​ស្រពិចស្រពិល ដូច​យ៉ាង​ការ​រៀបចំ​ឲ្យ​មាន​ការ​វិលត្រឡប់​របស់​ជនបន្លាស់ទី​ដែល​រត់គេច​ពី​សង្រ្គាម ឬ​មួយ​ទុក​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​បន្ត​គ្រប់គ្រង​ដែនដី​ដែល​វាយ​បាន​វិញ​ពី​ក្រុមប្រឆាំង និង​ដែល​តួកគី​ធ្លាប់​បាន​ទាមទារ​ឲ្យ​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដក​ចេញ​ពី​ដែនដី​នោះ​វិញ។

ចំណែក​ការ​ដែល​លោក​ពូទីន​អាច​ជំនះ​លោក​អ៊ែរដូហ្កាន​ឲ្យ​ជិះ​យន្តហោះ​ទៅ​ជួប​លោក​ផ្ទាល់​ក្នុង​ទឹកដី​រុស្ស៊ី​ក៏​ជា​កាយវិការ​មាន​ប្រៀប​មួយ​ដែរ។

គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប្រឈម​មុខ​ផ្លូវអាវុធ​រវាង​ទ័ពតួកគី និង​ទ័ពរដ្ឋាភិបាល​ស៊ីរី​បាន​បណ្តាល​ឲ្យ​​ស្លាប់​ទាហាន​តួកគី​ដល់​ទៅ ៥៩នាក់​នៅ​លើ​សមរភូមិ​អ៊ីដឡិប​ក្នុង​ប្រទេស​ស៊ីរី។ ពិត​ណាស់ តួកគី និង​រុស្ស៊ី​សុទ្ធ​តែ​បាន​អះអាង​រៀងខ្លួន​ពី​ការ​មិន​ចង់​ប្រឈម​មុខ​ដាក់​គ្នា​ផ្ទាល់​នៅ​ស៊ីរី។ តែ​តួកគី​យល់​មិន​ច្រឡំ​ទេ​ថា ការ​បាត់បង់​ទាហាន​ខ្លួន​ជិត ៦០នាក់​នៅ​លើ​សមរភូមិ​អ៊ីដឡិប​មិនមែន​គ្មាន​ការ​លូកដៃ​ពី​ទ័ព​រុស្ស៊ី​ឡើយ។ ចំណែក​រុស្ស៊ី​ក៏​ធ្លាប់​បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​ថ្ងៃ​ណា​ដែល​ខ្លួន​ត្រូវ​បោះបង់​ចោល​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​នោះ​ទេ ទោះ​ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​ក៏​ដោយ។

ការ​បញ្ជាក់​ដោយ​ព្រមាន​របស់​រុស្ស៊ី​នេះ​មិនមែន​មាន​តែ​សម្តី​ទេ ព្រោះ​ក្នុង​រយៈពេល​តែ ៦ថ្ងៃ ក្រោយ​ពី​ការ​ស្លាប់​ទាហាន​តួកគី ៣៣នាក់​ក្នុង​សប្តាហ៍​កន្លង​ទៅ​មក រុស្ស៊ី​បាន​បញ្ជូន​នាវាចម្បាំង​ដល់​ទៅ ៥គ្រឿង​ឆ្ពោះ​ទៅ​ស៊ីរី ព្រម​ទាំង​រថក្រោះ រថពាសដែក និង​យន្តហោះចម្បាំង​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត។ តែ​គេ​អាច​និយាយ​បាន​ជា​រួម​ថា ភាគី​ទាំង​អស់​សុទ្ធ​ជា​អ្នក​ឈ្នះ ព្រោះ​ទី១ កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នេះ​បាន​បញ្ចៀស​ការ​ប្រឈម​ដាក់​គ្នា​ផ្ទាល់​រវាង​រុស្ស៊ី និង​តួកគី ហើយ​ទី២ កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នេះ​បាន​បញ្ចៀស​ការ​ស្លាប់​ជនស៊ីវិល និង​បង្ក​ឲ្យ​មាន​ជនបន្លាស់ទី​បន្ថែម​ទៀត។ តើ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា និង​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​? នេះ​ជា​សំណួរ​មួយ​ដែល​គេ​ត្រូវ​រង់ចាំ​ចម្លើយ​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ