អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការឡើងកំដៅ​លើផែនដី​​ជួយ​រំដោះ​ឲ្យ​មេរោគ​កប់​ជាប់​ក្រោមដីកក រាប់លាន​ឆ្នាំ រួចរស់​មានជីវិត​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំងឺ​កូវីដ​១៩​ដែល​បាន​សម្លាប់​មនុស្ស ជាង ៧សែននាក់ និង​នៅមិនទាន់​មាន​វ៉ាក់សាំង ការពារ​នៅឡើយនោះ មាន​ប្រភពចេញមក​ពី​សត្វប្រចៀវ​ពិតមែនហើយ។ គេ​នៅចាំបានថា ​ជំងឺ​ផ្លូវដង្ហើម​កូវីដ បាន​ឆ្លងមក​មនុស្ស លើក​ដំបូង នៅ​ផ្សារលក់​សត្វព្រៃ នៅទីក្រុង វូហាន ប្រទេស​ចិន។ មនុស្ស​អាច​មិនមែន​ជាអ្នកបង្កើត​មេរោគកូរ៉ូណា ដែល​គេ​រកឃើញមាន​ក្នុង​ខ្លួន​សត្វប្រចៀវ ប៉ុន្តែ គឺ​មនុស្ស ដែល​ជា​អ្នកនាំចូល​ទៅ​ពាក់ព័ន្ធនឹង​ជីវិត​សត្វព្រៃ និង​នាំយកមេរោគ មកចូល​ក្នុង​សហគមន៍។ មនុស្ស​ដដែល​នេះ ក៏ជា​បញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ជា​ប្រភព​នៃ​ការប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​អាកាសធាតុ ដែលកំពុងគំរាមកំហែង ធ្វើ​ឲ្យ​ដីកក​ចាប់រលាយ និង​បង្ហើរ បញ្ចេញ មេរោគ រាប់លាន ដែលធ្លាប់​តែ​នៅកកជាប់​ក្រោមដី នៅ​តំបន់ប៉ូល​ខាងជើង។

រូបថត​នៅ​ឆ្នាំ ២០០៩ បង្ហាញ​ដីកក​នៅ​ភាគខាងជើង​ផែនដី​ចាប់ផ្តើម​រលាយ បាក់​ ដោយសារ​ការឡើង​កំដៅ​លើ​ផែនដី
រូបថត​នៅ​ឆ្នាំ ២០០៩ បង្ហាញ​ដីកក​នៅ​ភាគខាងជើង​ផែនដី​ចាប់ផ្តើម​រលាយ បាក់​ ដោយសារ​ការឡើង​កំដៅ​លើ​ផែនដី ASSOCIATED PRESS - Rick Bowmer
ផ្សាយពាណិជ្ជកម្ម

នៅពេល​មនុស្ស​អាច​ប្រឈម នឹង​ជំងឺ បង្កឡើង ដោយ​មេរោគ ដែល​រំដោះខ្លួន​ចេញ​ពី​ក្រោមដីកក​រលាយ ដោយសារ​ការឡើង​កំដៅ​នៃ​ផែនដី។

ការប្រែប្រួល​អាកាសធាតុ​ដោយសារ​សកម្មភាព​របស់​មនុស្ស​អាច​ទៅ​ដាស់ មេរោគ​សម័យបុរេប្រវត្តិ ដែល​នៅកប់ក្រោម​ដីកក​រាប់សតវត្សរ៍​មក​ហើយ ឲ្យ​រស់រាន​មានជីវិត​ឡើងវិញ។ ការប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ជំងឺ​អុតធំ​ដែល​កាចសាហាវ​សម្លាប់​មនុស្ស​ត្រលប់មក​លេចមុខ​រាតត្បាត​សាជាថ្មី។ ការប្រែប្រួល​អាកាសធាតុ​បានអំណោយផល​ឲ្យ​ជំងឺ​គ្រុនឈាម និង​ហ្ស៊ីកា ដែល​ជា​ជំងឺ​នៅតំបន់​ត្រូពិក លេច​មុខ​នៅទឹកដី​អឺរ៉ុបខាងជើង។ ទាំងនេះ​អាច​ជា​សេណារីយ៉ូ ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ផលិត​ខ្សែរឿង​កុន​ភាគ ប៉ុន្តែ វា​ក៏​ជា​រឿង​ដែល​អ្នកវិទ្យាសាស្រ្ត កំពុង​ព្រួយបារម្ភ និង​តាមដាន​វិភាគ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ។

អ្នកវិទ្យាសាស្រ្ត​ជំនាញ​ខាងអតិសុខុមប្រាណ ព្រួយបារម្ភ​មែនទែន ពី​ការរលាយ​ទឹកកក ជាពិសេស ដីកក permafrost នៅ​តំបន់​អាក់ទិក ដែល​តំណាង​ឲ្យ​១ភាគ​៤​នៃ​តំបន់​ប៉ូល​ខាងជើង​នៃ​ផែនដី។ ហេតុអ្វីបានជា​គេ​ត្រូវ​ព្រួយបារម្ភ? តាម​អ្នកជំនាញ ខាង​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ ដី​ដែល​កក​ជា​អចិន្ត្រៃយ៍ ​លាត​សន្ធឹង​ក្នុង​ទឹកដី រុស្ស៊ី កាណាដា និង​អាឡាស្កា របស់​អាមេរិក នឹង​ត្រូវ​រលាយ​មួយផ្នែកធំ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២១០០។ ដីកក​រលាយ នៅ​តំបន់ប៉ូលខាងជើង មិនត្រឹម​តែ​រំដោះ បង្ហើរ​ឧស្ម័នកាបូនិក ឧស្ម័ន​មេតាន ដែល​នឹង​ទៅ​បង្ក​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ និងការឡើង​កំដៅ​លើផែនដី​តែប៉ុណ្ណោះទេ ប៉ុន្តែ ដីកក permafrost ចាប់រលាយ នោះ មេរោគ អតិសុខុមប្រាណ ដែល​នៅ​ជាប់កក តាំង​ពី​រាប់ពាន់​លាន​ឆ្នាំ​មុន ក៏នឹង​អាច​ត្រូវ​រំដោះ​ឲ្យ​រួច រស់រាន​មាន​ជីវិតឡើងវិញ​ដែរ។

លោក Vladimir Romanovsky អ្នកវិទ្យាសាស្រ្ត ជំនាញ​ខាង​ដីកក នៅ​សកលវិទ្យាល័យ​អាឡាស្កា និយាយថា អតិសុខុមប្រាណ អាច​មានជីវិត នៅក្នុង​ទឹកកក ក្នុង​រយៈពេល​ដ៏យូរ។ វិទ្យាសាស្រ្ត​បាន​បង្ហាញហើយថា មេរោគ អតិសុខុមប្រាណ ក៏ដូចជា​គ្រាប់ពូជ​ដែរ។ នៅពេល​គេ​ដាក់​នៅកន្លែង​កក រាប់រយ រាប់ពាន់ឆ្នាំ គឺ​វា​គ្មាន​អ្វីកើតឡើង​ទាល់តែសោះ ប៉ុន្តែ នៅពេល​វា​រងកំដៅ ត្រូវ​ពន្លឺ គ្រាប់ពូជ​ក៏ចាប់ផ្តើម​ដុះមកវិញ។ មេរោគ នៅក្រោមដីកក ក៏​ដូចគ្នា​នោះដែរ។ នៅ​ប្រទេស​បារាំង ក្រុមអ្នកវិទ្យាសាស្រ្ត​បាន​ជោគជ័យ ក្នុង​ការសាកល្បង​ដាស់​មេរោគមួយ ដែល​កប់​នៅក្រោម​ដីកក នៅ​ស៊ីបេរី យ៉ាងហោច​៣ម៉ឺនឆ្នាំ ឲ្យ​មាន​ជីវិត​ឡើងវិញ។ មេរោគ​ដែល​គេ​ដាស់​ឲ្យ​មានជីវិត​អាច​វាយប្រហារ​តែ​អាមីព បុណ្ណោះ ប៉ុន្តែ គេ​ជឿថា នៅមាន​មេរោគផ្សេងទៀត ដែល​អាច​សម្លាប់មនុស្ស​ណេអង់ឌែរតាល់ សត្វដំរី mammouths កាលពីរាប់ពាន់​ឆ្នាំមុននោះ អាច​នៅមានជីវិត និង​កំពុង​កកជាប់​នៅ​ក្រោមដីកក។

មេរោគ នៅកប់​ក្រោមដីកក​ពិតជាមាន និង​មានចំនួន​ច្រើន ដែល​គេ​មិនអាច​គណនា​ដឹង​បាន ប៉ុន្តែ​សំណួរ​សំខាន់​នៅត្រង់​ថា តើ​មេរោគទាំង​នោះ ពិតជា​គ្រោះថ្នាក់​ទាំងអស់ឬ?

នៅត្រង់​ចំណុចនេះ អ្នកវិទ្យាសាស្រ្តនៅ​ខ្វែងគំនិត​គ្នា​នៅឡើយ ប៉ុន្តែ អ្វីដែល​គេ​បាន​ដឹង ច្បាស់គឺ​បាក់តេរី ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង Anthrax ដែល​បាន​បាត់ខ្លួន ៧៥ឆ្នាំ​មកហើយ បាន​លេចចេញ​មក វិញ។ នៅ​ឆ្នាំ ២០១៦ កុមារ​ម្នាក់ នៅ​ស៊ីបេរី បាន​ស្លាប់ ដោយសារ​ជំងឺAnthrax តាមរយៈ​ការឆ្លង​ពី សាកសព​សត្វប្រើស​ដែល​លេចត្រដែត​លើដី នៅក្រោយ ទឹកកក​រលាយ។

ក្រៅពី​Anthrax គេដឹងដែរ​ថា មេរោគ គ្រុនផ្តាសាយ ឆ្នាំ ១៩១៧ និង​មេរោគ​បង្ក​ជំងឺអុតធំ ក៏​ធ្លាប់​មានប្រភព​ចេញមក​ពី​សាកសព​ដែល​ធ្លាប់​កប់​នៅក្រោមដីកកដែរ។ សំណាងល្អ គេ​បាន​រកឃើញ​វ៉ាក់សាំង សម្រាប់​ការពារ​ពីជំងឺ​រាតត្បាត​សម្លាប់មនុស្ស​ដូចជា​អុតធំ។

សម្រាប់​ជំងឺរាតត្បាត​កូវីដ ដែល​កើត​ចេញមកពី​សកម្មភាព​របស់​មនុស្ស​ទៅ​ពាក់ព័ន្ធ​ជាមួយ​សត្វព្រៃ គេ​នៅតែ​មិនទាន់​វ៉ាក់សាំង សម្រាប់​ការពារ​បាន​នៅ​ឡើយ។ ការប្រែប្រួល​អាកាសធាតុ ដែល​កើតចេញ​មក​ពី​សកម្មភាព​របស់​មនុស្ស អាច​ទៅជួយ​ដាស់​មេរោគ ដែល​នៅជាប់​ក្រោម​ដីកក ឲ្យ​មានជីវិត​ឡើងវិញ។ មេរោគ គ្រោះថ្នាក់​ប៉ុណ្ណានោះ គេ​នៅមិនទាន់​ដឹងច្បាស់​លាស់​នៅឡើយទេ។ ប៉ុន្តែ អ្វីដែល​អ្នកជំនាញ​បានកត់សំគាល់​ឃើញរួចហើយនោះ គឺ ការប្រែប្រួល​អាកាសធាតុ កំពុង​ជួយ​សម្រួល​បើក​ផ្លូវ​ឲ្យ​ ជំងឺ​គ្រុនឈាម ជំងឺ​ឈីក Chikungunya គ្រុនចាញ់ ឬ​ហ្សីកា​កាន់តែ​រាតត្បាត​លើ​ផែនដី។

ជំងឺ​ដែល​បង្ក​ឡើង​ដោយ​សត្វ​មូស និង​ធ្លាប់​តែ​មាន​នៅតំបន់ត្រូពិក នៅអាស៊ី​ភាគខាងត្បូង ឬ​នៅ​អាមេរិក​ឡាទីន ពេលនេះ ស្រាប់តែ​មានវត្តមាន ស្ទើរ នៅ​គ្រប់​តំបន់​អឺរ៉ុប​ខាងត្បូង ដែល​កំពុង​ចាប់មាន​កំដៅ សីតុណ្ហភាព ប្រហាក់ប្រហែល​នឹង​តំបន់​ត្រូពិក។ អ្នកជំនាញ​សុខភាព​កាន់តែ​ព្រួយបារម្ភ​ខ្លាចថា ជំងឺ​គ្រុនឈាម ឬ​ឈីក​​អាច​រាតត្បាត​ចូល​ទៅបណ្តា​ប្រទេស​អឺរ៉ុប​ខាងជើង ព្រោះថា សត្វមូស​ខ្លា​ដែល​ជាអ្នកចម្លង​មេរោគគ្រុនឈាម​កាន់តែ​អាច​ផ្សាំខ្លួន​រស់នៅ​បាន​នឹង​អាកាសធាតុ​ត្រជាក់។

ជាទូទៅ សម្រាប់​ជំងឺ​ត្រូពិក ដូចជា​គ្រុនឈាម គ្រុនចាញ់ ឬ​ហ្សីកា គេ​មានការបារម្ភ ដោយសារ​តែ​ឃើញ​មាន​វត្តមាន​របស់​ភ្នាក់ងារ​ចម្លង​ដូចជា​សត្វមូស ប៉ុន្តែ គេ​នៅ​មិនទាន់​ឃើញ​មាន​ការចម្លង​ជំងឺអ្វីធំដំ​នោះទេ។ សម្រាប់​អ្នកជំនាញ​ខាង​អាកាសធាតុ នេះគ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។ ដំណាក់កាល​បន្ទាប់​ពីនេះ អាច​ថា ការប្រែប្រួល​អាកាសធាតុ​ជួយ​ទៅ​បង្កើន​ល្បឿន​ធ្វើ​ឲ្យ​ដីកក​ចាប់រលាយ ប្រៀបបាន​នឹង​ការបើកប្រអប់ ដោះលែង​មេរោគ​ផ្សេងទៀតដូច្នេះដែរ។ មេរោគ ដែល​ត្រូវការ​មូស សម្រាប់​ធ្វើ​ជា​ភ្នាក់ងារ​ចម្លង ទៅ​មនុស្ស។ នោះហើយ​គឺជារឿង​ដ៏​អាក្រក់ និង​ខ្មៅងងឹត​បំផុត សម្រាប់​អនាគត មនុស្ស​លើ​ផែនដី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ