អានតួអត្ថបទ

បារាំងក្លាយ​ជា​ប្រទេស​អឺរ៉ុប​ទី១ ​ដែល​មាន​ករណី​ឆ្លងជំងឺកូវីដ ច្រើន​បំផុត ជិត ៦ម៉ឺននាក់​ក្នុង​មួយថ្ងៃ

នៅប្រទេស​បារាំង ករណី​ឆ្លងរាលដាល​ជំងឺ​កូវីដ​បាន​កើនឡើង​យ៉ាងឆាប់រហ័ស រហូត​ធ្វើ​ឲ្យ​បារាំង​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូងគេ​ដែល​មានករណីឆ្លងជំងឺកូវីដ​ច្រើន រហូត​ដល់​១,៦លាននាក់។ អាជ្ញាធរ​សុខភាព​បារាំង​បានទទូចសុំ ជាថ្មីម្តងទៀត ឲ្យ​ប្រជាជន​បារាំង​គោរព វិធានការ​បិទខ្ទប់​ទីក្រុង ដើម្បី​កាត់បន្ថយ ករណី​ឆ្លងរាលដាល​ជំងឺកូវីដ ហើយ​និង​ការដាក់​សម្ពាធ នៅ​មន្ទីរពេទ្យ។

បុគ្គលិកពេទ្យ​នៅ​​ទីក្រុង​Vannes ភាគពាយ័ព្យ បារាំង​ទទួល​យក​អ្នកជំងឺ​កូវីដ ដែល​ដឹកពីខេត្ត​ភាគខាងត្បូង​បារាំង កាលពី​ថ្ងៃ ២​វិច្ឆិកា ២០២០
បុគ្គលិកពេទ្យ​នៅ​​ទីក្រុង​Vannes ភាគពាយ័ព្យ បារាំង​ទទួល​យក​អ្នកជំងឺ​កូវីដ ដែល​ដឹកពីខេត្ត​ភាគខាងត្បូង​បារាំង កាលពី​ថ្ងៃ ២​វិច្ឆិកា ២០២០ REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

រលកទី២​នៃជំងឺរាតត្បាត​កូវីដ ១៩ បោកសន្ធប់ និង​លឿនខ្លាំងនេះ។ នេះជា​ការវាយតម្លៃ របស់​អគ្គនាយកសុខភាព​បារាំង លោក​Jérome Salomon នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការវិវឌ្ឍ​នៃជំងឺកូវីដ ១៩​ក្នុង​ទឹកដីបារាំង ។ តាម​អគ្គនាយក​សុខភាព​បារាំង តួលេខ​នៅថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​ថា ក្នុងរយៈពេល តែ​២៤ម៉ោង  អ្នកឆ្លងកូវីដ​ថ្មី មានដល់ទៅ ជិត ៦ម៉ឺននាក់ (៥៨០០០នាក់) គឺ​ជា​ចំនួន​ដ៏ច្រើន មិនធ្លាប់​មាន​ពីមុនមក រហូត​ធ្វើ​ឲ្យ​បារាំង ដែល​មាន​ចំនួន​អ្នកឆ្លងកូវីដ សរុប ជាង ១លាន ៦សែននាក់ ក្លាយ​ជា​ប្រទេស​អឺរ៉ុបទី​១​ដែល​មាន​ចំនួន​អ្នកឆ្លងកូវីដ​ច្រើន។

ករណីឆ្លងកូវីដ​បានកើនឡើង យ៉ាង តិច ៤ម៉ឺននាក់​ក្នុង​មួយថ្ងៃៗ នៅបន្ទាប់ពី​បារាំង បានបង្កើន​ការធ្វើតេស្ត លើ​មនុស្ស​ច្រើនជាង ១លាននាក់ ក្នុង​មួយសប្តាហ៍។ និន្នាការកើនឡើង​នៃ​តេស្តវិជ្ជមាន ជំងឺកូវីដ កំពុង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​មន្ទីរពេទ្យ​បារាំង ដែល​មាន​គ្រែ​សម្រាប់​អ្នកជំងឺធ្ងន់ធ្ងរ ច្រើនបំផុត ១ម៉ឺន គ្រែ នៅទូទាំងប្រទេស។

តាម អគ្គនាយក​សុខភាព​បារាំង លោក​Jérome Salomon នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ នៅក្នុងរយៈពេល​តែ​២៤ម៉ោង មន្ទីរពេទ្យ​បាន​ទទួល​អ្នកជំងឺកូវីដ​ថ្មី ជិត ៣ពាន់នាក់ ចំណែកអ្នកជំងឺ ៤៤៧​នាក់ ត្រូវ​បញ្ជូន​ទៅ កាន់បន្ទប់​សង្រ្គោះ​បន្ទាន់ ដែល​ធ្វើ​ឲ្យ​ចំនួនអ្នកជំងឺ​នៅ​បន្ទប់​សង្រ្គោះបន្ទាន់​មានចំនួន​កើនឡើង​ដល់ ជាង ៤ពាន់នាក់។ តាម​លោក​Jérome Salomon ដដែល អ្នកជំងឺម្នាក់ ក្នុង​ចំណោម ៤នាក់ មិនអាច​រួចរស់ជីវិត នៅក្រោយ ពេល​ទៅដល់​បន្ទប់សង្រ្គោះបន្ទាន់។ នៅបារាំង មនុស្ស​ជិត ៤០០​នាក់​បាន​ស្លាប់​ដោយសារ​កូវីដ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ដែល​ធ្វើ​ចំនួន​មនុស្ស​ស្លាប់​សរុប មានចំនួន ជាង ៣៨ ០០០នាក់។

ប្រឈម​នឹង​រលកទី​២​នៃជំងឺកូវីដ ដែល​កាចសាហាវ​ខ្លាំង និង​អាច​យូរអង្វែង បើប្រៀបធៀប​នឹង​រលក​ទី ១ កាលពី​ខែ​មីនា​កន្លងទៅ រដ្ឋមន្រ្តី​សុខាភិបាល​បារាំង លោក​Olivier Véran បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង ចូលរួម គោរព​ឲ្យ​បាន​ម៉ត់ចត់ វិធានការ​បិទខ្ទប់​ទីក្រុង​ជាលើកទី​២ ដែលលោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ សប្តាហ៍មុន។

ដោយ​ពឹងផ្អែក​លើ​របាយការណ៍​របស់​វិទ្យាស្ថាន ប៉ាស្ទ័រ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​បារាំង បានអះអាងថា បើសិនគេគោរព​វិធានការ​បិទទីក្រុង​ឲ្យ​បាន​១០០ភាគរយ នោះ គេ​សង្ឃឹមថា ចំនួន អ្នកជំងឺ នៅ​បន្ទប់​សង្រ្គោះបន្ទាន់ នឹង​កើនឡើង​ខ្ពស់​បំផុត នៅត្រឹម ៦ពាន់នាក់ នៅ​ពាក់កណ្តាល​ខែ វិច្ឆិកា។ ប៉ុន្តែ បើសិន​គេ​មិន​ធ្វើ​អ្វីសោះ មិន​គោរព​វិធានការ​របស់រដ្ឋាភិបាល នោះ អ្នកជំងឺ​ធ្ងន់ធ្ងរ ដែលត្រូវ​ចូលបន្ទប់សង្រ្គោះបន្ទាន់ នឹង​កើនដល់ ៩ពាន់នាក់ ដែលនឹង​ធ្វើ​ឲ្យ​មន្ទីរពេទ្យ ត្រូវច្រាលចល់​អ្នកជំងឺ លែង​មាន​គ្រែ គ្រប់គ្រាន់ សម្រាប់​ដាក់​អ្នកជំងឺ នៅ​ពាក់កណ្តាល​ខែ វិច្ឆិកា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ