អានតួអត្ថបទ
តួកគី​-ស៊ីរី

តួកគី​ប្រកាសបើក​ប្រតិបត្តិការ​យោធា “ខែលនិទាឃរដូវ” នៅ​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ​ទី ១ មីនា ២០២០ តួកគី បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា នៅ​ក្រុង​អ៊ីដលិប (Idlib) ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី ដើម្បីសង​សឹក​នឹង​របប​ដឹកនាំ​ស៊ីរី របស់​លោកបាស្ហារ អាល់ អាសាដ​ Bachar al-Assad។ សម្រាប់​អង់ការ៉ា ការ​​វាយប្រហារ​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​តួកគី ៣៣​នាក់ ស្លាប់​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​កុម្ភៈ ​ជា​ស្នាដៃ​របស់​ក្រុង​ដាម៉ាស។ នៅ​ក្នុង​ក្របខ័ណ្ឌនៃ​ប្រតិបត្តិការ​សង​សឹក ដែល​តួកគីប្រសិទ្ធនាម​ថា "ខែលនិទាឃរដូវ” ​​ស៊ីរី​រង​ការ​ខូត​ខាត​យ៉ាង​ដំណំ។

អាវ​ទាហាន​តួកគី ​នៅ​ក្រុង​ Idlebក្រោយ​ការ​វាយប្រហារ​កាលពី​ថ្ងៃទី ២៧ កុម្ភៈ ២០២០
អាវ​ទាហាន​តួកគី ​នៅ​ក្រុង​ Idlebក្រោយ​ការ​វាយប្រហារ​កាលពី​ថ្ងៃទី ២៧ កុម្ភៈ ២០២០ Omar HAJ KADOUR / AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ស៊ីរីពីរ​គ្រឿង ជា​ផ្ទាំង​ស៊ីប​របស់​​កង​កម្លាំង​តួកគី នៅតំបន់​អ៊ីដលិប។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មានរដ្ឋ​​ស៊ីរី។ ប៉ុន្តែ​បើ​តាម​អង្គការ​សង្កេតការណ៍សិទ្ធិមនុស្ស​ស៊ីរី យន្តហោះ​ទាំង​ពីរគ្រឿង​​នោះត្រូវ​គេ​បាញ់​ធ្លាក់ហើយ។

ចំណែក​​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិតួកគី លោក Hulusi Akarវិញ​ បាន​ប្រកាស​ថា ប្រតិបត្តិការយោធា “​ខែល​និទាឃរដូវ” កំពុង​បន្ត​ទទួល​ជោគជ័យ”។ នេះ​គឺ​ជា​លើ​ក​ទី​មួយ​ហើយ​ដែល​អង់ការ៉ា បាន​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ អំពី​ប្រតិបត្តិការ​យោធា​តួកគី នៅ​លើ​ទឹក​ដី​ស៊ីរី។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​អះអាង​ទៀត​ថា ប្រតិបត្តិការ​យោធា​តួកគី បាន​​​ចាប់​ផ្តើមថ្ងៃទី ២៧​កុម្ភៈ​ ពោល​គឺ​ក្នុង​ថ្ងៃតែ​មួយ​​ដែល​មាន​ការ​វាយប្រហារ​ បណ្តាល​ឱ្យ​ទាហាន​តួកគី​៣៣​នាក់​ស្លាប់ នៅ​ក្រុង​អ៊ីដលិប។ ការវាយប្រហារ​ដែល​តួកគី​យល់​ថា​ជា​ស្នាដៃ​របស់​ស៊ីរី។

នៅ​ក្នុង​ប្រតិបត្តិការ​សង​សឹក តួកគី​បានផ្តល់​តុល្យការ​ (ដែល​គ្មាន​អ្វី​អាច​ផ្ទៀង​ផ្ទាត់​បាន​)នៃ​ជោគជ័យ​ថា មាន​ទាហាន​របស់​រដ្ឋាភិបាល​ស៊ីរី​ ចំនួន ២២១២​នាក់​បាន​ស្លាប់។ ប្រតិបត្តិការ​តួកគី បាន​កម្ទេច រថពាសដែក ១០៣​គ្រឿង កាំភ្លើង​ត្បាល់-​រុកកែត ៧២​គ្រឿង ​ ​ ឧទ្ធម្ភាគចក្រ ៨​គ្រឿង ដ្រូន​មួយ​គ្រឿង និង​ប្រព័ន្ធ​ខែល​ប្រឆាំង​មីស៊ីល​អាកាស​បីគ្រឿង។

តួកគី​ចេញ​មុខ​​ធ្វើ​សេចក្តី​ប្រកាស​ក្នុង​ទម្រង់​ជាការ​​ផ្តល់​តួលេខ​​នៅ​ពេល​នេះ ក៏​មក​ពី កាលពី​ដើម​ខែ​កុម្ភៈ តួកគី​បាន​ដាក់​ឱសានវាទ​លើ​របប​ក្រុង​ដាម៉ាស​របស់​លោក បាស្ហារ អាល់សាដ ថានឹង​ប្រើ​ពេល​មួយ​ខែ​​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​អ៊ីដលិប រួច​នឹង​ដកទ័ព​ចេញវិញ​។ ឱសានវាទ​ ត្រូវ​ផុត​នៅ​យប់​ថ្ងៃ​សៅរ៍​ទី ២៩​កុម្ភៈ​ តែការ​វាយប្រហារ​របស់​ស៊ីរី​កាលពី​ថ្ងៃទី ២៧​កុម្ភៈ បាន​បំផ្លាញពាក្យ​​សន្យា​នោះ។ ដូច្នេះ​ ​តួកគី​បាន​លេស មិន​ដក​ទ័ព​ចេញ​ពី​អ៊ីដលិប​ទេ ហើយ​នឹង​បន្ត​វាយប្រហារ​លើ​របប​ក្រុង​ដាម៉ាស​ទៀត។

នៅក្នុង​សុន្ទរកថា​តាមកញ្ចក់​ទូរទស្សន៍​ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី​ បាន​គូស​បញ្ជាក់​ទៀត​​ថា បំណង​នៃ​ការ​បើក​ប្រតិបត្តិការ​ “ខែលនិទាឃរដូវ​” គឺ​បិទ​បញ្ចប់​ទង្វើ​សម្លាប់​រង្គាល​របស់​ក្រុង​ដាម៉ាស និង​ខ្ទប់​​រលក​អន្តោប្រវេសន៍​។ តែ​តួកគី គ្មាន​ឆន្ទៈ​និងគ្មាន​​ចេតនា​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី ដែល​គាំទ្រ​លោក​ បាស្ហារ អាល់អាសាដ​ទេ។ នេះ​ជា​ពាក្យ​អះអាង​បន្ថែម​របស់​មេទ័ព​តួកគី​ដដែល។ ប្រធានាធិបតី​តួកគី ត្រូវ​ជួប​លោក​ពូទីន នៅ​ថ្ងៃ​ទី ៥​ មីនា។ មុន​ដល់​ថ្ងៃ​ជំនួប តួកគី​ប្រឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ប្រៀប​ខ្លាំង​លើ​សមរភូមិ​ដើម្បី​ស្រួល​​តថ្លៃ​ជាមួយ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ