អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​ត្រូវ​បាន​បញ្ឈប់​ដំណើរការ និង​រុះរើ​ចោល​ទាំង​ស្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីនប្រតិកម្ម​ចំនួន ២ ត្រូវ​បាន​បិទ​ដំណើរការ​ជា​ស្ថាពរ បន្ទាប់​ពី​បាន​ដំណើរការ​ផលិត​ថាមពល​អគ្គិសនី​បម្រើ​ពលរដ្ឋ​អស់​រយៈពេល ៤៣ឆ្នាំ។ ម៉ាស៊ីនប្រតិកម្ម​ទី២ ត្រូវ​បាន​ពន្លត់​យប់​ថ្ងៃទី២៩ មិថុនា ពោល​ជាង ៤ខែ​ក្រោយ​ពី​បាន​ពន្លត់​ម៉ាស៊ីនប្រតិកម្ម​ទី១ កាល​ពី​ថ្ងៃទី២២ កុម្ភៈ។ នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​បារាំង ព្រោះ​នេះ​ជា​លើកទី១ ដែល​មាន​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដើរ​ដោយ​សម្ពាធទឹក​ត្រូវ​បាន​បញ្ឈប់​ដំណើរការ និង​រុះរើ​ចោល​ទាំង​ស្រុង។ តែ​ដំណើរការ​រុះរើស​នឹង​ត្រូវ​ប្រើ​ពេល​យូរ និង​ស្មុគស្មាញ។ ហេតុអ្វី​បាន​ជា​បារាំង​សម្រេចចិត្ត​បិទ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ប្រភេទ​នេះ និង​ថា ហេតុអ្វី​បាន​ជា​បិទ​មជ្ឈមណ្ឌល​ហ្វេសឺនែម ?។

នៅបារាំង​ ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​ត្រូវ​បាន​បញ្ឈប់​ដំណើរការ និង​រុះរើ​ចោល​ទាំង​ស្រុង
នៅបារាំង​ ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​ត្រូវ​បាន​បញ្ឈប់​ដំណើរការ និង​រុះរើ​ចោល​ទាំង​ស្រុង REUTERS/Vincent Kessler/Files
ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្វេសឺនែម។ ហេតុផល​ទី១ វា​ជា​ពាក្យ​សន្យា​របស់​ប្រធានាធិបតី​ចំនួន​ពីរ​រូប​បន្តបន្ទាប់​គ្នា គឺ​អតីត​ប្រធានាធិបតី​លោក​ហ្រ្វង់ស័រ ហូឡង់ និង​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​អេម៉ានុយអែល ម៉ាក្រុង ហេតុផល​ទី២ មក​ពី​បារាំង​គិត​ប្រយោជន៍​បរិស្ថាន​ដោយ​ចង់​ផ្តោត​លើ​ថាមពល​បាន​មក​ពី​ប្រភព​ផ្សេង​ដែល​ជា​ថាមពល​ស្អាត និង​មិន​ចេះ​រីងស្ងួត ហេតុផល​ទី៣ គឺ​ដោយសារ​តែ​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ទាំង​ពីរ​របស់​មជ្ឈមណ្ឌល​ហ្វេសឺនែម​មាន​អាយុ​ច្រើន ពោល​បាន​ដាក់​ឲ្យ​ដំណើរការ​តាំង​ពី​ឆ្នាំ ១៩៧៧ និង​ហេតុផល​ទី៤ គឺ​មក​ពី​ទីតាំង​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​ដែល​នៅ​ក្បែរ​ប្រទេស​អាល្លឺម៉ង់ និង​ស៊្វីស​កំពុង​ស្ថិត​នៅ​លើ​តំបន់​ប្រឈម​ហានិភ័យ​លិច​ទឹក និង​រញ្ជួយដី។

តែ​ទោះ​ក្រោម​ហេតុផល​ណា​មួយ​ក៏​ដោយ​ក៏​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​នុយក្លេអ៊ែរ​បារាំង អាល្លឺម៉ង់ និង​ស៊្វីស ការ​បិទ និង​ការ​រុះរើ​ទាំង​ស្រុង​នូវ​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ហ្វេសឺនែម​ពិត​ជា​ជោគជ័យ​មួយ​មិន​អាច​ប្រកែក​បាន​ទេ។ មិន​អាច​ប្រកែក​បាន ព្រោះ​មាន​អ្នក​ខ្លះ​បាន​ធ្វើ​ការ​ទាមទារ​តវ៉ា​ឲ្យ​បិទ​មជ្ឈមណ្ឌល​ហ្វេសឺនែម​តាំង​ពី​រាប់សិប​ឆ្នាំ​មក​ហើយ។ គួរ​បញ្ជាក់​ថា​នៅ​បារាំង​សព្វថ្ងៃ ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ​មាន​ចំនួន ៧១%។ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣៥ រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​ឲ្យ​នៅ​ត្រឹម ៥០% តាម​រយៈ​គម្រោង​បិទ​ជា​បន្តបន្ទាប់​នូវ​ម៉ាស៊ីនប្រតិកម្ម​ចំនួន ១៤ ក្នុង​ចំណោម​ម៉ាស៊ីនប្រតិកម្ម​ទាំង ៥៨។

ការ​បញ្ឈប់​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​នឹង​ធ្វើ​ឲ្យ​បរិមាណ​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ​ធ្លាក់​ចុះ។ តែ​ការ​ធ្លាក់​ចុះ​នេះ​នឹង​ត្រូវ​ជំនួស​បណ្តើរៗ​ដោយ​ថាមពល​បាន​មក​ពី​ប្រភព​ផ្សេង​ដែល​ជា​ថាមពល​ស្អាត និង​មិន​ចេះ​រីងស្ងួត ដូច​យ៉ាង​ថាមពល​បាន​មក​ពី​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ និង​ពី​កង្ហារយក្ស​ដើរ​ដោយ​កម្លាំង​ខ្សល់។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ ថាមពល​បាន​មក​ពី​កង្ហារយក្ស​បាន​កើន​ឡើង​ចំនួន ២១% ហើយ​ពី​ពេល​នេះ​ទៅ ១០ឆ្នាំ​ខាង​មុខ ចំនួន​នេះ​នឹង​កើន​ឡើង​ទ្វេ​ដង។ បន្ទាប់​មក ការ​គ្រប់គ្រង និង​ភាព​ម្ចាស់ការ​លើ​ការ​ប្រើប្រាស់​ថាមពល​ក៏​អាច​ជា​ការ​រួម​ចំណែក​ទប់ស្កាត់​ភាព​ខ្ចះខ្ជាយ​ថាមពល​ដែរ។ បន្ទាប់​ពី​បាន​ដំណើរការ​អស់​រយៈពេល​ជាង ៤០ឆ្នាំ មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្វេសឺនែម​ត្រូវ​បាន​បិទទ្វារ​តែ​មួយ​ប៉ប្រិច​ភ្នែក​ដោយ​បន្សល់​ទុក​បុគ្គលិក​គ្មាន​ការងារ​ធ្វើ​ជា​ច្រើន​រយនាក់។

តែ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF ដែល​ជា​អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​ហ្វេសឺនែម​បាន​សន្យា​រួច​ហើយ​ថា គ្មាន​បុគ្គលិក​ណា​ម្នាក់​ត្រូវ​ដើរ​ទាត់​ខ្យល់​ទេ។ បុគ្គលិក​ណា​ដែល​ចង់​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន EDF នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង ហើយ​បុគ្គលិក​ណា​ដែល​ចង់​រក​កន្លែង​ថ្មី​ធ្វើ​ការ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ និង​ការ​ជួយ​ចេញ​ថ្លៃ​រៀនសូត្រ​សម្រាប់​ការងារ​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ការងារ និង​ហានិភ័យ​នៅ​មជ្ឈមណ្ឌល​ហ្វេសឺនែម​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​ត្រឹម​ពន្លត់​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ទាំង​ពីរ​ជា​ស្ថាពរ​ពេល​នេះ​ទេ។

នៅ​មាន​ការងារ​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដោយ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម និង​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ។ ការងារ​នោះ គឺ​ការ​គាស់រំលើង រុះរើ​មជ្ឈមណ្ឌល​ទាំង​មូល រួច​ប្រែ​ក្លាយ​ទីកន្លែង​នោះ​ទៅ​ជា​កន្លែង​គំរូ​សម្រាប់​បរិស្ថាន និង​កន្លែង​អភិវឌ្ឍ​ថ្មី។ ចូរ​កុំ​ភ្លេច​ថា ការ​រុះរើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ត្រូវ​មាន​នីតិវិធី​ជា​ដំណាក់ការ​ច្បាស់លាស់ និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ការ​ប្រមូល​ស្តុក​កាកសំណល់​នុយក្លេអ៊ែរ​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​រក្សា​វិទ្យុសកម្ម​កុំ​ឲ្យ​ធ្លាយ​ចេញ​ក្រៅ។ តាម​សេណារីយ៉ូ​របស់​ក្រុមហ៊ុន EDF ដំណាក់ការ​ទី១ ជា​ដំណាក់ការ​រៀបចំ​ដែល​ត្រូវ​ការ​ពេល ៥ឆ្នាំ មុន​នឹង​ចាប់​ផ្តើម​រុះរើ​ដែល​គ្រោង​នៅ​ឆ្នាំ ២០២៥។ ចំណែក​ដំណើរការ​គាស់​រំលើង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ស្រុង​របស់​មជ្ឈមណ្ឌល​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​ចំនួន ១៥ឆ្នាំ និង​ត្រូវ​ចាយ​លុយ​ជិត ១ ០០០លានអឺរ៉ូ។

បើ​អ្វីៗ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដូច​ដែល​បាន​គ្រោង​ទុក​មែន ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វេសឺនែម​នឹង​ត្រូវ​រុះរើ បោស​សំអាត​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ ២០៤១។ តើ​ទីតាំង​នោះ​នឹង​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​កន្លែង​អ្វី​ទៅ ?។ ពេល​វេលា​នៅ​ឆ្ងាយ​ណាស់​ដែល​គេ​មិន​ទាន់​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ