អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់​និងទីភ្នាក់ងារ​បរិមាណូអន្តរជាតិ​រកឃើញ កិច្ចព្រមព្រៀង នៅ ២ថ្ងៃ​មុន​ឱសានវាទ​របស់​សភាអ៊ីរ៉ង់

បន្ទាប់ពីចរចា យ៉ាងស្វិតស្វាញ​នៅទីក្រុង​តេហេរ៉ង់ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ និង​ភាគី​អ៊ីរ៉ង់ បាន​រកឃើញ​កិច្ចព្រមព្រៀង​មួយ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ កិច្ចព្រមព្រៀង​ដែល​នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​អន្តរជាតិ​តាមដាន​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដូចមុន ធ្វើឡើង នៅ​២​ថ្ងៃ មុន​ឱសានវាទ​របស់​សភាអ៊ីរ៉ង់។ 

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់  Mohammad Javad Zarif(ឆ្វេង) និង​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិRafael Grossi  (ស្តាំ) នៅក្នុង​ការចរចា​នៅថ្ងៃ​ទី ២១ កុម្ភៈ ២០២១ នៅទីក្រុង​តេហេរ៉ង់
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif(ឆ្វេង) និង​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិRafael Grossi (ស្តាំ) នៅក្នុង​ការចរចា​នៅថ្ងៃ​ទី ២១ កុម្ភៈ ២០២១ នៅទីក្រុង​តេហេរ៉ង់ VIA REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ជាមួយ រដ្ឋាភិបាល​អ៊ីរ៉ង់ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ បាន​រកឃើញ​កិច្ចព្រមព្រៀង​យ៉ាង​ប្រផិតប្រផើយបំផុត​ ព្រោះ​ថា នៅតែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ច្បាប់ថ្មី របស់​សភា​អ៊ីរ៉ង់ នឹង​ដាក់កំហិត កាត់បន្ថយ ការចូលត្រួតពិនិត្យ​របស់​មន្រ្តីទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ របស់អង្គការ​សហប្រជាជាតិ នៅ​តាម​ទីតាំង នុយក្លេអ៊ែរ ក្នុងទឹកដី អ៊ីរ៉ង់។

ទៅតាម​ច្បាប់​ថ្មី​របស់​សភា អ៊ីរ៉ង់ ចាប់តាំង ពី​ថ្ងៃ​ទី​២៣​កុម្ភៈ ស្អែក​តទៅត ទីភ្នាក់ងារ ថាមពល​បរិមាណូអន្តរជាតិ មិនអាច​ចូល​ត្រួតពិនិត្យ ទីតាំងដែល សង្ស័យ ថា មាន​អភិវឌ្ឍ​សកម្មភាព​នុយក្លេអ៊ែរ​យោធានោះទេ បើសិន​ជា​អាមេរិក​មិន​ព្រម​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអ៊ីរ៉ង់ ជាមុន​នោះ​ទេ។

សម្រាប់​ប្រធានទីភ្នាក់ងារ ថាមពល​បរិមាណអន្តរជាតិ កិច្ចព្រមព្រៀង កាលពី ថ្ងៃ​អាទិត្យ គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន មានរយៈពេល ៣ខែ ដែល​នៅ​ក្នុង​នោះ អ៊ីរ៉ង់​អាច​ផ្លាស់ប្តូរ​ចិត្ត​បាន​គ្រប់ពេលវេលា។ ប៉ុន្តែ យ៉ាងហោចណាស់ វា​ជា​កិច្ចព្រមព្រៀង បន្ទាន់ ដែលគេ ត្រូវការ​ចាំបាច់​ដើម្បី​តាមដាន​ឲ្យបាន​ជាប់ជានិច្ច​សកម្មភាព​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។

តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ មាន​សិទ្ធិ​ចូលត្រួតពិនិត្យ រោងចក្រ និង​ទីតាំង​យោធា​ជាច្រើន ដើម្បី​ធានា​ថា អ៊ីរ៉ង់ គ្មាន​ធ្វើ​សកម្មភាព​លួចលាក់​ដើម្បី ផលិត​អាវុធ​នុយក្លេអ៊ែរ។

ប៉ុន្តែ នៅក្រោយ​លោកដូណាល់ ត្រាំ ដក​អាមេរិក​ចេញពីកិច្ចព្រមព្រៀង​នៅ ឆ្នាំ ២០១៨ អ៊ីរ៉ង់ បាន​ដោះដៃ បន្តិចម្តងៗ លែង​គោរព​តាមការសន្យា ក្នុង​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥ តទៅទៀត។

ថ្មីៗនេះទៀត សភា​អ៊ីរ៉ង់​បាន​បោះឆ្នោត ទាមទារ​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​សកម្មភាព​ចូលត្រួតពិនិត្យ​របស់​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ។ តាម​អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi នៅក្រោយ​ច្បាប់​ថ្មី​ចូលជាធរមាន អ៊ីរ៉ង់មិនដកខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​ទេ ប៉ុន្តែ សកម្មភាព​ត្រួតពិនិត្យ​របស់ទីភ្នាក់ងារ​អន្តរជាតិ​នឹង​ត្រូវ​កាត់បន្ថយ ប្រមាណ ២០%។ មួយវិញ​ទៀត អ៊ីរ៉ង់ នឹង​មិន​ផ្តល់​ព័ត៌មាន​លម្អិត ដូចជា​រូបភាព​វីដេអូ ស្តីពី​សកម្មភាព និង​គ្រឿងបរិក្ខារ នៅតាម​ទីតាំងជាច្រើន ដូចមុននោះទេ ដរាបណា​អាមេរិក​មិនព្រម​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់ ក្នុង​រយៈពេល ៣ខែ​ទៅមុខ។

ចាប់តាំង​ពី​លោកចូ បៃដិន​ចូលកាន់អំណាច អាមេរិក​បាន​បង្ហាញ​ចេតនា​ចង់​ត្រលប់​មក​ចូល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឡើងវិញ។ ប៉ុន្តែ ភាគី​ទាំងពីរ ទាំង​អ៊ីរ៉ង់ និង​អាមេរិក ប្រចាំគ្នា ដោយ​អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​ជាមុន​សិន ទើប​ខ្លួន​ត្រលប់​មក​គោរព​កិច្ចសន្យា​ដូចដើម។ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន អាមេរិក​បាន​យល់ព្រម​តាម​សម្ព័ន្ធមិត្ត​អឺរ៉ុប ដែល​ចង់​ឲ្យ​មាន​ការចរចា ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​ភាគី​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ