អានតួអត្ថបទ

កូវីដ​១៩​ ៖ សេដ្ឋវិទូ ប្រាប់​​ឱ្យរដ្ឋាភិបាល​កុំ​បន្ធូរ​ពន្ធ​អ្នក​មាន​និង​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​

ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ បង្ក​ឡើង​ដោយ​វិបត្តិ​កូរ៉ូណាវីរុស រដ្ឋាភិបាល​​មិន​ត្រូវ​បន្ធូរ​បន្ថយ​ពន្ធ​ និងមិន​ត្រូវ​គិត​ប្រឹង​តែ​ជួយ​​​​ស្រោច​ស្រង់​ក្រុមហ៊ុនសហគា្រសទេ។ អ្នក​មាន​ខ្លាំង​ត្រូវ​តែ​ចូល​រួម​ចំណែក​ជួយ​ស្តារ​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​សេដ្ឋវិទូជា​ច្រើន​ ខ្លះ​ជា​​ជ័យ​លាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ចផង ​ដែល​កំពុង​ធ្វើការ​ជាមួយ​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីពផ្សេងៗ។

សេដ្ឋវិទូ​ណែនាំ​ឱ្យ​រដ្ឋ​កុំបន្ធូរបន្ថយ​ពន្ធ​ពីក្រុមហ៊ុនសហគ្រាស​ខ្នាត​ពហុជាតិ
សេដ្ឋវិទូ​ណែនាំ​ឱ្យ​រដ្ឋ​កុំបន្ធូរបន្ថយ​ពន្ធ​ពីក្រុមហ៊ុនសហគ្រាស​ខ្នាត​ពហុជាតិ Flickr/Deutsche Bundesbank
ផ្សាយពាណិជ្ជកម្ម

ការ​រាតត្បាត​របស់​កូវីដ​១៩ បាន​ធ្វើ​​ឱ្យ​ចំណាយ​សាធារណៈ​​កើន​ឡើង​យ៉ាង​ខ្លាំង សម្រាប់​ទ្រទ្រង់​ប្រព័ន្ធសុខភាព ដើម្បី​រក្សា​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ទ្រទ្រង់​ទីផ្សារ​ការងារ​។ នេះ​ជា​បន្ទុក​​​សេដ្ឋកិច្ច​ដ៏​ធ្ងន់​នេះដែល​​ត្រូវ​ចែក​រំលែក​ប្រកប​ដោយ​សមមាត្រ និង​ មិន​ត្រូវ​ជាបន្ទុក​របស់​​ ក្រុមបុគ្គល​ណា និង​ប្រទេស​ណា​មួយទេ។ នេះ​បើ​តាម​ការ​ណែនាំ​របស់​ក្រុម​សេដ្ឋវិទូដែល​ជា​សមាជិក​​​គណៈកម្មការ​ឯករាជ្យ​ដើម្បី​​កំណែទម្រង់​​ពន្ធដារអន្តរជាតិ​លើ​​​ក្រុមហ៊ុន​សហគ្រាស (ICRICT)។

ក្នុង​ទស្សនវិស័យ​បែប​នេះ បើ​តាម​គណៈកម្មការ ការ​កាត់​បន្ថយការ​យក​​ពន្ធ​ពី​ក្រុមហ៊ុនសហគ្រាស ដើម្បី​បំប៉ននិង​ស្តារ​​ការ​វិនិយោគ  គ្មាន​ប្រសិទ្ធភាព​ទេ​។ គ្មាន​ប្រសិទ្ធភាព​ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច ​និង​សង្គម​​។ មិន​ត្រូវ​ដេញ​ជើង​គ្នា​ ​បញ្ចុះ​ពន្ធ​ដារ​ដើម្បី​​ទាក់ទាញ​វិនិយោគ​មក​ពីបរទេសទេ តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពន្ធដារ ដោយ​កំណត់​​អត្រាយក​ពន្ធលើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​សហគ្រាស​ខ្នាត​ពហុជាតិ​នៅ​លើ​ពិភពលោក ក្នុង​កំរិត​​​យ៉ាង​តិច​បំផុត​២៥%។ នេះ​បើ​ការ​ទទូច​របស់​គណៈកម្មការ​ឯករាជ្យ​ដើម្បី​កែទម្រង់ពន្ធដារ​អន្តរជាតិ​លើ​ក្រុមហ៊ុនសហគ្រាស។

ចំពោះ​ក្រុមហ៊ុន​បាន​ចំណេញ​ពី​វិបត្តិកូវីដ​១៩ ដូច​ជា​ក្រុមហ៊ុន​ក្នុង​វិស័យ​ឱសថ វិស័យពាណិជ្ជកម្ម​អេឡិចត្រូនិក ... វិញ ត្រូវ​តែ​យក​ពន្ធ​ពីប្រាក់​ចំណេញ​ដ៏ហួសហេតុ​របស់​ក្រុមហ៊ុន​ទាំង​អស់​នោះ និង​ទៅ​តាម​ទំហំ​នៃ​ក្រុមហ៊ុន។

គណៈកម្មការ​​បាន​ព្រមាន​ថា​ ផែនការ​សង្គ្រោះ​របស់​រដ្ឋ​ ​អាច​បំផ្លាញ​វិសមភាព​នៅ​ក្នុង​ទីផ្សារ​និង​អាក្រក់​ខ្លាំង​ណាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ពុំ​មាន​ធនធាន​ចាំ​បាច់​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ផែនការ​នោះ។ ​ដាច់​ខាត​រដ្ឋ​មិន​ត្រូវ​ជួយ​ក្រុមហ៊ុន​ណាដែល​មាន​ទីស្នាក់ការ ឬ​សាខា​នៅ​ក្នុង​ក្រៅ​ប្រទេស ដើម្បី​គេច​ពន្ធ​ទេ ព្រោះ​ក្រុមហ៊ុន​នោះ​មិន​បាននាំ​ហិរញ្ញវត្ថុ​មក​ជួយ​​សង្គម។

ក្រៅអំពី​នោះ​ គណៈកម្មការ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​អ្នកមាន​ខ្លាំង​ជួយ​សម្រាល​បន្ទុក​​ប្រទេស​ តាម​រយៈ​ការ​បង់​ពន្ធ​លើ​បេតិកភណ្ឌ​របស់​ខ្លួន ជា​ពិសេសលើ​​បេតិភណ្ឌ​ដែល​នាំ​ទៅ​លាក់​នៅ​ក្រៅប្រទេស។ ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ចចង់​បាន​​​ទិន្នន័យ​នៃ​ទ្រព្យ​សម្បត្តិ​គេច​ពន្ធ​ របស់​ក្រុមអ្នកមាន​ និង​​​មានច្បាប់​​​ត្រួត​ពិនិត្យ​ខ្លាំង​ទ្រព្យ​ធនទាំង​​នោះ​ដើម្បី​កំណត់​ការ​បង់ពន្ធ​លើ​ទ្រព្យ​សម្បត្តិ​បាន​ត្រឹម​ត្រូវ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ