អានតួអត្ថបទ
ប៉ូឡូញ

ប៉ូឡូញ​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អន្តរជាតិ ស្តី​ពី​អំពើហិង្សា​ទៅលើ​ស្រ្តី

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ កក្កដា​២០២០ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ប៉ូឡូញ បានប្រកាស ថា ប៉ូឡូញ​នឹង​ដកខ្លួន​ចេញពី សន្ធិសញ្ញា​អ៊ីស្តង់ប៊ូល ដែល​មាន​បង្កប់ខ្លឹមសារ មិន​ល្អ បំផ្លាញ សង្គម​ប៉ូឡូញ។ តាម​រដ្ឋមន្រ្តីយុត្តិធម៌​ប៉ូឡូញ ក្រសួង​ការងារ និង​គ្រួសារ នឹង​ចាប់បើក​និតិវិធី នៅ​ថ្ងៃ​ចន្ទ ស្អែក​នេះ ដើម្បី ដកប៉ូឡូញ ចេញពី​សន្ធិសញ្ញា​អន្តរជាតិ ដែល​តាម​ពិត មាន​គោលដៅ បង្ការ ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ទៅលើ​ស្រ្តី។

ប្រជាជន​ប៉ូឡូញ​ជាង​២ពាន់នាក់​ធ្វើ​បាតុកម្ម នៅថ្ងៃ​សុក្រទី ២៤​កក្កដា ដើម្បី​ប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាលដែល​​ចង់ដកប៉ូឡូញពី​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពីការពារ​មនុស្ស​ស្រីពីអំពើហិង្សា
ប្រជាជន​ប៉ូឡូញ​ជាង​២ពាន់នាក់​ធ្វើ​បាតុកម្ម នៅថ្ងៃ​សុក្រទី ២៤​កក្កដា ដើម្បី​ប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាលដែល​​ចង់ដកប៉ូឡូញពី​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពីការពារ​មនុស្ស​ស្រីពីអំពើហិង្សា AFP - WOJTEK RADWANSKI
ផ្សាយពាណិជ្ជកម្ម

នៅពេលប៉ូឡូញ​ផ្តល់​សច្ចាប័ន ចូល​ជា​សមាជិក​របស់​សន្ធិសញ្ញា អន្តរជាតិ ស្តីពីការពារ​ស្រ្តី ពីអំពើហិង្សា នៅ​ឆ្នាំ ២០១៥ ប៉ូឡូញ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​មកពី​រដ្ឋាភិបាល កណ្តាល ពោល​គឺ​សេរី មិន​ជ្រុលនិយម។ ប៉ុន្តែ រដ្ឋាភិបាល​ប៉ូឡូញ សព្វថ្ងៃ មានប្រភព​ចេញមកពី គណបក្ស​អភិរក្ស​ជ្រុលនិយម ដែលស្និទ្ធទៅខាងក្រុម​ក្រុមគ្រិស្តសាសនិក និង​ដែល​ចង់​លើកតម្កើង តម្លៃ​ប្រពៃណី​អប់រំ​របស់​គ្រួសារ​ប៉ូឡូញ បាន​វាយតម្លៃថា សន្ធិសញ្ញា​អន្តរជាតិ ដើម្បី​ការពារស្ត្រី ពីអំពើ​ហិង្សា តាមពិត ដើបញ្ច្រាស​នឹង​តម្លៃ​គ្រួសារ ដែលប្រកាន់​គ្រិស្តសាសនា នៅប៉ូឡូញ។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី យុត្តិធម៌ ប៉ូឡូញ បាន​អះអាងថា ប៉ូឡូញ ត្រូវតែ​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា អ៊ីស្តង់ប៊ូល ព្រោះថា សន្ធិសញ្ញា​បានបំផ្លាញសិទ្ធិអប់រំ​របស់​ឪពុកម្តាយ ដោយបាន​​បើកសិទ្ធិ​ឲ្យ​សាលារៀន​ជាអ្នកបង្រៀន​ក្មេង​ពី​សិទ្ធិស្មើគ្នា រវាង​បុរស និង​ស្រ្តី។ សម្រាប់​រដ្ឋមន្រ្តី​យុត្តិធម៌ ប៉ូឡូញ សន្ធិសញ្ញា​អន្តរជាតិ​ស្តីពីអំពើហិង្សា​ប្រឆាំង​នឹង​ស្រ្តី មាន​បង្កប់​ន័យ​មួយចំនួន​ដែល​មាន​លក្ខណៈ​មនោគមវិជ្ជា។ រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​អភិរក្ស​ជ្រុលនិយម រូបនេះ ធ្លាប់​បាន​និយាយ​សន្ធិសញ្ញា អ៊ីស្តង់ប៊ូល ជា​ការបង្កើតថ្មី បង្កើតចលនាស្រ្តី ដែល​មានគោលដៅ លើកស្ទួយ មនោគមវិជ្ជា​នៃ​មនុស្ស​ស្រឡាញ់ភេទដូចគ្នា។​

មើលទៅ ប្រហែល​ដោយសារ​រឿង ស្រឡាញ់ភេទ​ដូចគ្នា នេះហើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អភិរក្ស​ជ្រុលនិយម​ប៉ូឡូញ ឃ្នើសចិត្ត និង​ចង់​ដកប្រទេស​ចេញពី​សន្ធិសញ្ញា អន្តរជាតិ​ស្តីពី​អំពើហិង្សា​ទៅលើ​ស្រ្តី ព្រោះថា នៅក្នុង​សន្ធិសញ្ញា​មួយនេះ មាន​ចែង ផងដែរពី​ការប្រឆាំង​នឹងការរើសអើង​ផ្លូវភេទ។ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ប៉ុន្មានខែ​មុននេះ លោក​ប្រធានាធិបតី ប៉ូឡូញ Duda​ធ្លាប់បាន​ចាត់ទុក​សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់ភេទដូចគ្នា នេះ ថា ជា​មនោគមវិជ្ជា​ដែល​បំផ្លាញ សង្គម​អាក្រក់​ជាង កុម្មុយនិស្តទៅទៀត។ លោក Duda ​ធ្លាប់បាន​និយាយ​សន្យាហើយថា នៅពេល​លោក​ក្លាយជា​ប្រធានាធិបតី ប៉ូឡូញ នោះលោក​នឹង​ហាមមិន​ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ស្រឡាញ់ភេទដូចគ្នា ហើយនិង​សិទ្ធិ​សុំកូនចិញ្ចឹម​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់ភេទដូចគ្នា​ជាដើម។ ចង់ ឬ​មិន​ចង់ ការជាប់ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី ប៉ូឡូញ រយៈពេល ៥ឆ្នាំ ទៅមុខ​របស់​លោក​Duda គឺ​ជា​សុបិនអាក្រក់ សម្រាប់ មនុស្ស​ស្រី និង​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា នៅប៉ូឡូញ។

កាលពី​ថ្ងៃ​សុក្រ ទី ២៤​កក្កដា ស្រ្តីប៉ូឡូញ រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា នៅ​មុខ​ក្រសួង​ការងារ និង​គ្រួសារ​ប៉ូឡូញ បន្ទាប់​ពី​រដ្ឋមន្រ្តី របស់​ក្រសួងនេះ និយាយ​ប្រាប់​វិទ្យុ​កាតូលិក នៅ​សប្តាហ៍មុន​ពីគម្រោង​ដកប៉ូឡូញ ចេញពី សន្ធិសញ្ញា អន្តរជាតិ ស្តីពី​អំពើហិង្សា​ទៅលើ​ស្រ្តី។ នៅលើ​បដា មាន​សរសេរ​ថា គណបក្ស​របស់​លោកប្រធានាធិបតី Duda គឺ​ជា​ឋាននរក​របស់​មនុស្សស្រី ឬពាក្យ​ស្រែក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ ជាជាង​មក​បំផ្លាញសិទ្ធិមនុស្សស្រី។

តើ​អ្វីទៅ​ជា​សន្ធិសញ្ញា អន្តរជាតិ ស្តីពីអំពើហិង្សា​ប្រឆាំង​នឹង​ស្រ្តី?

សន្ធិសញ្ញា​អន្តរជាតិ ស្តីពីអំពើហិង្សា​ទៅលើ​ស្រ្តី ឬ​ដែលគេ​ហៅថា សន្ធិសញ្ញា​ទីក្រុង​អ៊ីស្តង់ប៊ូល ព្រោះ​វា​ចាប់កំណើត​ឡើង​នៅអ៊ីស្តង់ប៊ូល ក្នុង​ប្រទេស​តួកគី ត្រូវ​បាន​ផ្តួចផ្តើម​គំនិត បង្កើតឡើង ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ឆ្នាំ ២០១១។ ប្រទេស​ប្រមាណ ៤៥​បាន​ចុះ​ហត្ថលេខា ដែល​នៅក្នុង​នោះ មានតែ ៣៤​ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា ប្រទេស​នៅអឺរ៉ុប បាន​ផ្តល់​សច្ចាប័ន។ ប៉ូឡូញ​ជាដើម​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា អ៊ីស្តង់ប៊ូល នៅ​ឆ្នាំ ២០១២ និង​ត្រូវ​រង់ចាំ ៣ឆ្នាំ ក្រោយ ទើប​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ស្តីពីអំពើហិង្សា​ប្រឆាំង​នឹង​ស្រ្តី។

ក្រុមប្រឹក្សា​អឺរ៉ុប​មាន​គំនិត​បង្កើត​សន្ធិសញ្ញា​នេះឡើង បន្ទាប់​ពី​សង្កេត​ឃើញថា ប្រទេស​ជាច្រើន នៅ​អឺរ៉ុប មាន​ច្បាប់ និង​ចាត់​វិធានការ​មិន​ស្មើគ្នា នោះទេ ដើម្បី​ការពារ​សិទ្ធិស្រ្តី។ នៅប្រទេស​អឺរ៉ុប​ខ្លះ ស្រ្តីនៅតែ​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា គ្រប់រូបភាព និង​មាន​សិទ្ធិមិនស្មើ​នឹង​បុរស។

តាមរយៈ សន្ធិសញ្ញា អន្តរជាតិ ស្តីពី​អំពើ​ហិង្សា ទៅលើ​ស្រ្តី ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​ឲ្យ​ប្រទេស​ជាសមាជិក ចូលរួម លើក​កំពស់​សិទ្ធិស្រ្តី និង​ចាត់វិធានការ នានា​ដើម្បី បង្ការទុក​កុំ​ឲ្យ​ស្រ្តី​ធ្លាក់ខ្លួន រងគ្រោះដោយសារ​អំពើហិង្សា។ ជារួម សន្ធិសញ្ញា អ៊ីស្តង់ប៊ូល ប្រៀប​បាន​នឹង​គម្ពី ការពារ មនុស្ស​ស្រី អីចឹង ព្រោះ​វា​ការពារ មនុស្សស្រ្តី ពី​អំពើហិង្សា​គ្រប់ទម្រង់ ដែល​មាន​តាំង​ពី​អំពើហិង្សា ក្នុង​គ្រួសារ អំពើហិង្សា​ផ្លូវភេទ ការរើសអើងជាដើម។ សន្ធិសញ្ញា​អ៊ីស្តង់ប៊ូល​មាន​លក្ខណៈ​ចាប់បង្ខំ ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​សមាជិក​ត្រូវ តែ​ចាត់វិធានការ​ការពារ​ចាំបាច់ មនុស្សស្រី ហើយ​និង​តាមចាប់ ផ្តន្ទាទោស ឧក្រិដ្ឋជន ដៃដល់​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ស្រ្តី។

សន្ធិសញ្ញា​ដ៏ចម្រូងចម្រាស​សម្រាប់​ប្រទេស​មួយចំនួន

តាមការអះអាង​របស់​រដ្ឋមន្រ្តី​យុត្តិធម៌​ប៉ូឡូញ កំណែទម្រង់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ធ្វើ​ឲ្យ​ប៉ូឡូញ​មាន​ច្បាប់ ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ការពារ​មនុស្ស​ស្រីពីអំពើហិង្សា ដោយ​មិនចាំបាច់​ត្រូវការ​សន្ធិសញ្ញា​អន្តរជាតិ អ៊ីស្តង់ប៊ូល។

ដោយពិតទៅ មិនមែន​មាន​តែ​ប៉ូឡូញទេ ដែល ចង់​ដកខ្លួន​ចេញពី​សន្ធិសញ្ញា អ៊ីស្តង់ប៊ូល។ មាន​ប្រទេស​សមាជិក​មួយចំនួន ចង់​ដោះដៃ ចេញ​ពី​សន្ធិសញ្ញា ដែល​គេ​ចាត់ទុកថា ជា​ចម្រូងចម្រាស ប៉ះពាល់​ដល់​តម្លៃគ្រួសារប្រពៃណី​របស់​ប្រទេស។ ប្រទេស​ភាគច្រើន ដែល​មិន​ចូលចិត្ត​សន្ធិសញ្ញា នេះភាគច្រើន​ជា​ប្រទេស​អភិរក្សនិយម ដែល​មិន​គាំទ្រ ផ្តល់​សិទ្ធិសេរីភាព ដល់​មនុស្ស​ស្រឡាញ់ភេទដូចគ្នា ដូចជា​តួកគី ហុងគ្រី ជាដើម។ សភាហុងគ្រី កាលពី​ខែ​ឧសភា​កន្លងទៅ បាន​បោះឆ្នោត មិន​ផ្តល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា បន្ទាប់​ពី​ប្រមុខរដ្ឋាភិបាល ហុងគ្រី​វាយតម្លៃថា សន្ធិសញ្ញា​អន្តរជាតិ​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប មាន​គោលដៅជំរុញ អន្តោប្រវេសន៍​ខុសច្បាប់ ហើយ​និងមនោគមវិជ្ជា​ដែល​បំផ្លាញ និយមន័យ​ភេទ​របស់​មនុស្ស។ ចំណែក​សភា​ស្លូវ៉ាគី​វិញ បាន​បោះឆ្នោត ទាត់ចោល សច្ចាប័ន ក្នុង​ហេតុផលថា សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​អំពើហិង្សា​ទៅលើ​ស្រ្តី មានដើរប្រញ្ច្រាសទិស ផ្ទុយ​ពី​និយមន័យ​អាពាហ៍ពិពាហ៍ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​និយាយ​តែ​ពី​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទផ្សេងគ្នា គឺគ្មាន​មនុស្ស​ដែល​ស្រឡាញ់ភេទដូចគ្នា​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ