អានតួអត្ថបទ
បារាំង

អគ្គិភ័យ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង

ហេតុការណ៍​​ផ្ទុះ និង​​អគ្គិភ័យ​បាន​កើតមានឡើង នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​របស់​បារាំង កាល​ពីថ្ងៃ​ព្រហស្បតិ៍។ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់ភ្លាមៗ ហើយ​អាជ្ញាធរ​បាន​ឲ្យដឹង​ថា ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​របួស​ស្រាល ៥នាក់ តែ​មិន​បាន​បណ្តាល​ឲ្យ​មាន​កា​រលេចធ្លាយ​សារធាតុ​វិទ្យុសកម្ម​នោះទេ។

រោងចក្រ​អគ្គិសនី​ដើរ​ដោយថាមពល​នុយក្លេអ៊ែរ នៅ Flamanville ដែល​មាន​អគ្គិភ័យ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី៩ កុម្ភៈ ២០១៧ (រូបថតឯកសារ)
រោងចក្រ​អគ្គិសនី​ដើរ​ដោយថាមពល​នុយក្លេអ៊ែរ នៅ Flamanville ដែល​មាន​អគ្គិភ័យ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី៩ កុម្ភៈ ២០១៧ (រូបថតឯកសារ) REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ​ជិត ១០ព្រឹក ម៉ោង​ក្នុង​ប្រទេស​បារាំង (ត្រូវ​នឹង​ម៉ោង​ជិត៥រសៀល​នៅ​កម្ពុជា) នៅ​ឯរោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ នៅ​ Flamanville ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​ប៉ារិស។

ក្រុមហ៊ុន​អគ្គិសនី​បារាំង (EDF) ដែល​ជា​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ បាន​បញ្ជាក់​ឲ្យដឹង នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ហេតុការណ៍​នេះ​កើតចេញ​ពី​​អគ្គិភ័យ និង​ការ​ផ្ទុះ​ប្រព័ន្ធបង្ហុយខ្យល់ ក៏ប៉ុន្តែ ​ទីតាំង​អគ្គិភ័យ​នេះ គឺ​ស្ថិត​នៅ​ក្នុង​បន្ទប់​តួប៊ីន ហើយ​មិនប៉ះពាល់​ទៅដល់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នោះទេ។

​អាជ្ញាធរ​ប៉ូលិស​ដែនដី​នៅ​តំបន់​កើតហេតុ​​ក៏​បាន​ឲ្យដឹង​ថា អគ្គិភ័យ​ត្រូវ​បាន​ទប់ស្កាត់ និង​ពន្លត់​ទាំងស្រុង នៅ​ប្រមាណ​ជា​១ម៉ោង​ក្រោយ​កើតហេតុ ហើយ​គិត​ជា​សរុប​មាន​មនុស្ស ៥នាក់ រងរបួស​ស្រាល​នៅ​ក្នុងហេតុការណ៍​នេះ តែ​ក្នុង​ចំណោម​នោះ មិនមាន​អ្នកណា​ម្នាក់​រង​ធាតុ​វិទ្យុសកម្ម​នោះទេ ហើយ​ក៏មិនមាន​ការ​លេចធ្លាយធាតុ​វិទ្យុសកម្ម​មក​ខាងក្រៅនោះដែរ។

ទោះជាយ៉ាងណា​ក៏ដោយ អង្គការ Greenpeace ប្រចាំ​ប្រទេស​បារាំង បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​ជុំវិញ​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​បារាំង ដោយ​បាន​ធ្វើការ​កត់សម្គាល់​ថា នេះ​គឺ​ជា​​អគ្គិភ័យ​លើកទី៣ហើយ ដែល​កើតមាន​​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរបារាំង ក្នុងរយៈពេល ១០ថ្ងៃ​កន្លងទៅនេះ។

គួរបញ្ជាក់ថា បារាំង​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​នុយក្លេអ៊ែរ ដោយ​មាន​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​សរុបដល់​ទៅ ៥៨ ពោលគឺ​ច្រើន​ជាងគេ​លំដាប់ទី២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ រ៉េអាក់ទ័រ​នុយក្លេអ៊ែរទាំង ៥៨ ផលិត​អគ្គិសនី​រហូតដល់​ទៅ ៧៧% នៃ​តម្រូវការ​សរុប​ក្នុង​ប្រទេស។

កាលពីមុន រដ្ឋាភិបាល​តែងតែ​បានលើកឡើង​ពី​គុណប្រយោជន៍​នៃ​ថាមពល​នុយក្លេអ៊ែរ ដោយសារ​តែ​វា​មិនបញ្ចេញ​ឧស្ម័ន​កាបូនិក ដូចជា​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រេង ឬ​ធ្យូងថ្ម។ ក៏ប៉ុន្តែ ចាប់តាំង​ពី​មាន​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ាមក គុណប្រយោជន៍​នៃ​ថាមពល​នុយក្លេអ៊ែរ​តែងតែ​ទទួល​រង​នូវការ​រិះគន់ ហើយ​​សកម្មជន​បរិស្ថាន ក៏ដូចជា​អ្នក​នយោបាយ​​មួយចំនួន តែងតែ​នាំគ្នា​ទាមទារ​ឲ្យ​បារាំង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើថាមពល​នុយក្លេអ៊ែរ ហើយ​ងាក​ទៅ​ធ្វើការ​វិនិយោគ​លើ​ថាមពល​ផ្សេង ដូចជា ថាមពល​ព្រះអាទិត្យ និង​ខ្យល់ ជាដើម ដែល​អាច​ផលិត​អគ្គិសនី​ដោយ​មិន​បំពុល​បរិយាកាស ហើយ​អាច​មាន​សុវត្ថិភាព​ជាង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ