អានតួអត្ថបទ
កូរ៉ូណាវីរុស អង់គ្លេស

អង់គ្លេស-កូវីដ១៩៖ អ្វីៗប្រហែល​​​មិនអាច​ត្រលប់​មករក​សភាពដើម​វិញ​មុន៦ខែ

រដ្ឋាភិបាលអង់គ្លេស បានចេញបញ្ជាបិទខ្ទប់ប្រទេសទាំងស្រុង រយៈពេល​៣សប្តាហ៍ចាប់ពីថ្ងៃទី៣០មីនា ដោយប្រជាជន​ត្រូវសំងំក្នុងផ្ទះ ក្រុមហ៊ុន​សហគ្រាស​​ទាំងអស់​ ត្រូវបិទទ្វារ​ លើកលែងតែ​ហាងលក់​ទំនិញ​គ្រឿង​ឧបភោគបរិភោគ។ យោង​តាម​​អាជ្ញាធរ​​សុខភាព​​សាធារណៈ​អង់គ្លេស បំរាម​និង​វិធាន​ការ​ហាមឃាត់​ទាំងអស់​ អាចនឹង​អូសបន្លាយ​​រហូត​​ដល់​​៦ខែ មុន​នឹង​អ្វីៗ​ ​អាច​​ត្រលប់​​មក​​រក​ភាព​ដើម​វិញបាន។

លោកស្រី​ Jenny Harries អនុ​ប្រធាននាយកដ្ឋាន​សុខភាព​សាធារណៈ អង់គ្លេស​ ធ្វើសន្និសីទកាសែតស្តីពី COVID-19។ ក្រុងឡុងដ៍ ថ្ងៃទី​២៩ មីនា ២០២០
លោកស្រី​ Jenny Harries អនុ​ប្រធាននាយកដ្ឋាន​សុខភាព​សាធារណៈ អង់គ្លេស​ ធ្វើសន្និសីទកាសែតស្តីពី COVID-19។ ក្រុងឡុងដ៍ ថ្ងៃទី​២៩ មីនា ២០២០ via REUTERS - PIPPA FOWLES/10 DOWNING ST
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃចន្ទ ទី៣០មីនា ប្រជាជនអង់គ្លេសត្រូវសំងំនៅក្នុងផ្ទះ​ រក្សាចំងាយ មិនជួបជុំគ្នា។ រោងចក្រ ក្រុមហ៊ុន ហាងទំនិញដែលមិនចាំបាច់ត្រូវបិទទ្វារ រយៈពេល៣សប្តាហ៍ ដើម្បីទប់ស្កាត់ ការឆ្លងរាល​ដាល នូវមេរោគកូវីដ១៩។ ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោកស្រី Jenny Harries អគ្គនាយករង នៃ​អាជ្ញាធរ​សុខភាព​សាធារណៈអង់គ្លេស បាននិយាយទុកមុនថា វិធានការនេះ អាចត្រូវអូសបន្លាយ រហូត៦ខែ ឬក៏អាចលើសនេះផង។

លោកស្រី​បញ្ជាក់ថា វិធានការបិទខ្ទប់ប្រទេសទាំងស្រុង ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលកូវីដ១៩នេះ រដ្ឋាភិបាល​នឹងធ្វើការតាមដានបូកសរុបលទ្ធផល រៀងរាល់៣សប្តាហ៍ម្តង។ លោកស្រីបន្ថែមថា បើទោះ​បីជា​ស្ថានការណ៍​អាច​ធូរស្រាល ក៏គេ​មិនអាច​ដក​ចេញ​នូវបំរាម​នានា លឿនរហ័ស​ពេក​ដែរ ព្រោះ​ការ​ឆ្លង​រាលដាល​មេរោគ​កូវីដ១៩ ​អាច​នឹង​ងើប​ឡើងវិញ ដែល​ធ្វើ​ឲ្យយើង​មិនអាច​ទប់ជាប់។ ដូច្នេះ ការដកវិធាន​ការ​ហាមឃាត់​ អាច​ត្រូវ​ធ្វើ​សន្សឹមៗ បន្តិច​ម្តង​បន្តិចម្តង។

ដូចគ្នាដែរ លោក Michael Gove ទេសរដ្ឋមន្ត្រីទទួលបន្ទុកគណរដ្ឋមន្ត្រីអង់គ្លេស បាន​លើកឡើងថា ប្រជាជន​អង់គ្លេស ត្រូវ​ត្រៀមខ្លួន ព្រោះ​វិធានការ​បិទខ្ទប់ អាចនឹង​អូសបន្លាយ​យូរ ទំរាំ​អាច​យក​ឈ្នះ​មេរោគ​កូវីដ១៩។ មន្ត្រីរូបនេះ ​បន្ថែមថា ​អាជ្ញាធរ​សុខាភិបាល​អង់គ្លេស នឹង​ព្យាយាម​ធ្វើ​តេស្ត​រក​មក​រោគ​ឲ្យ​បានច្រើន ពោល​គឺ​ប្រមាណ​​២៥០០០​តេស្ត​យ៉ាងហោច ជា​រៀងរាល់​ថ្ងៃ ​ក្នុង​អំឡុង​សប្តាហ៍​ខាងមុខ។ លោក​ក៏បាន​ឆ្លៀតបន្ទោស​ប្រទេស​ចិនផងដែរ ថា ចិនបាន​ផ្តល់​ព័ត៌មាន​មិនច្បាស់ ​ទាក់ទិន​នឹង​​កម្លាំង​នៃ​ការ​ឆ្លង​រាលដាល របស់​មេរោគ​កូវីដ១៩។

សូម​បញ្ជាក់ថា អង់គ្លេស ជាប្រទេស​ដែល​បាន​ចេញវិធានការ​បិទខ្ទប់ ហាមឃាត់​ប្រជាជន​មិនឲ្យចេញពី​ផ្ទះ យឺត​ជាងគេ ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា​អ៊ីតាលី អេស្ប៉ាញ​ បារាំង។ លោកបូរីស ចនសុន ដែល​បច្ចុប្បន្ន​មាន​ផ្ទុក​មេរោគកូវីដ១៩​ដែរនោះ​ ធ្លាប់​បាន​លើកឡើង​ថា កាលណា​​មាន​មនុស្សឆ្លង​កាន់តែច្រើន​គ្នា​ក្នុងសង្គម រាងកាយ​មនុស្ស​នឹងបង្កើត​ជា​​ប្រព័ន្ធ​ការពារ​ទប់ទល់​មេរោគ ហើយ​កម្រិត​នៃការ​ឆ្លង​ទៅ​អ្នកផ្សេង និងកាន់​តែ​ថយចុះ​ទៅតាម​នោះ ដូច្នេះ​មិនចាំ​បាច់​ហាម​ប្រជាជន​មិនឲ្យ​ចេញពី​ផ្ទះ​នោះទេ។

តែយ៉ាងណា ជាមួយ​នឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​ចំនួន​​អ្នកឆ្លង ​និង​ករណី​គ្រោះថ្នាក់​ដល់​ស្លាប់ លោកបូរីស ចនសុន ​បាន​ប្តូរ​ការ​យល់ឃើញ ​មក​ចាត់​វិធានការ​តឹងតែង​ ក្រុង​ប្រជាជន​ឲ្យ​សំងំ​ក្នុងផ្ទះ។ លោក ​Stephan Powis ​នាយក​ផ្នែក​វិជ្ជសាស្ត្រ​អង់គ្លេស ​បានលើក​ឡើងថា ​បើ​អង់គ្លេស ​អាច​ទប់​អ្នក​ស្លាប់​កុំឲ្យ​ មាន​ចំនួន​​លើស​ពី​​២ម៉ឺននាក់ នោះ​អាច​ចាត់ទុក​ថា​ជា​លទ្ធផល​​គាប់​ប្រសើរ​ណាស់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ