អាកាសធាតុក្តៅខ្លាំងពេក បារាំងបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរ
ដូចបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត បារាំងកំពុងរងអាកាសធាតុក្តៅខ្លាំង ខុសពីធម្មតា តាំងពីជាច្រើនថ្ងៃមកហើយ។ ហើយភាពក្តៅហួតហែងខ្លាំងអាចអូសបន្លាយពេលយូរទៀត។ ប្រឈមនឹងស្ថានភាពក្តៅប្លែកនេះ អាជ្ញាធរបារាំងបានសម្រេចបិទម៉ាស៊ីនប្រតិករនុយក្លេអ៊ែរចំនួន បួនកន្លែង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៤
ម៉ាស៊ីនប្រតិករមួយនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fessenheim នៅភាគខាងកើតប្រទេស ម៉ាស៊ីនប្រតិករពីរ នៅ Bugey ក្បែរទីក្រុងលីយ៉ុង និងមួយទៀត នៅភាគអាគ្នេយ៍នៃប្រទេស ... ជាសរុបមានម៉ាស៊ីនបួន ក្នុងចំណោមម៉ាស៊ីនប្រតិករនុយក្លែអ៊ែរទាំង៥៨របស់បារាំង ត្រូវបានបិទមិនឱ្យដើរ។
ម៉ាស៊ីនប្រតិករមិនខ្លាចក្តៅទេ ! ប៉ុន្តែមូលហេតុនៃការបិទ គឺគេមិនចង់ឱ្យមជ្ឈមណ្ឌលនុយក្លេអ៊ែរ មានចំណែកបង្កើនកម្តៅអាកាសធាតុ។ មជ្ឈមណ្ឌលនុយក្លេអ៊ែរភាគច្រើនតែងមានទីតាំងនៅជិតផ្លូវទឹក ជិតទន្លេ ដើម្បីងាយបូមយកទឹកនោះមកប្រើសម្រាប់បញ្ចុះកម្តៅម៉ាស៊ីនប្រតិករ តែក៏ជាដើមហេតុធ្វើឱ្យប្រភពទឹកនោះឡើងកម្តៅដែរ។
ក្រុមហ៊ុនអគ្គីសនីបារាំង មិនប្រើនិងមិនបណ្តោយឱ្យប្រភពទឹកក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរឡើងដល់កំរិត២៨អង្សារទេ។ ប៉ុន្តែពេលនេះ ជាឧទាហរណ៍ជាក់ស្តែង សីតុណ្ហភាពទឹកនៅក្នុងព្រែកជីកក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរFessenhein បានឡើងជិតដល់កំរិតអតិបរិមាអនុញ្ញាតហើយ ទើបអាជ្ញាធរត្រូវតែសម្រេចបិទម៉ាស៊ីនប្រតិករមួយ និងបន្ថយល្បឿនប្រើប្រាស់ម៉ាស៊ីនប្រតិករមួយទៀតក្នុងមជ្ឈមណ្ឌលដដែល។
ទាក់ទងនឹងផលិតផលអគ្គីសនីវិញ ថ្វីបើគេបានបិទម៉ាស៊ីនប្រតិករចំនួនបួនមែន ប៉ុន្តែផលវិបាកទាក់ទងនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់មានតិចតួចណាស់ ! នៅបារាំង បីភាគបួននៃអគ្គីសនីប្រើប្រាស់ប្រចាំថ្ងៃ បានមកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ។ ប៉ុន្តែនៅសីហា តម្រូវការផ្នែកអគ្គិសនី ចុះទាបជាងមធ្យមភាគប្រចាំឆ្នាំឆ្ងាយណាស់ ព្រោះជាខែឈប់សម្រាកវិស្សមកាល និងពុំសូវមានសកម្មភាពសេដ្ឋកិច្ចដូចខែផ្សេងៗទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ